សេដ្ឋកិច្ច

បើកដំណើរការសាកល្បងផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល

ភ្នំពេញ៖ក្រោយការសាងសង់រយៈពេល៤ឆ្នាំ ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល បានបើកដំណើរការសាកល្បងបម្រើ​ជូនសាធារណ​ជនកាល​ពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២២។ ផ្សារ​ទំនើប​នេះ​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១០​យប់។


​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល បានត្រូវវិនិយោគក្នុងទំហំជាង២៥០លានដុល្លារអាមេរិក និងជាបណ្តុំនៃ​ហាង​ល្បីៗ​លំដាប់ពិភព​លោកដូចជា​ភោជនីយដ្ឋាន ហាង​លក់​សម្លៀកបំពាក់ ហាង​លក់​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក និង​ហាង​លក់​ផលិតផល ក៏ដូចជា​សេវាកម្ម​ជាច្រើន​ទៀត​។​

លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុនជីប ម៉ុង រីថែល បានថ្លែងថា៖ វត្តមានផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧​១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ជួយលើកកម្ពស់ការលក់ទំនិញរាយ ជាមួយនឹងការនាំយក​ផលិតផល​ម៉ាកល្បីក្រៅប្រទេស​ដល់ប្រជាជន​កម្ពុជា ។

លោកជំទាវអគ្គនាយិកានៃក្រុមហ៊ុនជីប ម៉ុង រីថែល បានបន្ថែមថា ផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល គឺប្រមូលផ្តុំទៅដោយផលិតផលល្បីៗ នៅក្នុងស្រុក និងអន្តរជាតិ ដែលមានទៅដល់ ១៧០ ម៉ាកសម្រាប់បំពេញតម្រូវការចាំបាច់របស់អតិថិជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់​វណ្ណៈ ។

ផ្សារ​ទំនើប​ខ្នាត​យក្ស​ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល បាន​ទាក់ទាញ​ដៃគូ​ពាណិជ្ជកម្ម​ជាច្រើន ដែល​សុទ្ធសឹង​ជា​ម៉ាក​លំដាប់​ថ្នាក់ជាតិ និង​អន្តរជាតិ តួយ៉ាង​ដូចជា​ហាង​លក់​សម្លៀកបំពាក់ H&M,LYN, Calvin Klein, TEN11,Routine ,​ហាង​លក់​ស្បែកជើង361° ,Converse​, Fila, ហាង​កាហ្វេ Starbucks, Brown Coffee and Bakery ,​ភោជនីយដ្ឋាន Bong Crab, Pka K’nhey, Steaklub, Misigga BBQ, ,​ហាង​នំប៉័ង Masao, ហាង Potato Corner,​ហាង​តុបតែង​សក់​Leekaja,​ហាង​លក់​សម្ភារ​ប្រើប្រាស់​ចម្រុះ​Miniso,​Kohnan Japan, Akemi Uchi,​ឱសថ ស្ថាន ឱសថ​ផ្លឹ​ស​, ផ្សារ​ទំនើប ជីប ម៉ុង Supermarket​និង​ហាង​ម៉ាក​ពេញនិយម​ជាច្រើន​ទៀត​។​

​ផ្សារ​ទំនើបនេះ មិន​ត្រឹមតែ​បម្រើ​តម្រូវការ​ដ៏​ច្រើន​លើសលប់​របស់​អតិថិជន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​បាន​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា តាមរយៈ​ការ​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ដៃគូ​ពាណិជ្ជកម្ម​ជាពិសេស​រវាង​កម្ពុជា​និង​វិនិយោគិន​បរ​ទេស​បង្កើន​ជីវភាព​រស់នៅ​បែប​ស៊ីវីល័យ និង​ថែម​ទាំង​បង្កើត​នូវ​ឱកាស​ការងារ​យ៉ាង​សម្បូរបែប​ជូន​ដល់​ប្រជាពលរដ្ឋ​ទៀតផង​។​

