កីឡា

គ្រាប់បាល់ជ័យជម្នះចុងម៉ោងរបស់ Matip ជួយស្រង់មុខមាត់ Liverpool នៅអឺរ៉ុប

ការតែតបាល់បញ្ចូលទីនៅនាទីទី៨៩ របស់ខ្សែការពារ Joel Matip បានជួយចាប់ផ្ដើមរដូវកាលរបស់ក្រុម Liverpool ឡើងវិញ ខណៈដែលការទទួលបានជ័យជម្នះ ២-១ លើក្រុម Ajax នៅកីឡដ្ឋាន Anfield ធ្វើឱ្យក្រុមហង្សក្រហមវិលទៅកាន់ផ្លូវនៃការបានឡើងវគ្គ ១៦ក្រុមចុងក្រោយរបស់ក្របខ័ណ្ឌ Champions League។

ក្រុមរបស់លោក Jurgen Klopp បានឈ្នះតែ ២ហ្គេមប៉ុណ្ណោះ ក្នុងចំណោមការប្រកួតបើកឆាកចំនួន ៧លើករបស់ពួកគេ ក្នុងរដូវកាលនេះ ហើយបានរងបរាជ័យ ក្នុងលទ្ធផល ៤-១ ដោយសារក្រុម Napoli ពីការប្រកួតដំបូងរបស់ខ្លួន ក្នុងយុទ្ធនាការ នៅអឺរ៉ុបនេះ។

ក្រុម Liverpool  បានកីឡាករដដែលដោយភាគច្រើន ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៅ Champions League កាលពីរដូវកាលមុន តែនៅតែត្រូវការគ្រាប់បាល់ជ័យជម្នះពីកីឡាករដែលទំនងជាមិនអាចទៅរួច បន្ទាប់ពីកីឡាករ Mohammed Kudus របស់ក្រុមភ្ញៀវ បានលុបចោលគ្រាប់បាល់បើកឆាករបស់ខ្សែប្រយុទ្ធ Mohamed Salah។

ជ័យជម្នះ បាននាំឱ្យ Liverpool មាន ៣ពិន្ទុស្មើជាមួយក្រុម Ajax និង Napoli ដែលត្រូវធ្វើដំណើរទៅជួបក្រុម Rangers សម្រាប់ការប្រកួត ១ផ្សេងទៀត ក្នុងពូល A នាយប់ថ្ងៃពុធនេះ។

«ប្រសិនបើអ្នកដាក់ការប្រកួតទាំង ២នៅជាប់គ្នា ខ្ញុំគិតថា អ្នកមិនទទួលស្គាល់ក្រុមដូចគ្នានោះទេ»។ នេះជាការលើកឡើងខ្លីៗរបស់លោក Klopp ដែលនិយាយអំពីភាពប្រសើរឡើងរបស់ក្រុមរបស់គាត់ ខុសកាលពី ៦ថ្ងៃមុន ពេលលេងនៅភាគខាងត្បូងប្រទេសអ៊ីតាលី។

លោក Klopp បានពណ៌នាការចាញ់ ដោយសារក្រុម Napoli កាលពីសប្តាហ៍មុនថា ជាការបង្ហាញនូវទម្រង់ដ៏អាក្រក់បំផុត ក្រោមការដឹកនាំក្រុមរយៈពេលជិត ៧ឆ្នាំរបស់គាត់៕