កីឡា

Henderson នឹងត្រូវអវត្តមានរយៈពេល ៣សប្តាហ៍

ប្រធានក្រុម Liverpool គឺកីឡាករ Jordan Henderson ត្រូវបានគេរំពឹងថា នឹងសម្រាកព្យាបាលរបួសសរសៃពួរកំភួនជើងប្រមាណជា ៣សប្ដាហ៍។ នេះបើយោងតាមអ្នកកាសែត James Pearce របស់ The Athletic។

កីឡាករ Henderson បានរងរបួសបែបនេះ ក្នុងការប្រកួត នៅកីឡដ្ឋាន Anfield ដែលបានយកឈ្នះ Newcastle United ទាំងប្រផិតប្រផើយ ២-១ ដោយធ្វើឱ្យរូបគេត្រូវអវត្តមាន ក្នុងជំនួប Merseyside Derby ដែលបញ្ចប់ទៅត្រឹមស្មើ ០-០ ជាមួយក្រុម Everton កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។

សម្រាប់ស្ថានភាពរបស់កីឡាករ Henderson ប្រហែលជាមិនមានបញ្ហាខ្លាំងនោះឡើយ បន្ទាប់ពីលោក Pearce បានឱ្យដឹងថា លទ្ធផលស្កែនរបស់កីឡាករប្រធានក្រុមរូបនេះ បង្ហាញថា រូបគេមិនរងរបួសធ្ងន់ធ្ងរពេកនោះទេ ហើយវាត្រូវចំណាយពេលប្រហែល ៣សប្តាហ៍ ដើម្បីជាសះស្បើយឡើងវិញ។

ដូច្នេះ ក្រុមហង្សក្រហមនឹងអស់សិទ្ធិប្រើប្រាស់កីឡាករ Henderson ក្នុងការប្រកួត នៅក្របខ័ណ្ឌ UEFA Champions League ប្រចាំពូល A ដោយជួបជាមួយក្រុមម្ចាស់ផ្ទះ Napoli នៅយប់ថ្ងៃពុធនេះ តាមមកដោយការប្រកួត ដែលត្រូវជួបជាមួយក្រុម Wolverhampton Wanderers (Premier League) ក្នុងទឹកដីខ្លួនឯង Ajax Amsterdam (Champions League) ទឹកដីខ្លួនឯង និងក្រុមតោខៀវ Chelsea (Premier League) នៅក្រៅផ្ទះ៕