សេដ្ឋកិច្ច

អ្នកជំនាញអ្នក​កែច្នៃ​ក្នុង​វិស័យ​ក​សិ​-​ម្ហូបអាហារ ត្រូវ​ចាប់​ទីផ្សារ​ចិន និង​អឺ​រុ​ប​ឱ្យ​ជាប់ ដើម្បី​និរន្ត​ភាព​នៃ​ការនាំចេញ​

​ភ្នំពេញ​៖ អ្នកជំនាញបាន​ជំរុញ​ឲ្យ​អ្នក​ដែលមាន​បំណង​ចង់​ចាប់ផ្តើម​អាជីវកម្ម លក្ខណៈ​កែច្នៃ​កសិផល សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ គួរតែ​ព្យាយាម​ចាប់យក​ទីផ្សារ​ចិន និង​អឺរ៉ុប​ឱ្យ​ជាប់ ដើម្បី​រក្សា​និរន្ត​ភាព​នៃ​ការនាំចេញ​របស់ខ្លួន​។​​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថ្លែង​បែបនេះនៅក្នុង​វេទិកានិង​ពិព័រណ៍​ប្រចាំឆ្នាំស្តីពី​ជំនួញនិង​ឱកាស​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នាពេល​ថ្មី​ៗ​នេះ។​

​តាមរយៈ​បទពិសោធន៍​ការនាំចេញ​របស់​វិស័យ​ស្រូវ​អង្ករ រយៈពេល​១០​ឆ្នាំនេះ លោក​កត់សម្គាល់​ឃើញថា ទីផ្សារ​ទាំងពីរ​នេះ ជាទី​ផ្សារ​ដ៏​មាន​សក្តានុពល​ដ៏​សម្រាប់​កម្ពុជាដែល​អាច​ជំរុញ​ឱ្យ​ការនាំចេញ​បាន​លឿន និង​មិន​ខាត​ពេល​។ សម្រាប់​ទីផ្សារ​ចិន បាន​ស្រូបយក​ប្រភេទ​​អង្ក​រស និង​អង្ករ​ក្រអូប​ពី​កម្ពុជា​យ៉ាងច្រើន និង​ទីផ្សារ​អឺរ៉ុប បាន​ស្រូបយក​ប្រភេទ​អង្ករ​ក្រអូប​របស់​កម្ពុ​ជាជាង​៩០%​។​

​លោក​បាន​គូសបញ្ជាក់​ថា៖ក្នុង​វិស័យ​ក​សិ​-​កែច្នៃ​ម្ហូបអាហារ គឺ​មានតែ​ទីផ្សារ​ពីរ​ទេ ដែល​យើង​ត្រូវតែ​ព្យាយាម​ចាប់យក គឺ​ចិន និង​អឺរ៉ុប  ក្រៅពីនេះ​យើង​នៅមាន​ភាព​ស្មុ​គ្រ​ស្មាញ។

​លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ស៊ី​កនេ​ត​ឈ័​រ អ​ហ្វ អេ​ស៊ា បាន​លើកឡើងថា ទីផ្សារ​ចិន និង​អឺរ៉ុប គឺជា​ទីផ្សារ​ដែលមាន​ស​ក្តា​នុព​ល សម្រាប់​ការនាំចេញ​របស់​ប្រទេស​នានា មិនថាតែ​កម្ពុជា​នោះទេ​។ ការ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​មិនមែន​ចូលទៅ​តែ​ប្រទេសមួយ​ទេ នៅក្នុង​នោះគេ​មាន​បណ្តាញ​ផ្គត់ផ្គង់​ទៅជា​ង​២០​ប្រទេស នៅក្នុង​ទីផ្សារ​អឺរ៉ុប​។

​យោងតាម​​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​ចិន​បាន​ឈរ​នៅ​លំដាប់​ទី​១ ដែល​នាំចូល​អង្ករ​កម្ពុ​ជាច្រើន​ជាងគេ ដែល​បាន​ស្រូបយក​បរិមាណ​នាំចេញ​អង្ករ​ពី​កម្ពុជា​ចន្លោះ​ពី​ជាង​២០​ម៉ឺន​តោន​ទៅ​៣០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ​។ ចំណែក​ទីផ្សារ​អឺរ៉ុប​ស្ថិតក្នុង​លំដាប់​ទី​២ ដោយ​ជា​រៀងរាល់ឆ្នាំ​កម្ពុជា បាន​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប​រង្វង់​ជាង​២០​ម៉ឺន​តោន​។ បន្ទាប់​សហគមន៍​អឺរ៉ុប បាន​បញ្ឈប់​ការយកពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា នៅ​ឆ្នាំ​២០២២​នេះ ការនាំចេញ បានចាប់ផ្តើម​កើនឡើង​វិញ​ផងដែរ​។​

​របាយការណ៍​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា ក្នុង​រយៈពេល​៧​ខែ នៃ​ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​៣៥០,៩០២​តោន ទទួលបាន​ទឹកប្រាក់​ចំនួន​២១៨.១៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុងនោះ​នាំចេញ​ទៅកាន់​ប្រទេស​ចិន ម៉ា​កាវ និង​ហុងកុង បាន​ចំនួន​១៦៩,៧៦៦​តោន ទទួលបាន​ទឹកប្រាក់​ចំនួន​៨៩.០៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក​,​សហគមន៍​អឺរ៉ុប​ដែលមាន​ចំនួន​២៥​ប្រទេស មាន​បរិមាណ​ចំនួន​១២២,៨៤២​តោន ទទួលបាន​ទឹកប្រាក់ ចំនួន​៨៦.០៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕​ដោយ៖សិរីមតី