កីឡា

Conte ថា Spurs មិនសមចាញ់ Sporting នោះឡើយ

លោក Antonio Conte ហាក់មិនអស់ចិត្តនោះឡើយ ដែលក្រុម Tottenham Hotspur (Spurs) ប្រកួតចាញ់ក្រុម Sporting CP តែបានលើកឡើងថា ការរងបរាជ័យរបស់ពួកគេនេះ គឺជាការរំឭកពីភាពចន្លោះប្រហោងផ្នែកខ្លះ ដែលនាំឱ្យមានកំហុស សម្រាប់ការប្រកួត នៅក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃអង្គារនេះ។

ក្រុម Spurs មានកម្រិតទាបជាង ក្នុងការប៉ះជាមួយក្រុមគូបដិបក្ខ Sporting ប្រចាំពូល D របស់ពួកគេនេះ តែមើលទៅហាក់បានត្រៀមខ្លួនបែងចែកពិន្ទុរួចជាស្រេច ពីការលេងមិនសូវល្អរបស់ខ្លួន ក្នុងហ្គេម នៅកីឡដ្ឋាន Estadio Jose Alvalade នេះ។

តែគ្រប់យ៉ាងកើតឡើងត្រឹមតែ ១ប៉ប្រិចភ្នែក ដោយការតែតបាល់បញ្ចូលទីនៅនាទីទី៩០+១ របស់កីឡាករ Paulinho ពីជ្រុងក្បែរបង្គោលទី និងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីកីឡាករ Arthur Gomes នៅនាទីទី៩០+៣ បានផ្តល់ឱ្យក្រុមម្ចាស់ផ្ទះ Sporting នូវជ័យជម្នះ ដែលជាការផ្ដល់ការខកចិត្តយ៉ាងខ្លាំងដល់ក្រុមយក្សទៅពីអង់គ្លេស។

ឥឡូវនេះ ក្រុម Spurs មានការងារជាច្រើន ដែលត្រូវធ្វើ ក្នុងការប្រកួតទាំង ២លើកនាពេលបន្ទាប់ជាមួយក្រុម Eintracht Frankfurt បន្ទាប់ពីមិនអាចសម្រេចបាននូវលទ្ធផល ដែលលោក Conte មិនបានចាត់ទុកថា ជាការឆ្លុះបញ្ចាំងពីទម្រង់លេងរបស់ក្រុមលោកនោះឡើយ

លោក Conte បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ខ្ញុំគិតថា ការប្រកួត ក្នុវគ្គទី ១ គឺស្ថិតនៅក្នុងភាពប្រដំត្រសងគ្នា។ ហើយបើនិយាយតាមត្រង់ទៅ ក្នុងវគ្គទី២ យើងមានអារម្មណ៍ថា មានឱកាសទទួលបាន ៣ពិន្ទុ និងឈ្នះការប្រកួតនេះ។ យើងមានឱកាសស៊ុតបញ្ចូលទី តែចុងក្រោយ យើងកំពុងនិយាយពីការចាញ់ទៅវិញ។ ខ្ញុំគិតថា ប្រហែលជាយើងមិនសមនឹងឈ្នះទេ តែក្នុងពេលជាមួយគ្នា យើងក៏មិនសមនឹងចាញ់ទេ ក្នុងការប្រកួតយប់នេះ»។

«កម្រិត Champions League គឺខ្ពស់ណាស់។ អ្នកត្រូវដឹងថា អ្នកត្រូវតែកាត់បន្ថយកំហុស ព្រោះនៅទីបំផុត អ្នកអាចនឹងខាតបង់ ដោយសារកំហុសនោះ។ យប់នេះ យើងខាតបង់ច្រើនណាស់»។ លោក Coonte បានបន្ថែម៕