សេដ្ឋកិច្ច

កម្ពុជា​ទទួលបាន​ពានរង្វាន់​ពិភពលោក​ចំនួន​២ ជាប់​ជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ទេសចរណ៍​យុវជន​ឈានមុខ​គេ​

​ភ្នំពេញ​៖ កម្ពុជា​ទទួលបាន​ពានរង្វាន់​ពិភពលោក​ចំនួន​២​ពី​ស្ថាប័ន World Travel Awards​ទីមួយ​គឺ​ពានរង្វាន​គោលដៅ​វប្បធម៌​ឈាន​មុខ​​​គេក្នុង​ទ្វីបអាស៊ី​ឆ្នាំ​២០២២ (Asia’s Leading Culture Destination 2022)​និង​ទី​២​ពានរង្វាន់​គោលដៅ​ទេសចរណ៍​យុវជន​ឈាន​មុខ​​គេ​ក្នុង​ទ្វី​អាស៊ី​ឆ្នាំ​២០២២ (Asia’s Leading Youth Travel Destination 2022)​។

​គួរ​ជម្រាប​ថា មុន​ឈានដល់​ការទទួលបាន​ពានរង្វាន់​ទាំងពីរ​នេះ ភ្ញៀវទេសចរ​ប្រមាណ​២​លាន​នាក់​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ក្នុ​ង​ការបោះឆ្នោត​ជ្រើសរើស​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ជា​គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី​ឆ្នាំ​២០២២​។​

​ពិធី​ប្រគល់​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ ត្រូវបាន​ធ្វើឡើង​នា​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ITE HCMC 2022 នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម នា​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២​។ លោក ថោង រដ្ឋ​សក្តិ​អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍ ជា​អ្នក​ឡើង​ទទួល​ពានរង្វាន់​ទាំងពីរ​នេះ​ក្នុងនាម​តំណាង​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​។​

​លោក ថោង រដ្ឋ​សក្តិ​បាន​ថ្លែងថា​៖​តាមរយៈ​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការបើកទទួល​ទេសចរណ៍​វ៉ាក់សាំង​,​វិធានការ​គោល​នយោ​បាយ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ឆ្នាំ​២០២១-២០២៣,​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​និង​ក្រោយ​ដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២០-២០២៥ ដំណាក់កាល​ទី​២ (Recovery) និង​ឈរលើ​យុទ្ធសាស្ត្រ​ចាក់​ស្រោច​វ៉ាក់សាំង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ បានធ្វើឱ្យ​កម្ពុ​ជាមាន​សន្ទុះ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង​៥៨០​ភាគរយ​ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០២២ ដែលមាន​ចំនួន​ជិត​១​លាន​នាក់​។​

​លោក​បាន​បញ្ជាក់ថា​កត្តា​ទាំងនេះ​ធ្វើឱ្យ​កម្ពុជា​ត្រូវបាន​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​ពី​អ្នកទេសចរ​ជាង​២​លាន​នាក់ ក្លាយជា​ម្ចាស់​ពាន​រង្វាន់​ចំនួន​២ ក្រោម​ប្រធានបទ «​គោលដៅ​សម្រាប់​ទ្វីបអាស៊ី​»​ទីមួយ​គឺ​គោលដៅ​វប្បធម៌​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី​២០២២​និង​ទី​ពីរ​គឺ​គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី​ឆ្នាំ​២០២២​។ ក្រៅពី​កម្ពុជា​ក៏មាន​ប្រទេស​ដទៃទៀត​ដែល​ទទួលបាន​ពានរង្វាន់​នេះ​ដែរ ដូចជា ឥណ្ឌា ជប៉ុន ថៃ និង វៀតណាម និង​ប្រទេស​ដទៃទៀត​សរុប​ចំនួន​៣៥​ប្រទេស​។​

​លោក ថោង រដ្ឋ​សក្តិ បាន​បន្តថា អ្នកដំណើរ​អន្តរជាតិ​ទាំងអស់​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា តាមរយៈ​ការបើក​ឡើងវិញ​នូវ Visa-on-Arrival (Free Visa for ASEAN Travelers)​។​ចំពោះ​ភ្ញៀវទេសចរ​ដែល​ចាក់​វ៉ាក់សាំង​ពេញលេញ​អាច​ចូលមក​តាម​ច្រកចេញ​/​ចូល​ប្រទេស​គ្រាន់តែ​បង្ហាញ​កាត​/​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ រីឯ​ភ្ញៀវទេសចរ​មិនបាន​ចាក់​វ៉ាក់សាំង គ្រាន់តែ​ធ្វើតេស្ត​រហ័ស​តែប៉ុណ្ណោះ​។ ​នេះ​សបញ្ជាក់​ឱ្យឃើញថា «​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ផ្តល់​ភាពកក់ក្តៅ ស្អាត និង​បៃតង​»​។​

​លោក ថោង រដ្ឋ​សក្តិ បានបង្ហាញ​ការរំពឹងទុក​ថា តាមរយៈ​ការដាក់ចេញ​នូវ​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរ​ណ៍​កម្ពុជា ក្នុង​និង​ក្រោយ​ដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២០-២០២៥, យុទ្ធនាការ​ទស្សនា​កម្ពុ​ជា​ឆ្នាំ​២០២៣​និង​ការចូលរួម​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ITE HCMC 2022 នឹង​ជួយ​ទាក់ទាញ​កំណើន​វិនិយោគិន និង​ទេសចរ​វៀតណាម​កាន់តែ​ច្រើន​ថែម​ទៀត ព្រោះ​វៀតណាម​ជាទី​ផ្សារ​លំដាប់​ទី​២​របស់​កម្ពុជា ដែលមាន​១៨៩,៧៨២​នាក់ សម្រាប់​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០២២​។​

​សូមជម្រាបថា នេះ​គឺជា​ការ​ប្រារព្ធ​ខួប​ទី​២៩​ឆ្នាំ​របស់​ក្រុមហ៊ុន​អន្តរជាតិ World Travel Awards ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម នា​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២ ស្របពេល​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ITE HCMC 2022 ក្រោម​ប្រធានបទ «​ការរីកចម្រើន​ឆ្ពោះទៅមុខ​ទាំងអស់គ្នា – Growing Forward Together»៕​ដោយៈផាវី