ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងអូរព្រំដែនស្រកបន្តិច តែផ្ទះពលរដ្ឋខ្លះមួយចំនួននៅលិច

បាត់ដំបង៖ថ្ងៃនេះជំនន់ទឹកភ្លៀងនៅអូរតំបន់ព្រំដែនបានស្រកបន្តិចវិញ នៅតែលំនៅស្ថានរបស់ប្រជាពលរដ្ឋតាមបណ្តោយអូរមួយចំនួនតូចប៉ុណ្ណោះក្នុងភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀងនៅលិច។

លោក សុខ ដែន អភិបាលកំរៀង បានឱ្យដឹងនៅព្រឹកថ្ងៃទី៩កញ្ញានេះថា ជំនន់ដែលហក់ឡើងលឿន​ដោយសារ​ទឹកភ្លៀងខាងលើនេះបានប៉ះពាល់ទៅដល់កំណាត់ផ្លូវក្នុងភូមិខ្លះៗ ដំណាំចម្ការ រួមទាំងលំនៅស្ថានប្រជាពលរដ្ឋមួយចំនួនតូចទៀត ពិសេសនៅយប់ថ្ងៃទី៧និងយប់ថ្ងៃទី៨ខែកញ្ញា។

ក្នុងស្រុកកំរៀង ជំនន់ទឹកភ្លៀងបានស្រកចុះបន្តិចវិញហើយ ដោយឡែកស្ថានភាពជំនន់ក្នុងអូរ​លំផាត់ទឹកក៏បានស្រកចុះនៅក្រោមស្ពានបន្តិចវិញដែរ នៅតែតំបន់តាមប្របអូរមួយចំនួនតូច​ប៉ុណ្ណោះដែលមានលំនៅស្ថានរបស់ប្រជាពលរដ្ឋរស់នៅត្រឹមតែ៤-៥ គ្រួសារប៉ុណ្ណោះស្ថិតក្នុងភូមិលំផាត់ ឃុំអូរដា។

ព្រោះភូមិសាស្ត្រនេះជាតំបន់ទំនាប តែងតែលិចស្ទើររាល់ឆ្នាំ។លោកអភិបាលបន្តថា ក្រោយពីស្ថានភាពទឹកភ្លៀងបានស្រកចុះបន្តិចវិញនេះ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរឡើយលើផលដំណាំ ផ្លូវថ្នល់ ស្ពាន និងផ្ទះរបស់ប្រជាពលរដ្ឋ៕

ដោយ៖ព្រះអង្គខ្មៅ