ព័ត៌មានជាតិ

សម្ដេចតេជោហ៊ុន សែន៖ភូមិរុនតាឯកក្លាយទៅជាទីក្រុងតូច អភិវឌ្ឍន៍ថ្មី នៃតំបន់តារារះទិសឧត្តរ

សៀមរាប៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ភូមិរុនតាឯក ដែលក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កំពុងរៀបចំដើម្បីចែកជូនប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីតំបន់ ការពារបេតិកភណ្ឌអង្គរ ទៅរស់នៅថ្មីនោះ មិនមែនជាទីជនបទទៀតទេ គឺនឹងក្លាយទៅជាភូមិអភិវឌ្ឍន៍និងទីក្រុងមួយនៅពេលខាងមុខ។

ការថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនេះ បានធ្វើឡើងនៅក្នុងពិធីចុះជួបសំណេះសំណាលផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋចំនួន១១១៧គ្រួសារ ដែលស្ម័ក្រចិត្តផ្លាស់ប្ដូរលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅលើដីថ្មី ក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២២។

សម្តេចតេជោ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋចំនួន១១១៧គ្រួសារ ដែលបានយោគយល់ ហើយស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅដ្ឋានចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ដើម្បីទុកលទ្ធភាពឱ្យរដ្ឋាភិបាលបានរៀបចំការពារតំបន់នេះ សមស្របទៅតាមលក្ខខណ្ឌនៃការចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។

បច្ចុប្បន្ននេះ ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កំពុងប្រើគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយសម្អាតផ្ទៃដីទំហំសរុបប្រមាណជាង១០៤០ហិកតា នៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តសៀមរាប ដោយរៀចចំជាឡូត៍ទំហំ ២០ម៉ែត្រគុណនិង៣០ម៉ែត្រ ចំនួន៦០០៥ឡូត៍ ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋទាំង ឡាយណាដែលស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល បានចេញជាគោលនយោបាយដ៏សំខាន់បំផុតមួយ ចំពោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅតំបន់រុនតាឯកនោះ។

គោលនយោបាយសំខាន់ៗចំពោះប្រជាពលរដ្ឋដែលផ្លាស់ប្ដូរលំនៅដ្ឋានទាំងនោះ គឺត្រូវប្រគល់ឱ្យកងយោធានៃយោធភូមិភាគទី៤ និងកងពលធំអន្តរាគមន៍លេខ២ យករថយន្តជួយដឹកជញ្ជូនទៅដាក់ដល់កន្លែង។ជួយឧបត្ថម្ភជាជំហានដំបូងនូវអង្គរចំនួន៥០គីឡូក្រាម មីជាតិចំនួន៦កេសតូច ត្រីខកំប៉ុង១កេសធំ ថវិកាចំនួន២០ម៉ឺនរៀល ហើយក៏មានការឧបត្ថម្ភថវិកាសម្រាប់សាងសង់លំនៅដ្ឋានថ្មីចំនួន១លានរៀល ស័ង្កសីចំនួន៣០សន្លឹក ព្រមទាំងថវិកាសម្រាប់ធ្វើបង្គន់អនាម័យចំនួន២០ម៉ឺនរៀលថែមទៀតក្នុង១គ្រួសារៗ។ បន្ថែមលើនេះប្រមុខនៃរាជរដ្ឋាភិបាលក៏បានបញ្ជាទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ឱ្យរៀបចំធ្វើប័ណ្ណក្រីក្រនិងប័ណ្ណទទួលបានថវិកាក្នុងសម័យកូវីដ-19 ជូនដល់គ្រប់ប្រជាពលរដ្ឋចំនួន១១១៧គ្រួសារ ដែលស្ម័គ្រចិត្តទៅរស់នៅដីថ្មីនាភូមិរុនតាឯក ទាំងអស់ដើម្បីទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងរយៈ១០ឆ្នាំទៅមុខ។ក្នុងគោលនយោបាយប្រាក់ឧបត្ថម្ភនេះ រដ្ឋាភិបាលក៏បានជូនចំពោះប្រជាពលរដ្ឋចំនួន៥៩៤គ្រួសារ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់តាមដងស្ទឹងសៀមរាប ទៅរស់នៅភូមិរុនតាឯកមុន ជាយូរមកហើយដែរ។នៅក្នុងគោលនយោបាយជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃនេះ ប្រមុខនៃរាជរដ្ឋាភិបាល ក៏បានដាក់ចេញចំពោះស្រ្តីដែលមានផ្ទៃពោះ នៅមុនពេលសម្រាលកូន ក៏ត្រូវទទួលបានជំនួយចំនួន៤ដង គឺក្នុងពេលទៅពិនិត្យផ្ទៃពោះម្ដងត្រូវទទួលបានជំនួយម្ដង ។ចំណែគនៅពេលសម្រាលកូនគឺត្រូវទទួលបានជំនួយម្ដង មានលក្ខណៈជាជំនួយធំ ហើយបន្ទាប់ពីឆ្លងទន្លេរួច ក៏ត្រូវទទួលបានជំនួយចំនួន៨ដងទៀត។

គោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ដោះស្រាយចំពោះអ្នកដែលស្ម័គ្រចិត្ត ផ្លាស់ប្ដូរលំនៅដ្ឋានចេញពីតំបន់អង្គរនេះ សម្រាប់អ្នកត្រូវបែកគ្រួសារក៏នឹងទទួលបានដូចគ្នា។

ចំពោះផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ភូមិរុនតាឯកវិញ គឺរដ្ឋាភិបាលនិងសង់ផ្លូវចូលទៅកាន់ភូមិ ដោយចាក់កៅស៊ូ និងផ្លូវតភ្ជាប់នៅក្នុងភូមិប្រវែង១៤០គីឡូម៉ែត្រ ជាច្រើនខ្សែទៀតដោយផ្លូវខ្លះ ត្រូវចាក់បេតុង។ រដ្ឋាភិបាលត្រូវរៀបចំប្រព័ន្ធលូនៅក្នុងហេដ្ឋារចនាសម្ព័ន្ធទីក្រុងទាំងស្រុង។ប្រព័ន្ធទឹកបានចាត់ឱ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម រៀបចំតបណ្ដាញទឹកស្អាតជូន ប្រជាពលរដ្ឋប្រើប្រាស់។បណ្ដាញអគ្គិសនីក៏ត្រូវចាត់ឱ្យអគ្គិសនីកម្ពុជាតភ្ជាប់ចូលទៅដែរ។

ជាមួយគ្នានេះ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ ដោយចាត់ឱ្យមន្ត្រីរៀបចំ សាងសង់សាលាអនុវិទ្យាល័យ វិទ្យាល័យ ព្រមទាំងរៀបចំកន្លែងអន្តេវាសិកដ្ឋានសម្រាប់ គ្រូបង្រៀនបានស្នាក់នៅផងដែរ។ នៅក្នុងទីប្រជុំជននៃភូមិអភិវឌ្ឍន៍រុនតាឯកថ្មីនេះ រដ្ឋាភិបាលនឹងរៀបចំ សាងសង់ទីផ្សារចំនួន៨ខ្នង ដើម្បីឱ្យប្រជាពលរដ្ឋអាចលក់ដូរប្រចាំថ្ងៃរកកម្រៃចិញ្ចឹមជីវិត។

រីឯផ្នែកសុខភាពវិញ រដ្ឋាភិបាលក៏នឹងសាងសង់មណ្ឌលសុខភាពចំនួន៣ខ្នង គឺ១ខ្នងសម្រាប់ទទួល ពិនិត្យនិងព្យាបាលជំងឺទូទៅ ១ខ្នងជាអាគារសម្ភពសម្រាប់ស្រ្តីសម្រាលកូននិង១ខ្នងទៀត សម្រាប់ធ្វើជាបន្ទប់ឱ្យគ្រូពេទ្យបានស្នាក់នៅ៕