ព័ត៌មានជាតិ

សហរដ្ឋអាម៉េរិកនឹងបង្កើនកិច្ចសហការផ្នែកវប្បធម៌ ជាមួយអាជ្ញាធរជាតិអប្សរាសម្រាប់អនាគត

សៀមរាប៖ សហរដ្ឋអាម៉េរិកបានបង្ហាញជំហរថាខ្លួននឹងបង្កើននូវកិច្ចសហការបន្ថែមទៀត ខាងផ្នែកវប្បធម៌សម្រាប់អនាគត ដោយធ្វើការជាមួយនិងអាជ្ញាធរអប្សរា ដែលជាស្ថាប័ន ទទួលបន្ទុកថែរក្សានិងការពារប្រាសាទបុរាណនៅក្នុងខេត្តសៀមរាប។

អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញានេះ តំណាងការិយាល័យកិច្ចការអប់រំនិងវប្បធម៌ របស់ក្រសួង ការបរទេសសហរដ្ឋអាម៉េរិក កញ្ញា ANNE COMPTON បានជួបពិភាក្សាការងារជាមួយ លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។

នៅក្នុងការជួបពិភាក្សានោះ សហរដ្ឋអាម៉េរិកកំពុងស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីឈានទៅរកការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ឱ្យកាន់តែទូលាយ ជាពិសេសគឺការងារផ្នែកវប្បធម៌ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