សេដ្ឋកិច្ច

គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២២ ជប៉ុន​វិនិយោគ​នៅ​កម្ពុជា​ជិត​៣​ពាន់​លាន​ដុល្លារ​

ភ្នំពេញ​៖​គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ជប៉ុន ចំនួន​១៤៩​គម្រោង​ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ​២.៩​ប៊ី​លាន​ដុល្លារ​អាម៉េរិក​។​

​ជាមួយគ្នានេះ សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា (JBAC) បាន​ប្ដេជ្ញា​កៀរគរ​អ្នក​វិនិយោគិន​ជប៉ុន បន្ត​និង​មក​ការវិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត ដើម្បី​រួមចំណែក​ស្តារ​សេដ្ឋកិច្ច ។​

​ការប្ដេជ្ញា​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​២៤ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន ក្រោម​ការដឹកនាំ​ដោយ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក ម៉ាសា​ហ៊ី​រ៉ុ មី​ខា​មី (Masahiro MIKAMI) ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញនិង​ពេញ​សមត្ថភាព នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២ នា​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

​​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA)​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) សមាគម​ធុរកិច្ច​ជប៉ុន នៅ​កម្ពុជា (JBAC) និង​តំណាង​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​ប្រតិបត្តិ​ការ​វិនិយោគ​នៅ​កម្ពុជា ដែលមាន​អ្នកចូលរួម​សរុប​ចំនួន​ប្រមាណ ១៣០ រូប​។​

​កិច្ចប្រជុំ​ទ្វេភាគី​នេះ ជា​ផ្នែក​មួយ​នៃ​យន្ត​ការថែទាំ​វិនិយោគដែល​ត្រូវបាន​រៀបចំឡើង​ចាប់តាំងពី​ឆ្នាំ​២០០៩​មកក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុ​ជា និង​ជប៉ុន ស្តីពី​សេរីភាវូបនីយកម្ម ការជំរុញ និង​ការការពារ​វិនិយោគ ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ឯកឧត្តម ស៊ីន​ហ្សូ អា​បេ (Shinzo Abe) កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០០៧​។​

​ក្នុង​ស្មារតី​រួមគ្នា​កែលម្អ និង​ធ្វើ​ឲ្យ​ប្រសើរឡើងនូវ​បរិយាកាស​វិនិយោគនិង​ធុរកិច្ច​នៅ​កម្ពុជា កិច្ចប្រជុំ​នេះ បានផ្ដល់​នូវ​ឱកាស​ជូន​វិនិយោ​គិន​​ជប៉ុន លើកឡើង​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​នានា ជូន​ភាគី​រាជរដ្ឋាភិបាល ដើម្បី​ធ្វើការ​បកស្រាយ និង​ដាក់ចេញ​នូវ​ដំណោះស្រាយ ឈ្នះ​-​ឈ្នះ​។​

​ក្នុង​កិច្ចប្រជុំ​លើក​ទី​២៤​នេះ ប្រធានបទ​ដែល​ត្រូវបាន​លើក​មក​ពិភាក្សា​រួមមាន​៖ (១)- កាតព្វកិច្ច​ពន្ធ​របស់​អភិបាល​អ​និវាស​ន​ជន​, (២)- ឡូ​ជី​ស្ទីក (​ការ​ព​ន្លឿ​ន​ការដាក់​ឲ្យ​ដំណើរការ​មាត់ច្រក​ព្រំដែន​ស្ទឹង​បត់ នៅ​ក្រុង​ប៉ោយប៉ែត និង​វឌ្ឍនភាព​នៃ​ប្រព័ន្ធ​បញ្ជរ​ជាតិ​កម្ពុជា ឌី​ជី​ថ​លូ​ប​នីយកម្ម និង​សាមញ្ញ​កម្ម​នៃ​នីតិវិធី​គយ​) និង (៣)- ថាមពល (​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី និង​ការ​ដាច់​ចរន្តអគ្គិសនី និង​ការគាំទ្រ​លើ​សកម្មភាព ស្តីពី​អព្យាក្រឹត​កាបូន​)​៕ដោយៈសិរីមតី