កីឡា

ខ្សែការពារ Kimpembe របស់ PSG ត្រូវនៅក្រៅទីលាន ៦សប្ដាហ៍

ខ្សែការពារអន្តរជាតិបារាំង Presnel Kimpembe របស់ក្លិប Paris Saint-Germain (PSG) នឹងត្រូវអវត្តមានប្រមាណជា ៦សប្តាហ៍ ដោយសារមានរបួសសរសៃពួរ ដែលនេះនឹងធ្វើឱ្យកីឡាកររូបនេះមានពេលវេលាតិចតួច ក្នុងការជាសះស្បើយ ដើម្បីឱ្យទាន់បានលេង ក្នុងព្រឹត្តិការណ៍ World Cup។ នេះបើតាមការឱ្យដឹងពីក្លិបរបស់គេ កាលពីថ្ងៃអង្គារ។

កីឡាករ Kimpembe វ័យ ២៧ឆ្នាំ បានរងរបួស ក្នុងហ្គេម ដែលក្រុម PSG មានជ័យជម្នះ ១-០ លើក្រុម Brest កាលពីថ្ងៃសៅរ៍ ដោយនេះ នាំឱ្យរូបគេមានពេលវេលាខើចណាស់ ក្នុងការបានចូលរួមជាមួយក្រុមជម្រើសជាតិ ខណៈដែលក្រុមបារាំង នឹងចាប់ផ្តើមយុទ្ធនាការការពារតំណែងជើងឯក World Cup ទល់នឹងក្រុមអូស្ត្រាលី នៅប្រទេសកាតា នាថ្ងៃទី២២ ខែវិច្ឆិកា។

ពាក់ព័ន្ធនឹងករណីរបួសនេះ ក្លិប PSG បានឱ្យដឹង ក្នុងសេចក្តីប្រកាសថា៖ «កីឡាករ Presnel Kimpembe នឹងមិនមានវត្តមានប្រហែលជា ៦សប្តាហ៍។ ការវាយតម្លៃជាថ្មី នឹងត្រូវបានធ្វើឡើង ក្នុងរយៈពេល ៨ថ្ងៃទៀត»។

របួសនេះ ក៏នឹងធ្វើឱ្យកីឡាករ Kimpembe ដែលបង្ហាញខ្លួនជាមួយក្រុមមាន់គកបារាំងបានចំនួន ២៨ដង មិនមានមុខដែរ សម្រាប់ការប្រកួតរបស់ក្រុម PSG ក្នុងវគ្គសន្សំពិន្ទុតាមពូល នៅក្របខ័ណ្ឌ Champions League ដោយក្រុមយក្សរបស់បារាំង ត្រូវជួបជាមួយក្រុម Maccabi Haifa នៅប្រទេសអ៊ីស្រាអែល នាយប់ថ្ងៃពុធនេះ បន្ទាប់ពីយកឈ្នះក្រុម Juventus ក្នុងការប្រកួតដំបូងរបស់ខ្លួនបាន។

Kimpembe គឺជាកីឡាករឆ្នើម ១រូប ក្នុងចំណោមតារាឆ្នើមរបស់ក្រុមជម្រើសជាតិបារាំងមួយចំនួនទៀត ដែលត្រូវសម្រាកព្យាបាលរបួស ខណៈដែលការប្រកួត World Cup កាន់តែខិតជិតមកដល់។ ខ្សែបម្រើ Paul Pogba កំពុងជាសះស្បើយពីការវះកាត់ជង្គង់ ខណៈដែលខ្សែបម្រើ N’Golo Kante និងខ្សែប្រយុទ្ធ Karim Benzema ក៏កំពុងនៅក្រៅទីលានដែរ៕