សេដ្ឋកិច្ច

ទេសាភិបាល​ធនាគារជាតិ៖សេដ្ឋកិច្ចកម្ពុជា​ឆ្នាំនេះ​រំពឹង​មាន​កំណើន​ក្នុង​រង្វង់​៥% អត្រា​អតិផរណា​នឹង​ថយ​ទាប​ជាង​៥% នៅ​ឆមាស​ទី​២

ភ្នំពេញ​៖​សេដ្ឋកិច្ចកម្ពុជា​រំពឹងថា មាន​កំណើន​ក្នុង​រង្វង់​៥​ភាគរយ ហើយ​អត្រា​អតិផរណា​នឹង​ថយចុះ​ទាប​ជាង​៥​ភាគរយ នៅ​ឆមាស​ទី​២ ឆ្នាំ​២០២២​នេះ​។​នេះ​បើតាម​ប្រសាសន៍​របស់លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​។​

​លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​ដូច្នេះ​ជម្រាប​ទៅដល់​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) ក្នុងជំនួប​ជាមួយ​លោក Alasdair Scott ប្រធាន​បេសកកម្ម​របស់ IMF សម្រាប់​កម្ពុជា នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២​។

​​លោក ជា ចាន់តូ បាន​ជម្រាបជូន​ថា​៖​សេដ្ឋកិច្ចកម្ពុជា​រំពឹងថា មាន​កំណើន​ក្នុង​រង្វង់​៥​ភាគរយ ជាមួយនឹង​អត្រា​អតិផរណា​អាច​គ្រប់គ្រង​បាន ទោះបីជា​នៅក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២២ បាន​កើនឡើង​ក៏ដោយ ចំណែក​អតិផរណា​នៅ​ឆមាស​ទី​២​នេះ​ត្រូវបាន​រំពឹងថា ថយ​ចុះ​ទាប​ជាង​៥​ភាគរយក្នុងនោះ​ទុនបម្រុង​អន្ដរជាតិ​កម្ពុជា បន្ត​រក្សាបាន​ក្នុង​កម្រិត​គ្រប់គ្រាន់​ស្មើនឹង​ប្រមាណ​៧​ខែ​នៃ​ការ​នាំចូល​ទំនិញ និង​​សេវា ដែល​ខ្ពង់​ជាង​កម្រិត​អប្បបរមា​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន​គឺ​៣​ខែ​។​

​លោក​ទេសាភិបាល​បាន​បន្ដថា ចំពោះ​តម្លៃ​ប្រាក់រៀលអត្រា​ប្ដូរ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​មាន​ស្ថិរភាព​ល្អប្រសើរ ដោយមាន​កម្រិត​​មធ្យម​ប្រហាក់ប្រហែល​នឹង​គ្រា​ដូចគ្នា ក្នុង​រយៈពេល​៨​ខែ​ដំបូង​ឆ្នាំ​២០២១ ក្រោម​បរិការណ៍​ដែល​សកម្មភាព​សេដ្ឋកិច្ច ងើប​ឡើងជា​លំដាប់​។ ស្ថិរភាព​អត្រា​ប្ដូរប្រាក់​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​ការពារ​អំណាច​ទិញ​របស់​ចំណូល​ប្រជាជន ក៏ដូចជា​កាត់បន្ថយ​ផលប៉ះពាល់ ពី​ការកើនឡើង​នៃ​អតិផរណា​៕ដោយៈសិរីមតី