សេដ្ឋកិច្ច, កម្សាន្ដ

ឯកអគ្គរាជទូត​ម៉ាឡេស៊ី​៖​ម៉ាឡេស៊ី​លែងមាន​ការធ្វើ​តេស្ត ច​ត្តា​ឡី​ស័ក ដូច​មុន ខណៈ​រមណីយដ្ឋាន សណ្ឋាគារ ផ្សារ​ទំនើប បើកទូលាយឡើងវិញ

​ភ្នំពេញ​៖​ក្នុងអំឡុងពេល​កូ​វីដ​១៩ វាយលុក​ខ្លាំង ចំនួន​ទេសចរ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ីបាន​ធ្លាក់ចុះហើយ​បច្ចុប្បន្ននេះ​ដោយសារ​វិបត្តិ​កូ​វីដ​បាន​​ធូរស្រាល ចរន្ត​ទេសចរ​បានចាប់ផ្តើម​រើប​ឡើងវិញ​បន្តិច ហើយ​ក្នុង​គោលបំណង​ស្តារ​វិស័យ​ទេសចរណ៍​ឱ្យដូចពេលមុនវិញ ម៉ាឡេស៊ី បាននិងកំពុង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​របស់ខ្លួនហើយ​បាន​ដក​របាំង​និង​លក្ខខណ្ឌ​សុខាភិបាលចេញ។

​ទាក់ទង​នឹង​បរិបទ​នេះ ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជានិង​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី​ បានរៀបចំ​ពិព័រណ៍​ទេសចរណ៍​ម៉ាឡេ​ស៊ី«Let’s Go Malaysia Travel Fair 2022 » នៅ​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ រយៈពេល​៣​ថ្ងៃចាប់ពី​ថ្ងៃទី​២ដល់ថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ​     ២០​២​២​។ ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​កម្មវិធី​ពិព័រណ៍​នា​ព្រឹក​ថ្ងៃទី​២​នេះ​មានការ​ចូលរួម​ពី​សំណាក់​ដា​ទុក អ៊ែ​ល​ដិ​ន ហ៊ូ​សៃ​នី ម៉ូដ​ហា​ស្ស៊ី​ម (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា,លោក សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ និង​ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា(CATA)​។​

លោកស្រី ពត រ៉ានី ប្រធាន​គ្រប់គ្រង​ទីផ្សារ​ប្រចាំ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី បានឱ្យដឹងថា ពិព័រណ៍​ទេសចរណ៍​ម៉ាឡេស៊ី​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយនិង​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរក៏ដូចជា​បង្ហាញ​ពី​ផលិតផល​ទេសចរណ៍​ថ្មីៗ​នៅ​ម៉ាឡេស៊ី​ព្រមទាំង​ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ម៉ាឡេស៊ី​។​

លោកស្រី ពត រ៉ានី បាន​បន្តថា ការតាំងពិព័រណ៍​ទេសចរណ៍​នេះដែរ​ក៏មាន​ការចូល​រួមសហកា​រ​ដោយ​ភ្នាក់ងារទេសចរណ៍​ក្នុងស្រុក​ចំនួន​១២​ក្រុមហ៊ុន​ដែល​បានមក​ដាក់តាំង​លក់​កញ្ចប់​សេវាកម្ម​ទេ​ចរណ៍​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី រួមមាន ក្រុមហ៊ុន World Pop Travel & Tours, ក្រុមហ៊ុន R.T.R Tours, ក្រុមហ៊ុន Sky King Travel & Tours, ក្រុមហ៊ុន 2 World Travel Cambodia, ក្រុមហ៊ុន Gold Star Travel & Tours, ក្រុមហ៊ុន Global Holiday Travel & Tours, ក្រុមហ៊ុន TNTO Travel & Tours, ក្រុមហ៊ុន Ann Loue Travel & Tours, ក្រុមហ៊ុន Fun Trip Travel & Tours, ក្រុមហ៊ុន SakonaTravel&Tours​។​ក្រៅពីនេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៣​ដែល មាន​ជើងហោះហើរ​ត្រង់​កម្ពុជា​-​ម៉ាឡេស៊ី រួមមាន ក្រុមហ៊ុន Malaysia Airlines, ក្រុមហ៊ុន AirAsia និង​ក្រុមហ៊ុន Lanmei Airlines​ព្រមទាំង​ធនាគា​កម្ពុជា​សាធារណៈ​, Medial Tourism ដែល​មកពី Sunway Medical Centre​។ ក្រុមហ៊ុន​ទាំងនេះ​នឹង​ផ្សព្វផ្សាយ​រយៈពេល​៣​ថ្ងៃ​ជាមួយនឹង​ការលក់​ប្រូ​ម៉ូ​សិ​ពិសេស​លើ​កញ្ចប់​សេវាកម្ម​ដំណើរ​កម្សាន្ត ការ​កក់​ជើងហោះហើរ និង​សេវាកម្ម​ទេសចរណ៍​ផ្សេងទៀត​។ លើសពីនេះ​ក៏មាន​ទីភ្នាក់ងារ Tourism Malaysia​ជាទី​ភ្នាក់ងារ​មួយ​ស្ថិតក្រោម​ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌​ម៉ាឡេស៊ី​។​

