កីឡា

Newcastle ចុះហត្ថលេខាជាមួយអតីតអ្នកចាំទីរបស់ Liverpool

ក្លិប Newcastle បានព្រមព្រៀងចុះហត្ថលេខាជាមួយអ្នកចាំទី Loris Karius ដែលជាអតីតសមាជិករបស់ក្រុម Liverpool ក្នុងកិច្ចសន្យារយៈពេលខ្លី ដើម្បីយកមកជាអ្នកត្រៀមបម្រុង សម្រាប់កីឡាករ Nick Pope បន្ទាប់ពីអ្នកចាំទីម្នាក់ទៀត Karl Darlow រងរបួស។

កីឡាករសញ្ជាតិអាល្លឺម៉ង់ Karius ដែលឥតមានជាប់កុងត្រាជាមួយនឹងក្លិបណា បន្ទាប់ពីចាកចេញពីក្រុម Liverpool កាលពីខែមិថុនា បានយល់ព្រមលើកិច្ចសន្យារហូតដល់ខែមករា ដោយមានជម្រើស ក្នុងការបន្តស្នាក់នៅដល់ចប់រដូវកាលនេះ។ ការមកដល់របស់កីឡាករវ័យ ២៩ឆ្នាំ កើតឡើងបន្ទាប់ពីការមានរបួសកជើងរបស់កីឡាករ  Darlow ក្នុងពេលហ្វឹកហាត់។

គ្រូបង្វឹករបស់ក្រុម Newcastle លោក Eddie Howe បាននិយាយថា៖ «យើងមានភាពរីករាយ ក្នុងការបន្ថែមកីឡាករ Loris (Karius) ទៅក្នុងក្រុមអ្នកចាំទីរបស់យើង។ គេគឺជាអ្នកចាំទីដ៏ល្អម្នាក់ ដោយមានបទពិសោធទាំងនៅ Premier League និងអឺរ៉ុប ហើយគេនឹងផ្តល់នូវការប្រកួតប្រជែង និងការគាំទ្រលើផ្នែកសំខាន់នៃរដូវកាលនេះជាមិនខាន»។

កីឡាករ Karius ធ្លាប់ជាអ្នកចាំទីជម្រើសដំបូងរបស់ក្រុម Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp តែមិនធ្លាប់បានលេងឱ្យក្រុមម្ដងទៀតនោះឡើយ បន្ទាប់ពីបានបង្កើតកំហុសយ៉ាងធ្ងន់ធ្ងរ ដោយការធ្វើឱ្យរបូតគ្រាប់បាល់ ២គ្រាប់ងាយៗ ក្នុងបរាជ័យ ៣-១ ក្រោមស្នាដៃរបស់ក្រុម Real Madrid នៅការប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្ររបស់ក្របខ័ណ្ឌ Champions League នាឆ្នាំ២០១៨។

ក្រោយបានផ្លាស់មកកាន់ទឹកដី St James’ Park អ្នកចាំទីរូបនេះ បាននិយាយថា៖ «ក្លិប Newcastle មានគ្រូបង្វឹកដ៏អស្ចារ្យ ហើយលេងបាល់ទាត់ដ៏គួរឱ្យទាក់ទាញ។ ខ្ញុំមានអារម្មណ៍ថា វាជាគម្រោងដ៏ត្រឹមត្រូវ សម្រាប់ខ្ញុំ ហើយខ្ញុំពិតជារំភើប ក្នុងការបានធ្វើការជាមួយគ្រូបង្វឹក និងមិត្តរួមក្រុមថ្មីរបស់ខ្ញុំ»៕