សេដ្ឋកិច្ច

ពន្ធដារ​៖​ការខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​នឹងត្រូវ​រង​នូវ​ទោសទណ្ឌ​តាមច្បាប់​

ភ្នំពេញ​៖អគ្គនាយកដ្ឋាន​ពន្ធដា​របាន​ក្រើនរំលឹក​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ត្រូវ​ប្រញាប់​​ធ្វើការ​បង់ពន្ធ​ឱ្យបាន​ទាន់ពេលវេលា​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា​ឆ្នាំ​២០២២​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ឬ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ដែល​អចលន​ទ្រព្យ​ស្ថិតនៅ ឬ​នៅ​គ្រប់​សាខា​ធនាគារ​ជា​ដៃគូ​ទាំងអស់​។ ចំពោះ​ការខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​ម្ចាស់​អចលនទ្រព្យ​នឹងត្រូវ​រង​នូវ​ទោសទណ្ឌ តាមច្បាប់​ជា​ធរមាន។​

​សេចក្តីជូនដំណឹង​រប​ស់អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ​កម្ពុ​ជាថ្មីៗ​នេះ​បានឱ្យដឹងថា​ការប្រមូល​ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ ការបង់ពន្ធ​លើ​អច​ល​​នទ្រព្យ និង​ការបង់ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​សម្រាប់​ឆ្នាំ​២០២២ នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខ​នេះ​។

​បើតាម​សេ​ក្តី​ជូនដំណឹង ដើម្បី​ជំរុញ​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ និង​/ ឬ​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ​២០២២​នេះ អាច​បង់ពន្ធ​បាន​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ឬ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ដែល​អចលនទ្រព្យ​ស្ថិតនៅ ឬ​នៅ​គ្រប់​សាខា​ធនាគារ អេស៊ីលីដា ភីអិលស៊ី,​ធនាគារ កាណាឌីយ៉ា ក​.​អ ,​ធនាគារ វឌ្ឍនៈ ,ធនាគារ កម្ពុជា​សាធារណៈ ភីអិលស៊ី ,​ធនាគារ ស្ថាបនា ភីអិលស៊ី ,​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម​.​ក,ធ​នាគារ ប្រៃសណីយ៍​កម្ពុជា ក​.​អ ,ធនាគារ វឌ្ឍនៈ អាស៊ី​ចំកាត់ ,​ធនាគារ ពាណិជ្ជកម្ម​ក្រៅប្រទេស នៃ​កម្ពុជា ឬ​តាមរយៈ​កម្មវិធី “GDT Taxpayer App” ដែល​អាច​ទាញ​យកបាន​ពី App Store ឬ Play Store ៕ដោយៈសិរីមតី