ផ្សារ​ទំនើប​ខ្នាត​យក្ស​នេះ​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ​ជាង ៤១ ហិកតា​ស្ថិតនៅក្នុង​គម្រោង​លែ​ន​ម៉ាក ២៧១ របស់ ជីប ម៉ុង លែ​ន ស្ថិតនៅ​ក្បែរផ្លូវ​សំខាន់ៗ​ដូចជា​ផ្លូវ​២៧១ ផ្លូវ​៣៧១​និង​ផ្លូវ​៦០ ម៉ែត្រ​ដែលជា​តំបន់​ដ៏​មាន​សក្ដានុពល​​ សម្បូរ​ទៅដោយ​ប្រជាជន​រស់នៅ​យ៉ាងច្រើន​កុះករ។​មិនតែប៉ុណ្ណោះ​ផ្សារ​ទំនើប​នេះ​ក៏មាន​បំពាក់​ទៅដោយ​គ្រឿង​បរិក្ខារ​ទំនើបៗ​និង​មាន​ផ្ទៃ​លំហ​ដល់​ទៅ ៣០ ភាគរយ​នៃ​អគារ​ផ្សារ​ទាំង​មូល ដែល​ផ្ដល់នូវ​អារម្មណ៍​ស្រស់ស្រាយ និង​បរិយាកាស​ប្លែក​ពិសេស​។ ចំណែកឯ​ចំណត​យានយន្ត​វិញ អាច​ផ្ទុក​រថយន្ត​បាន​រហូត​ដល់​ទៅ​៤០០០ គ្រឿង​។


​​សូមបញ្ជាក់ថា៖ក្នុងអំឡុង​ការបើក​ដំណើរការ​សាកល្បង ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ហាង​ម៉ាក​ល្បីៗ​ចំនួន ៣០ បាន​បើកទ្វារ​រង់ចាំ​ស្វាគមន៍​អតិថិជន​ទាំងអស់​រួចជាស្រេច ជាមួយនឹង​ការផ្ដល់ជូន​យ៉ាង​ពិសេស​បំផុត​ដូចជា​៖
– ហាង​លក់​សម្លៀកបំពាក់ H&M បញ្ចុះតម្លៃ ២៥ ភាគរយ​ទៅលើ​មុខទំនិញ​ជាច្រើន​
– ហាង​លក់​សម្លៀកបំពាក់ TEN11 បញ្ចុះតម្លៃ​រហូតដល់ ៧០ ភាគរយ​
– ហាង​លក់​សម្លៀកបំពាក់ Routine ហាង 361° ឱសថស្ថាន ឱសថ​ផ្លឹ​ស បញ្ចុះតម្លៃ​រហូតដល់ ៥០ ភាគរយ​
– ភោជនីយដ្ឋាន Bong Crab, Pka K’nhey និង Steaklub បញ្ចុះតម្លៃ ៣០ ភាគរយ​
– កាដូ​ពិសេស​សម្រាប់​ការ​ជាវ​ទំនិញ​ពី​ហាង LYN ហាង Calvin Klein ហាង​នំប៉័ង Masao និង​កម្មវិធី​ពិសេសៗ​ជាច្រើន​ទៀត​ពី​ហាង​តុបតែង​សក់ Leekaja ហាង​លក់​សម្ភារ​ប្រើប្រាស់​ចម្រុះ Miniso ហាង​កាហ្វេ Starbucks ហាង​កាហ្វេ Brown Coffee and Bakery ហាង Potato Corner ភោជនីយដ្ឋាន Misigga BBQ ផ្សារ​ទំនើប ជីប ម៉ុង Supermarket ជាដើម​។​

​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល នៅមាន​ហាង​ម៉ាក​ល្បីៗ​ជាច្រើន​ទៀត ដល់​ទៅ​រាប់រយ​ហាង ដែល​នឹង​បើក​ដំណើរការ​ជា​បន្តបន្ទាប់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ រួមមាន ZARA,Jaspal,Paul Smith, New Balance,Charles and Keith,Tommy Hilfiger, Champion,​ Pedro, Fila, EA7, GUESS, The Pizza Company, Sakura Buffet, Jumbo Seafood, Burger King, Paradise Dynasty, Pleng Chan, Kfour, Samsung, Super Doozii, NEO Game Oasis,Legend Cinema by IZE ជាដើម​៕ដោយៈសិរីមតី