សេដ្ឋកិច្ច

ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា កើនឡើង​គួរឱ្យកត់សម្គាល់

​ភ្នំពេញ​៖​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ដោយ​ក្នុង​រយៈពេល​៧​ខែ ក្នុង​ឆ្នាំ​២០២២​មាន​រថយន្ត​អគ្គិសនី​សរុប​ចំនួន​៣០៥​គ្រឿង​បាន​ចុះបញ្ជី ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១​មានការ​កើនឡើង​ប្រមាណ​១៨០៦%​។​នេះ​បើតាម​ការលើកឡើង​រប​ស់ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Station) ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​៖​ការកើនឡើង​នូវ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នេះ ជាការ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការយល់ដឹង និង​ការគាំទ្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​លើ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​។

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា​៖​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​មានគុណ​សម្បត្តិ​ល្អ​ច្រើនជាង​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ ដោយ​ពន្ធ​នាំចូល​លើ​រថយន្ត​អគ្គិសនី​នេះ​មានតម្លៃ​ទាប​ជាង​ពន្ធ​នាំចូល​នៃ​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ ម្យ៉ាងវិញទៀត​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ចំណេញ​ថាម​ពល​​ច្រើនជាង​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ​ដល់​ទៅ​៣​ដង ចំណែក​ការជួសជុល​ថែទាំ​មានការ​ចំណាយ​តិច​ដោយ​សារ​គ្រឿងបន្លាស់​រថយន្ត​អគ្គិសនី​មាន​ចំនួន​តិច ជាពិសេស​ជាងនេះទៀតការប្រើប្រាស់​រថយន្ត​អគ្គិសនី​មិន​បំ​ភាយ​ឧស្ម័ន​ពុល​ទៅក្នុង​បរិយាកាស និង​មាន​សំឡេង​​ស្ងាត់​ល្អ​ផងដែរ​។​

​លោក​ស៊ុន ចាន់ថុលបាន​បន្ថែមថា​៖​រាជរដ្ឋាភិបាល​បាននិងកំពុង​រៀបចំតាក់តែង​លិខិតបទដ្ឋាន​គតិយុត្ត គោលនយោបាយនិង​យុទ្ធ​សាស្ត្រ​​ជាតិ​សម្រាប់​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា និង​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​វិនិយោគ​លើ​ការដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​ឱ្យបាន​ទូលំទូលាយ​នៅ​ទូទាំងប្រទេស ជាពិសេស​នៅតាម​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​​ដើម្បី​ធានាបាន​នូវ​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​យានយន្ត​បាន​គ្រប់ពេលវេលា​។

​​គិត​ត្រឹម​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ ក្រសួង​បានដាក់​ឱ្យ​ដំណើរការ​នូវ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គីសនី​បាន​ចំនួន​៣​ទីតាំង ក្នុង​នោះ​៖ ទីតាំង​ទី​១​ស្ថិតនៅក្នុង​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទីតាំង​ទី​២​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២​កន្លងទៅ និង​ទីតាំង​លើក​ទី​៣​ស្ថិតនៅក្នុង​ក្រុង​សៀមរាប នាពេលនេះ​។ ក្រសួង​នឹង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​ទី​៤ នៅ​ខេត្តបាត់ដំបង ដែលជា​ជំនួយ​របស់​អង្គការ UNDP ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ឱ្យបាន​ច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ដោយៈសិរីមតី