សេដ្ឋកិច្ច

ក្រសួង​សាធារណការ ប្រើប្រាស់​ម៉ាស៊ីន​រ៉ូ​បូត​លើកដំបូងជំនួស​មនុស្ស ដើម្បី​ត្រួតពិនិត្យ​ប្រព័ន្ធលូ​

​សៀមរាប​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​ប្រើប្រាស់​សាកល្បង​ម៉ាស៊ីន​រ៉ូ​បូត​ទំនើប​ជំនួស​មនុស្ស ក្នុងការ​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ​។ ម៉ាស៊ីន​នេះ​នឹង​បង្ក​ភាពងាយស្រួល ដល់​មន្ត្រី​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ​នានា​។​

​ការប្រើប្រាស់​នូវ​ម៉ាស៊ីន​រ៉ូ​បូត​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ នេះ​ជា​បច្ចេកវិទ្យា​ទំនើប​មានភ្ជាប់ ជាមួយ​កាមេរ៉ា​អាច​មើលឃើញ​ស្ថាន​ភា​ជាក់ស្ដែង​ប្រព័ន្ធ​លូ​ផ្ទៃ​ខាងក្នុង ការកកស្ទះ ឬ​ការខូចខាត ដើម្បី​ចាត់វិធានការ​ដោះស្រាយបាន​ទាន់ពេលវេលា​។​

ម៉ាស៊ីន​រ៉ូ​បូត​សម្រាប់​ត្រួតពិនិត្យ​ប្រព័ន្ធលូ​

​ក្នុងឱកាស​ចុះ​ពិនិត្យមើល​ស្ថានភាព​ច្រាំង​ស្ទឹង​សៀមរាប និង​បណ្តាញ​លូទឹក​ភ្លៀង លូទឹកកខ្វក់ នៅក្នុង​ក្រុង​សៀមរាប​ នា​ពាក់កណ្តាល​សប្តាហ៍​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ម៉ាស៊ីន​ត្រួតពិនិត្យ​កាកសំណល់​កខ្វក់​ក្នុង​លូ​ដ៏​ទំនើប​នេះ អាច​បញ្ជា​បាន​ប្រវែង​២០០​ម៉ែត្រ​ចូលក្នុង​លូ ដោយ​លូទឹក​ភ្លៀង​ដាក់​កង់​ធំ ហើយ​លូទឹកកខ្វក់ ប្រើ​កង់​តូច​។ ក្រោយពេល​ដាក់​ម៉ាស៊ីន​ចូលក្នុង​លូ​ហើយ ម៉ាស៊ីន​នោះ​វា​បានបង្ហាញ កាកសំណល់​នៅក្នុង​លូ ព្រមទាំង​មើលឃើញ​កន្លែង​អ្នក​លួច​ចោះ​លូ​ផងដែរ ដោយ​បង្ហាញឱ្យឃើញ​តាមរយៈ​នៅលើ​អេក្រង់​អាយ​ផេ​ត​។​

លោក​បាន​បន្ដថា “​ឧបករណ៍​ម៉ាស៊ីន​ទំនើប​នេះ មានប្រើ​លើកដំបូង​នៅ ក្នុងប្រទេស​កម្ពុជា មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ការពិនិត្យ​មើល​ក្នុង​លូ ដែល​បាន​ជំនួស កម្លាំង​មនុស្ស​ចូលក្នុង​លូ​។ នៅពេល​ម៉ាស៊ីន​នេះ​បង្ហាញ​ពី​កាកសំណល់​នៅក្នុង​លូ ដែល​ធ្វើឱ្យមាន​ការកក​ស្ទះ ហើយ​យើង​ក៏មាន​រថយន្ដ​បាញ់​លាង​កាកសំណល់​ក្នុង​លូ បាន​យ៉ាង​ល្អ ដោយ​ប្រើ​ទុយ​យោ​បូ​ប​ទឹក​ចេញពី​ក្នុង​លូ​ផងដែរ​”​។​

លោក​បន្ថែមថា “​នៅក្នុងពេល​សាកល្បង​នេះ ឃើញថា នៅក្នុង​លូ​នៅតាម ទីតាំង មួយចំនួន​ត្រូវបាន​ប្រជាពលរដ្ឋ​ចាក់​កាកសំណល់​ខ្លាញ់​​ចូល ការដាំ​សណ្តែក​ធ្លាក់ចូល​លូ កន្លែង​ខ្លះ​ក៏មាន​ការ​លួច​ភ្ជាប់​បណ្តាញ​លូ​ដោយ​មិនមាន​ការអនុញ្ញាត​ជាដើម ដែល​ទង្វើ​បែបនេះ បានធ្វើឱ្យ​ស្ទះ​ដល់​លំហូរ​ទឹក​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​”​។​

លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ទទូច​សុំ​ដល់​ប្រជាពលរដ្ឋ​ទាំង អស់​ឱ្យ​ចូលរួម​ថែរក្សា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​នេះ និង​ជួយ​សម្អាត​ឱ្យបាន​ស្អាត​ផង​។ លោក​ថា “​មុខផ្ទះ​យើង​បើ​យើង​មិន​សម្អាត តើ​ឱ្យ​អ្នកណា មក​សម្អាត​?”​៕ដោយៈសិរីមតី