សេដ្ឋកិច្ច

កម្ពុជា​យក​ឱកាស​បុណ្យ​សមុទ្រ​នៅ​ព្រះសីហនុ បង្អួត​គោលដៅ​ទេសចរណ៍​ឆ្នេរ​ទៅកាន់​សកលលោក​

ភ្នំពេញ​៖ កម្ពុជា​មានបំណង​យក​ឱកាស​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​នា​ចុងឆ្នាំ​២០២២​នេះ ជា​ឱកាស​ក្នុងការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ឆ្នេរសមុទ្រ​របស់ខ្លួន ទៅកាន់​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​បំផុត​លើ​សកលលោក ដោយ​កម្ពុជា​ក៏​ជា​សមាជិក​នៃ​អង្គការ​នេះដែរ​។​

​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​៩-១១ ខែធ្នូ ឆ្នាំ​២០២២ ជាមួយគ្នា​នោះ​កម្ពុជា​ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ចាប់ពី​ថ្ងៃទី​៩-១៤ ខែធ្នូ​ផងដែរ ក្រោម​ប្រធានបទ «​ឆ្នេរ​នៃ​សន្តិភាព​ឆ្នេរ​នៃ​ក្ដីសង្ឃឹម​»​។​

​នៅ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នា​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេស​ចរណ៍​បាន​ជំ​រុញឱ្យ​រដ្ឋបាល ខេត្ត​ព្រះសីហនុ​ត្រូវមាន​ស្ដង់​មួយ​សម្រាប់​បង្ហាញ​ស្នាដៃ​របស់ខ្លួន ពិសេស​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ឆ្នេរសមុទ្រ​ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម ទៅកាន់​ប្រជាជន ភ្ញៀវទេសចរ​អន្តរជាតិ ក៏ដូចជា​គណៈ​ប្រតិភូ​អន្តរជាតិ​ដែល​នឹងចូលរួម​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​នោះ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ក្នុងពេល​រៀបចំ​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​នាពេល​ខាង​មុខ​នោះ ប្រធាន​ក្លិប​នឹង​ផ្សព្វផ្សាយ​អំពី​គំរូ​ដ៏​ល្អ​របស់​កម្ពុជា និង​ខេត្ត​ព្រះសីហនុ​ដែល​បាន​ខិតខំ​អភិវឌ្ឍ​គ្រប់គ្រង​ឆ្នេរសមុទ្រ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ បង្ហាញ​ទៅ​សមាជិក​ក្លិប​ឆ្នេរ​ទាំងអស់​ដែល​បច្ចុប្បន្ន​មាន​២៦​ប្រទេស​៕ដោយៈផាវី