ព័ត៌មានជាតិ

កងកម្លាំងតំបន់ប្រតិបត្តិការសឹករង ចុះជួយពលរដ្ឋដោយជំនន់ទឹកភ្លៀង

បន្ទាយមានជ័យ៖កងកម្លាំងអន្តរាគមន៍ផ្នែកសឹករងខេត្តបន្ទាយមានជ័យ បានចុះជួយ​ប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង និងបញ្ជូនទៅទីទួលមានសុវត្ថិភាព។

មន្រ្តីយោធាក្នុងប្រតិបត្តិការបានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន៥គ្រួសារដែលជួបគ្រោះជំនន់ទឹកភ្លៀង ត្រូវបានកម្លាំងអន្តរាគមន៍ផ្នែកសឹករងចុះជួយសង្គ្រោះយកទៅទីទួលមានសុវត្ថិភាពនៅវេលាទៀបភ្លឺថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

តាមបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​បន្ទាយមានជ័យ កម្លាំងអន្តរាគមន៍ផ្នែកសឹករងម៉ាឡៃ សហការជាមួយកម្លាំងវរសេនាតូចលេខ៥១១ និងអាជ្ញាធរមូលដ្ឋាន បានចុះជួយសង្គ្រោះពលរដ្ឋរងគ្រោះនិងជញ្ជូនសម្ភារយកទៅទីទួលមានសុវត្ថិភាព ស្ថិតនៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

មន្រ្តីយោធាដដែលបានបន្តថា ដោយសារតែរយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់​ជាបន្តបន្ទាប់​ធ្វើឱ្យបណ្ដាភូមិមួយចំនួនរងផលប៉ះពាល់ជីវភាពប្រចាំថ្ងៃ និងផលដំណាំជាច្រើនរបស់ពួកគាត់៕

ដោយ៖វិចិត្រ