សេដ្ឋកិច្ច

ជួយ​សហគមន៍​អេកូ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​និង​ក្រចេះ រកប្រាក់​ចំណូល​ខ្ពស់​ពី​វិស័យ​ទេសចរណ៍​

​ស្ទឹងត្រែង​៖​អង្គការ កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​អនុផល​ព្រៃឈើ​កម្ពុជា​(NTFP-EP)​បាន​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ អាជ្ញាធរ​មូល ដ្ឋាន​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បីជួយ​គាំទ្រ​ដល់​សហគមន៍​ចំនួន​៣​ក្នុង​ខេត្តស្ទឹងត្រែង​និង​ក្រចេះ​ដើម្បី​ជំរុញ​ឱ្យទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​ពី​វិស័យ​ទេសចរណ៍​។​សហគមន៍​អេកូ​ទេសចរណ៍​ចំនួន​៣​រួមមាន​១.​សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូ​ស្វាយ​ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​២.​សហគមន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​និង​៣.​សហគមន៍​អេកូ​ទេសចរណ៍​កោះ​៣០​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​។​

​អង្គការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​អនុផល​ព្រៃឈើ​កម្ពុជា តាមរយៈ​គម្រោង​ការបង្កើន​គុណ​ភាពជា​គំរូ​សម្រាប់​សហគមន៍​អេកូ​ទេសចរណ៍​តាម​ដង​ទន្លេមេគង្គ​លើ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ(USAID) តាមរយៈ​គម្រោង ព្រៃ​ឡង់​​បៃតង(GPL) រយៈពេល​១៨​ខែចាប់ពី​ខែកក្កដា ឆ្នាំ​២០២១ ដល់ ខែធ្នូ ឆ្នាំ​២០២២​បានរៀបចំ​កញ្ចប់​ថវិកា​មួយចំនួន​ក្នុង​គោលបំណង​បំពេញ​​បន្ថែម​លើ​តម្រូវការ​ចាំបាច់​សម្រាប់​សហគមន៍​ទាំងនេះ NTFP-EP ទិញ​ជា​សម្ភារ​គាំទ្រ​សេវាកម្ម​អេកូ​ទេសចរណ៍ ចែកជូន​សហគមន៍​ក្នុង​ការ​បង្កើន​ចំណូល​ចូល​អោយ​កាន់តែ​ប្រសើ​ឡើង ។​

​លោក អ៊​ន់ ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង និង​លោក ចាន់ សុគ​ន្ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ មានប្រសាសន៍​ស្រដៀង​គ្នា ថា​លោក​គាំទ្រ​ចំពោះ​អង្គការ​ដៃគូ​ដែល​បាន​ជួយ​ដល់​សហគមន៍​។ តាមរយៈ​ការផ្ដល់​សម្ភារ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ទុក​សម្រាប់​បម្រើភ្ញៀវ​ដែល​ទៅ​ទស្សនា​នៅតាម​សហគមន៍​។​

​លោកស្រី​ទេស ធា​ភី តំណាង​អង្គការ​NTFP-EP​ក​ម្ព​ជា​បាន​និយាយថា​ចំពោះ​សម្ភារ​ដែល​ខាង​អង្គការ​បានផ្ដល់​ជូន​ដល់​សហគមន៍​ទាំង​នេះ​​រួមមាន : ១.​សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ​ទទួលបាន​ទូក​កៃ​យ៉ាក់​ចំនួន​៦ តង់​បោះជំរុំ​ចំនួន​១០​កំ​ផ្លេ​រ និង​ផ្ទាំង​ក្តារ​ពត៌មាន​០១ ។ ២.​សហគមន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ​ទទួលបាន​កង់​ទេសចរ​ចំនួន​៦​គ្រឿង​និង​តង់​ចំនួន​១០​កំ​ផ្លេ​រ និង​ផ្ទាំង​ក្តារ​ពត៌មាន​ចំនួន​០១ ។ ៣. សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប​ទទួលបាន​ទូក​កៃ​យ៉ាក់​ចំនួន​៣​ទូក កង់​ទេសចរ​ចំនួន​៦​គ្រឿង តង់​បោះជំរំ​ចំនួន​១០​កំ​ផ្លេ​រ និង​ផ្ទាំង​ក្តារ​ពត៌មាន​ចំនួន​០១​។​

លោកស្រី​បាន​និយាយ​បន្ថែមថា​សម្ភារ​ទាំងនេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​ក្របខណ្ឌ​រួម​ដែល​បម្រើ​ឲ្យ​ផល​ប្រ​យោ​ជ​ន៌​សហគមន៍​អេកូ​ទេសចរណ៍​តែប៉ុណ្ណោះ​។ សំភារ​ទាំងអស់នោះ​អាច​បម្រើ​សេវាកម្ម​ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​តាម​សហគមន៍​អេកូ​ទេសចរណ៍​ទាំងបី​ខាងលើនេះ​។​

លោក​ ឃុ​ត សំអុល​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប​បាន​និយាយថា​ក្រោយពី​អង្គការ​ជួយ​ជា​សម្ភារ​ដល់​សហគមន៍​សម្រា​ប់​យកទៅ​ប្រើប្រាស់ បម្រើ​ដល់​វិស័យ​ទេសចរណ៍​នោះ​ពិតជា​ជួយ​សម្រាល​បន្ទុក​ក្នុងការ​ចំណាយ​របស់​ស​ហគ​មន៍​បាន​មួយផ្នែកធំ​៕​ដោយៈសុខុម