សេដ្ឋកិច្ច

ក្រសួង​សាធារណការ ដោះស្រាយ​បញ្ហា​សេសសល់ និង​ត្រៀម​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ​

​ភ្នំពេញ​៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​៦​ខែកញ្ញា​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ដឹកនាំ​ដោយ​លោក Sun Yao Guo ប្រធាន​វិស្វករ ដើម្បី​ពិនិត្យ​ពិភាក្សា លើ​ចំណុច​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការងារ​ដែល​នៅ​សេសសល់ និង​ត្រៀម​ដាក់ឱ្យ​ដំណើរការ​សាកល្បង ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ​នាពេល​ឆាប់ៗ​ខាងមុខ​។​

​ថ្លែង​ទៅកាន់​អង្គប្រជុំ​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ និង​អំណរគុណ​ទៅកាន់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ (CRBC) ដែល​បាន​អនុវត្ត​ការងារ​សាងសង់​លឿន​ជាងគម្រោង​ដែល​បានគ្រោង​ទុក​ក្នុង​កិច្ចសន្យា ​។ ជាមួយគ្នានេះដែរ​    ឯក​ឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​ដាក់​ផែនការឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ការងារ​ដែល​នៅ​សេសសល់​យកមក​ពិភាក្សា​ដើម្បី​ស្វែង​រក      ដំណោះ​ស្រាយ ​ឱ្យបាន​រួចរាល់ ដើម្បី​ត្រៀម​ដាក់ឱ្យ​ដំណើរ​សាកល្បង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​


សូម​ជម្រាបជូន​ថា​៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង​សរុប ១៨៧,០៥​គីឡូម៉ែត្រ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​។ ផ្លូវ​នេះ​ស​ម្រ​ច​បាន ៩៦,៦០% គិត​ត្រឹម​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោង​ក្រោម​​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ គម្រោង​សាងសង់​ផ្លូវ ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ​នឹង​ក្លាយជា​ផ្លូវ​ល្បឿន​លឿន​ថ្មី និង​ដំបូង​បំផុត​នៅក្នុង​ព្រះរាជា​ណា ចក្រ​កម្ពុជា​និង​ជា​គម្រោង​ផ្លូវ​របៀង​យុទ្ធសាស្ត្រ​​សំខាន់បំផុត​ជួយ​កាត់បន្ថយ​ពេល​វេ​ល​ធ្វើដំណើរ​ពី រាជធានី​ភ្នំពេញ ទៅកាន់​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​ថយ​មក​ប្រមាណ​ពីរ​ម៉ោង​ប៉ុណ្ណោះ ព្រមទាំង​ជួយ​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​ផងដែរ​៕​ដោយៈសិរីមតី