សេដ្ឋកិច្ច

អាកាសយានដ្ឋាន​ថ្មី​ខេត្តសៀមរាប ស្ថាបនា​បាន​ជាង​៤០​ភាគរយ​

​សៀមរាប​៖​ក្រុមការងារ​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដឹកនាំ​ដោយ​លោក ម៉ៅ ហាសវណ្ណាល់ រដ្ឋមន្ដ្រី​ទទួលបន្ទុករដ្ឋលេខាធិ កា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​បាន​ចុះ​ពិនិត្យ​សមិទ្ធិផល​មួយចំនួន​នៃ​ព្រលាន​អន្ដរជាតិ​ថ្មី​នៅ​ខេត្ដ​សៀមរាប​កាលពី​ពាក់កណ្តាល​សប្តាហ៍​ឆ្នាំ​២០២២​។​

​ព្រលានយន្ដហោះ​អន្ដរជាតិ​នៅក្នុង​ទឹកដី​ស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប ដែល​កំពុង​សាងសង់​ថ្មី​នោះ​គឺ​បានសំរេច​ប្រហែល​៤២​ភាគរយ​ហើយ​ក្នុងចំណោម សមិទ្ធិផល​ទាំងអស់​។​

​រដ្ឋលេខាធិការ​រដ្ឋា​ន​ប្រចាំការ​អាកាសចរណ៍​ស៊ីវិល លោក ជា អូន មានប្រសាសន៍ថា ក្រុមការងារ​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដែល​ចុះមក​ពេលនេះ គឺ​ដើម្បី​ត្រួតពិនិត្យ​បច្ចេកទេស ទៅលើ​ឃ្លាំង​សាំង​យន្ដហោះ ផ្លូវរ​ត់របស់​យន្ដហោះ កន្លែង​បំពាក់​ឧបករណ៍​នាំ​ផ្លូវ​យន្ដហោះ​ចុះចត កន្លែង​បំពាក់​ឧបករណ៍​នាំ​ផ្លូវ​ហោះ​ពី​ចំងាយ និង​ពិនិត្យមើល​អគារកុងត្រូល​​ដែលមាន​កំពស់​១៧៦​ម៉ែត្រ​ស្មើ​១៣​ជាន់ ដើម្បីឱ្យ​ប្រាកដថា​រាល់​ការបំពាក់​ឧ​បរ​ណ៍​ទាំងនេះ​ធ្វើឡើង​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​អាកាសចរណ៍​កម្ពុជា​ផង និង​អន្ដរជាតិ​ផង​។​

 

​ក្រៅពី​ចុះ​ពិនិត្យ​ការបំពាក់​ឧបករណ៍​នានា​សម្រាប់ ផ្លូវ​យន្តហោះ​ក្រុមការងារ​ក៏បាន​ពិនិត្យមើល​កន្លែង​បំពាក់​រ៉ា​ដា​សម្រាប់​មើល​យន្ដហោះ​ឆ្លងកាត់​ប្រទេស​កម្ពុជា ពិនិត្យមើល​ការសាងសង​​់សំណង់ និង​នៅ​កន្លែង​ការដ្ឋាន​ផ្សេងៗ​ទៀត​ដែរ​។​

​មន្ត្រីជាន់ខ្ពស់​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ឱ្យដឹងថា នៅ​ដំណាច់ឆ្នាំ​២០២២​នេះ ក្រុមហ៊ុន​នឹង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ឱ្យសម្រេចបាន​ជាង​៧០​ភាគរយ​បន្ថែមទៀត ដើម្បី​ឱ្យទាន់​ការហោះហើរ​សាកល្បង​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៣​។​

​ពេលបច្ចុប្បន្ន​នេះ សមិទ្ធិផល​ដែល​សម្រេចបាន​រួចហើយ​មានដូចជា ផ្លូវរ​ត់របស់​យន្ដហោះ​ជា​បេតុង​ប្រវែង​៣៦០០​ម៉ែត្រឃ្លាំង​ប្រេង​សម្រាប់​​ផ្គត់ផ្គង់​យន្ដហោះ ដែល​ទំនើប​ជាង​ព្រលានយន្ដហោះ​ដទៃទៀត​មាន​៣៨​ចំណត​។ ជាមួយគ្នា​នោះ ក្រុមការងារ​កំពុង​រៀ​ប​ចំ​ឯកសារ​បច្ចេក​ទេស​មួយចំនួន ដូចជា អាយ​តា​កូដ និង​អាយ​ខេ​អូ​កូដ ដើម្បី​ដាក់ពាក្យ​ស្នើរ​សុំ​បាន​កូដ​ពី​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្ដរជាតិ ឯកសារ​នោះ​មាន​ជាង​មួយរយ​ចំណុច​ដែល​ត្រូវបំពេញ​ទាំង​ក្រុមហ៊ុន​និង​អាកាសចរណ៍​ស៊ីវិល​។​

​ដំណើរការ​សាងសង់​អា​កាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប បានចាប់ផ្ដើម​បើក​ការដ្ឋាន កាលពី​ពាក់កណ្តាល​ខែមីនា​ឆ្នាំ​២០២០ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៣ គឺមាន​រយ​:​ពេល​សរុប​៣៦​ខែ។​អាកាសយានដ្ឋាន​ថ្មី​នេះ ស្ថិតក្នុង​លំដាប់​4E មាន​ផ្លូវ​រត់​ប្រវែង​៣,៦០០​​ម៉ែត្រ​ទទឹង​៤៥​ម៉ែត្រមាន​៣៨​ចំណត​យន្តហោះនិង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយសម្រាប់​ទទួល​អ្នកដំណើ​រ​ជាង​៨​ម៉ឺន​ម៉ែត្រក្រឡាដែល​អាច​ទទួល​ភ្ញៀវ​ជាប្រចាំ​ឆ្នាំ​ប្រមាណ​ជា ៧​លាន​នាក់​។ អាកាសយានដ្ឋាន​អន្តរជាតិ​ខ្នាត​ដ៏​ធំ​មួយ​នេះ​គឺ​ស្ថិតក្រោម​កិច្ចព្រមព្រៀង គម្រោង​វិនិយោគ BOT ​រយ​:​ពេល​៥៥​ឆ្នាំ​៕​