សេដ្ឋកិច្ច

៨​ខែ​ឆ្នាំនេះ រដ្ឋ​ប្រមូល​ចំណូល​បាន​៤​ពាន់​លាន​ដុល្លារ

ភ្នំពេញ​៖ រយៈពេល​៨​ខែ ឆ្នាំ​២០២២ ការប្រមូល​ចំណូល​ថវិការដ្ឋ សម្រេចបាន ១៦ ៤៣០ ប៊ី​លាន​រៀល ប្រមាណ​៤​ពាន់​លាន​ដុល្លារស្មើ​នឹង​៧០%ធៀប​នឹង​ច្បាប់​ថវិកាជាតិខណៈដែល​ចំណូល​សារពើពន្ធនៅតែ​បន្ត​រួមចំណែក​ខ្ពស់​រហូតដល់​៩៣%នៃ​ចំណូល​សរុប​។​ដោយ​ឡែក​, ចំពោះ​ការអនុវត្ត​ចំណាយ​ថវិកាជាតិ​សម្រេចបាន ១៥ ២៧១ ប៊ី​លាន​រៀល ស្មើនឹង​៥៧% ធៀប​នឹង​ច្បាប់​​។​

​នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ក្រុមការងារ​បច្ចេកទេស​សី្ដ​ពី ការត្រួតពិនិត្យ​តាមដាន​វឌ្ឍនភាព នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី៣បូក​២ ប្រចាំឆមាស​ទី​១ឆ្នាំ​២០២២ កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ​។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (​គ​.​ហ​.​ស​.)​។​

​បើតាម​ក្រសួង​សេដ្ឋកិច្ច ការអនុវត្ត​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ កំពុង​វិ​វត្ត​ទៅរក​ប្រក្រតីភាព និង​ភាពល្អប្រសើរ​ឡើងវិញ​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីត​-១៩ មាន​ភាព​ថមថយ ដែ​លេះ​ឆ្លុះបញ្ចាំង​ពី​ភាព​ធន់​នៃ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាធារណៈ ភាពបត់បែន​នៃ​ការអនុវត្ត​គោល​នយោបាយ​និង​យុទ្ធសាស្ត្រ និង​ចីរភាព​នៃ​ការអនុវត្ត​ការងារ​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​៕ដោយៈសិរីមតី