សេដ្ឋកិច្ច

រយៈពេល​៨​ខែ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស​១៥.៦​ពាន់​លាន​ដុល្លារ

​ភ្នំពេញ​៖​យោងតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា​៖ក្នុង​រយៈពេល​៨​ខែឆ្នាំ​២០២២​ពី​ខែមករា​ដល់​ ខែសីហា ឆ្នាំ​២០២២ ការនាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស មានតម្លៃ ១៥.៦​ពាន់​លាន​ដុល្លារ កើនឡើង ២៦.៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២១ ដែលមាន​តម្លៃ ១២.៣​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​ទំនិញ​មក​កម្ពុជា​វិញ មានតម្លៃ​២១.៧​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​១៨.៣%​ដែល​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា ជាមួយ​ទីផ្សារ​អន្តរជាតិ ក្នុង​រយៈពេល​៨​ខែ​នេះ កើន​ដល់ ៣៧.៤​ពាន់​លាន​ដុល្លារ កើនឡើង​២១.៥%​។​

​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទាំងនោះ រួមមាន សម្លៀកបំពាក់​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៦.៤​ពាន់​លាន​ដុល្លារ​, ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ​, ស្បែកជើង​ចំនួន​១ ១៨២ លាន​ដុល្លារ​, សម្ភារ​ធ្វើ​ពី​ស្បែក​សត្វ​ចំនួន ១ ៣៥៣​លាន​ដុល្លារ​, យាន​ក្រៅពី​អយ ស្ម័យយាន​តម្លៃ ៦៩៦​លាន​ដុល្លារ​, គ្រាប់​ធញ្ញជាតិ ៧៣៥​លាន​ដុល្លារ​, គ្រឿង​សង្ហា​រឹម​ចំនួន​៧៨១​លាន​ដុល្លារ​, កៅស៊ូ​តម្លៃ ៣០៨​លាន​ដុល្លារ​, រួម​នឹង​ផលិតផល​ផ្សេងទៀត ដូចជា​ផ្លែឈើ បន្លែ គុជ​ខ្យង ប្រដាប់​ក្មេង​លេង វត្ថុ​វាយនភ័ណ្ឌ​កែច្នៃ​ផ្សេង​ជាដើម​។​

​តាម​អគ្គ​នាយក​ដ្ឋា​ន និង​រដ្ឋាករ​កម្ពុជា អាមេរិក គឺជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ទី​១ ដែល​បាន​នាំចូល​ទំនិញ​ពី​កម្ពុជា​ច្រើនជាងគេ ក្នុង​តម្លៃ ៦.៤​ពាន់​ដុល្លារ ខណៈ​វៀតណាម បាន​នាំចូល​ទំនិញ​ពី​កម្ពុជា​ក្នុងតម្លៃ ១.៤​ពាន់​ដុល្លារ​, ជប៉ុន​នាំចូល​ទំនិញ​ពី​កម្ពុជា ក្នុងតម្លៃ ៧៨៩​លាន​ដុល្លារ​, អា​លឺ្ល​ម៉​ង់​នាំចូល​ទំនិញ​ពី​កម្ពុជា​ក្នុងតម្លៃ ៧៤៧​លាន​ដុល្លារ និង ចិន ក្នុងតម្លៃ​៨០៤​លាន​ដុល្លារ​៕​ដោយៈសិរីមតី