សេដ្ឋកិច្ច

ម្ចាស់អាជីវកម្មនិងអ្នកជំនាញចែករំលែកបទពិសោធជំរុញអាជីវកម្មខ្នាតតូចនិងមធ្យមឲ្យរីកចម្រើន

ភ្នំពេញ៖វេទិកាម្ចាស់អាជីវកម្មកម្ពុជា ស្តីពីការប្រឈម និងឱកាសក្រោយកូវីដ-១៩និងរលកសេដ្ឋកិច្ចសកលថ្មីត្រូវបានរៀបចំឡើងដោយ Home-Ducationក្រោមការ ចូលរួមពីសំណាក់វាគ្មិន ដែលជាអ្នកជំនាញសេដ្ឋកិច្ចនិងមានបទពិសោធន៍ក្នុងពិភពជំនួនជាច្រើន។វេទិកានេះប្រព្រឹត្ត ទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ។

វេទិកាម្ចាស់អាជីវកម្មកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់អ្នកដែលជាម្ចាស់អាជីវកម្មទាំងអស់។វេទិកានេះផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹង ការអភិវឌ្ឍសេដ្ឋកិច្ចសកលនិងគោលនយោបាយឆ្លើយតបរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់នឹងវិបត្តិដែលអាចនឹងកើតមានឡើង។ជាងនេះទៅទៀតអាចធ្វើការទំនងទំនងជាមួយគ្នាដើម្បីរៀនសូត្រអំពីបទពិសោធន៍ថ្មីៗក្នុងការដឹកនាំ ការរកស៊ីក្នុងបរិបទថ្មីនេះជាពិសេសម្ចាស់អាជីវកម្មបានជួបជាមួយវាគ្មិនកិត្តិយស ល្បីៗជាច្រើនរូបមកចែករំលែកបទពិសោធ ចំណេះដឹង ជំនាញក្នុងការជំរុញឱ្យអាជីវកម្មខ្នាតតូច និងមធ្យមឱ្យកាន់តែរីកចម្រើនទៅមុខ ។

លោក កឹម អឿន ស្ថាបនិក  និងជាអគ្គនាយកសហគ្រាសអប់រំ Home-Ducation បានឱ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មានដល់អាជីវករ អំពីដំណើរការអភិវឌ្ឍ SME នាពេលអនាគត សេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេស សេដ្ឋកិច្ចកម្ពុជា អំពីឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាន ផ្សេងៗមកលើម្ចាស់ អាជីវកម្ម ពីសំណាក់វាគ្មិនដែលជាអ្នកជំនួញមានជំនាញចំនួន ១០រូប។ លើសពីនេះ កម្មវីធីនេះ គឺជួយឱ្យអាជីវករគ្រប់រូប ត្រូវចេះត្រៀមខ្លួនចាប់យកឱកាស នៅក្នុងវិបត្តិសេដ្ឋកិច្ច។

អ្នកជំនាញរូបនេះបន្តថា កម្មវិធីនេះ ជាវេទិកាសម្រាប់អាជីវករបង្ហាញខ្លួន និងផ្សព្វផ្សាយផលិតផល ព្រមទាំងផ្តល់ព័ត៌ មាន ពីយន្តការគាំពារនិងគោលនយោបាយ របស់ស្ថាប័នអន្តរជាតិ និងរាជរដ្ឋាភិបាល។

លោក កឹម អឿន បានបន្តថា៖កម្មវិធីនេះ ធ្វើការជជែកវែកញែក រវាងអាជីវករ និងអ្នកជំនាញ អំពីបញ្ហាប្រឈមផ្សេងៗ និងស្វែងរកដំណោះស្រាយ ក្នុងការអភិវឌ្ឍ អាជីវកម្មក្នុងដំណាក់កាលមានវិបតិ្តសកលផ្សេងៗ ជាពិសេស សង្គ្រាមរវាង រុស្ស៊ីជាមួយអ៊ុយក្រែន

នៅក្នុងវេទិកានេះ មានវាគ្មិនល្បីៗនិងមានបទពិសោធជាច្រើនមកចែករម្លែកបទពិសោធនិងចំណេះដឹង ដូចជា លោក អៀង សុធារ៉ា អគ្គនាយកក្រុមហ៊ុនអៀងគ្រុប ,ធម្មទានាចារ្យ          អ៊ុំ សារ៉ាវុធ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន U. S .R. V Group Co.,Ltd,លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា,លោកឧកញ៉ា ប៉ិច បូឡែន  ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវេសឡាញ អេដ្យូខេសិនគ្រុប,លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមធនាគារកម្ពុជា។

វេទិកានេះដែរ មានការពិភាក្សាទាក់ទងនឹងការអភិវឌ្ឍគោលនយោបាយ និងការឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចថ្មីៗ ផលប៉ះពាល់លើអាជីវកម្មពីកូវីដ១៩ ការត្រៀម ខ្លួនវិនិយោគសម្រាប់SME ការអភិវឌ្ឍខ្លួនឯងសម្រាប់ម្ចាស់អាជីវកម្ម។

Home ducationត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយនិងដោះស្រាយបញ្ហាអាយុជីវិតរបស់អាជីវកម្មគឺ “ទីផ្សារនិងការលក់” “ហិរញ្ញវត្ថុ “និង “មនុស្ស“ សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម(SME)និងជាកន្លែងសម្រាប់អាជីវករបង្ហាញខ្លួននិងផ្សព្វផ្សាយផលិតផលព្រមទាំងផ្តល់ព័ត៌មានពីយន្តការគាំពារនិងគោល នយោបាយរបស់ស្ថាប័នអន្តរជាតិ និងរាជរដ្ឋាភិបាល៕