សេដ្ឋកិច្ច

នៅ​ទីបំផុត ក្រុមហ៊ុន​ជប៉ុន តូយ៉ូតា មក​បង្កើត​រោងចក្រ​តម្លើងរថយន្ត​នៅ​ស្រុក​ខ្មែរ​ជាមួយ​ទុន​ជិត​៤០​លាន​ដុល្លារ​

​ភ្នំពេញ​៖ យើង​ដឹង​ហើយ​ថា ក្រុមហ៊ុន​ជប៉ុន មុន​ទៅ​វិនិយោគ​នៅ​ប្រទេស​ណា គឺ​បាន​សិក្សា​ល្អិតល្អន់​ណាស់ ។​នៅ​ទីបំផុត​ក្រុមហ៊ុន​Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានសម្រេច​ចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា ជាមួយ​ទុន​ដំបូង​របស់ខ្លួន​ចំនួន​៣៦,៧​លាន​ដុល្លារ​អាមេរិក​។​

​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​បានអនុម័ត​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​ដល់​ក្រុមហ៊ុន​Toyota ដើម្បី​បង្កើត​រោងចក្រ​ផ្គុំ និង​តម្លើងរថយន្ត​តូយ៉ូតា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​, រាជធានី​ភ្នំពេញ​, មាន​ទុនវិនិយោគ​ចំនួន ៣៦,៧​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១៥០​នាក់​។​

​ក្រៅពី​អនុម័ត​ដល់​ក្រុមហ៊ុន​តូយ៉ូតា CDC ក៏​បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​ដល​ក្រុមហ៊ុន​ចំនួន​៤​ទៀត គឺ​៖
១-WCFO (Cambodia) Co.,Ltd.​គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រអប់​និង​គ្រឿង​បង្គុំ​ផ្សេងៗ​ធ្វើ​ពី​លោហៈ​។​ទីតាំង​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប​ភ្នំពេញ​, រាជធានី​ភ្នំពេញ​,​មាន​ទុនវិនិយោគ​ចំនួន​៣,៨​លាន​ដុល្លារ​អាមេរិក​និង​បង្កើត​ការងារ​បាន​ចំ​នួ​ន​ប្រមាណ ១៥០​នាក់​។​

២-Thirty Three Apparels (Cambodia) Co., Ltd. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ​,​រាជធានី​ភ្នំពេញ​,​មាន​ទុនវិនិយោគ​ចំនួន​២,១​លាន​ដុល្លារ​អាមេរិក​និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​៤៥០​នាក់​។​

៣- “A & M Clothing Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ១ លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១០០​នាក់​។​

៤- WCFO ASAMA Co., Ltd.​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្ទាប់បន្សំ សម្រាប់​ឧបករណ៍​បញ្ជូន​ទិន្នន័យ​ធ្វើ​ពី​ប្លា​ស្ទិ​ក​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​, រាជធានី​ភ្នំពេញ​, មាន​ទុនវិនិយោគ​ចំនួន​ជាង ៨០​ម៉ឺន​ដុល្លារ​អាមេរិក​និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១០០​នាក់​៕ដោយៈសិរីមតី