ព័ត៌មានជាតិ

អាជ្ញាធរស្នើក្រសួងអភិវឌ្ឍន៍ជនបទជួយពន្លឿនការស្ថាបនាផ្លូវនៅស្រុកកំពង់សៀម

កំពង់ចាម៖ អាជ្ញាធរបានស្នើឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ជួយពន្លឿនដល់ការអនុវត្តគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូ និងបេតុងឆ្លងកាត់ឃុំទ្រាន និងឃុំស្រក ស្រុកកំពង់សៀមមានប្រវែងសរុបជាង ១០ គីឡូម៉ែត្រ។ ដោយបច្ចុប្បន្នផ្លូវលំមួយខ្សែនេះ គឺកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ពីជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក ម៉ែន សារុន មេឃុំទ្រានបានប្រាប់ឱ្យដឹងនៅថ្ងៃទី ៦ កញ្ញាថា៖ កន្លងមកខាងក្រសួងអភិវឌ្ឍន៍ជនបទ និងម្ចាស់ជំនួយធនាគារពិភពលោក( WORLD BANK ) បានចុះមកសិក្សាវាយតម្លៃលើផ្លូវនេះរួចហើយ។ កាលនោះបានសម្រេចសង់ជាផ្លូវបេតុង នៅតំបន់លិចទឹកដូចជានៅលើខ្នងទំនប់ជ្រោយចេក និងនៅតំបន់មិនលិចទឹកសង់ជាផ្លូវក្រាលកៅស៊ូ។

លោកមេឃុំទ្រានបានឱ្យដឹងទៀតថា៖ ជាពិសេសខាងក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យខាងអាជ្ញាធរ ជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានលំនៅឋាន អមសងខាងផ្លូវបានដឹងពីការស្ថាបនាផ្លូវ និងចូលរួមសហការពីផលប៉ះពាល់នានា។ ក្នុងនោះឃុំទ្រានមានប្រវែងប្រមាណ បួន គីឡូម៉ែត្រឆ្លងកាត់ភូមិទួលចំបក់,ភូមិប្រថង និងភូមិវាលក្រៀល ដែលមានលំនៅឋានប្រជាពលរដ្ឋជាង ៣០ គ្រួសារ រស់នៅអមផ្លូវបាន ផ្តិតមេដៃឯកភាពចូលសហការសាងសង់ផ្លូវនេះហើយ។

លោកបានបន្តថា៖ ដោយឡែកនៅសល់ចម្ងាយជិត ១០ គីឡូម៉ែត្រទៀតស្ថិតក្នុងឃុំស្រក ក៏ខាងអាជ្ញាធរឃុំស្រកបានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ ឱ្យចូលរួមសហការដូចគ្នាដែរ។ ប៉ុន្តែនៅចន្លោះ នៃការរង់ចាំនោះបានធ្វើឲ្យផ្លូវមួយខ្សែនេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀង។ដូច្នេះ សូមស្នើដល់ក្រសួងអភិវឌ្ឍន៍ជនបទមេត្តាជួយពន្លឿន ដំណើរការស្ថាបនាឱ្យបានឆាប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