សេដ្ឋកិច្ច

សម្តេច​តេ​ជោ​អំពាវនាវ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យោគយល់​និង​ផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​រុន​តា​ឯក​

​សៀមរាប​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​យោគយល់ និង​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ ប្រាក់​ទាប​ដល់​ប្រជាពលរដ្ឋ ដែល​រើចេញ​តំបន់​អង្គរ​មក​តាំងទី​លំនៅដ្ឋាន​ថ្មី​នៅ​តំបន់​រុន​តា​ឯក​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាស​យ៉ាង​ដូច្នេះ ក្នុងឱកាស​សម្តេច​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រ ចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​មួយចំនួន​អាច​នឹង​ត្រូវការ​ដើមទុន​បង្កើត​មុខរបរ​ដោយ​សម្ដេច​ទទូច​ឱ្យ​សេវា​ឥណទាន​ហិរញ្ញវត្ថុ​យោគយល់ និង​អាទិភាព​ឱ្យ​ខ្ចី សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​រុន​តា​ឯក ហើយ​ទម្លាក់​អត្រា​ការប្រាក់​ទាប​ជាង​អតិថិជន​ទូទៅ​ផ្សេងទៀត​៕ដោយៈសិរីមតី