​លោក​ឯកអគ្គរាជទូត អ៊ែ​ល​ដិ​ន ហ៊ូ​សៃ​នី ម៉ូដ ហា​ស្ស៊ី​ម បាន​ថ្លែងថា​៖​បច្ចុប្បន្ន​ប្រទេស​ម៉ាឡេស៊ី​មិន​តម្រូវឱ្យមាន​លក្ខខណ្ឌ​អ្វី​ទៀតឡើយ​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ចូលទៅ​កាន់​ប្រទេស​ខ្លួន ពោលគឺ​លែងមាន​ការធ្វើ​តេស្ត ឬ​ការធ្វើ​ច​ត្តា​ឡី​ស័ក ការបង់ប្រាក់​ធានា ដូច​កាលពីពេល​រីក​រាលដាល​ជំងឺ​កូ​វីដ​ខ្លាំង​នោះឡើយ​។​

 

 

​លោក ឯកអគ្គរាជទូត បាន​ឲ្យ​ដឹងថា​៖​ទីក្រុង​គូ​ឡា​ឡាំ​ពួ កោះ​ឡាង​កា​វី រដ្ឋ​ចូ​ហូ រដ្ឋ​សា​រ៉ា​វ៉ា​ក់ រដ្ឋ​ម៉ា​ឡា​កា ក៏ដូចជា​កោះ ឆ្នេរសមុទ្រ ទីក្រុង​ទេសចរណ៍​ដទៃទៀត គឺ​បាន​ត្រៀម​ស្វាគមន៍​ភ្ញៀវទេសចរ​ពី​កម្ពុជា​រួចជាស្រេច​។ ភ្ញៀវទេសចរ​ដែល​ចង់ទៅ​ម៉ាឡេស៊ី គ្រាន់តែ​ទិញ​សំបុត្រ​យន្តហោះ ហើយ​រៀបចំ​អីវ៉ាន់​អាច​ទៅបាន​តែម្ដង​។​

​លោក​ឯកអគ្គរាជទូត​បាន​បន្តថាពេលនេះ​ជា​ពេល​ដ៏​ស័ក្តិសម​បំផុត​ក្នុងការ​ទៅ​ទស្សនា​កម្សាន្ត​នៅ​ម៉ា​ឡេ​ស៊ីពីព្រោះ​អាកាសធាតុ​អំណោយ​ផល ខណៈ​រមណីយដ្ឋាន គោលដៅ​ទេសចរណ៍ សណ្ឋាគារ ផ្សារ​ទំនើប និង​សេវាកម្ម​ទេសចរណ៍ គឺ​ត្រូវបាន​បើក​យ៉ាង​ទូលំទូលាយ​វិញ​អស់ហើយ​។​

 

 

​ជាមួយគ្នា​នោះ លោក​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​បានបញ្ជាក់​ទៀតថា នៅ​ប្រទេស​ម៉ាឡេស៊ី​ក៏​តែងមាន​ការផ្សព្វផ្សាយ​អំពី​ទេសចរណ៍​កម្ពុជា​ផងដែរ​ដើម្បី​ជំរុញ​ចលនា​ភ្ញៀវទេសចរ​ពី​ម៉ា​ឡេ​ស៉ី​មក​កម្ពុជា ខណៈ​បច្ចុប្បន្ន​មាន​ភ្ញៀវទេសចរ​ម៉ា​ឡេ​ស៉ី​មកកាន់​កម្ពុជា​ច្រើនណាស់​ដែរ គឺ​រហូតដល់​៨,០០០​នាក់​បន្ទាប់ពី​ប្រទេស​ទាំងពី​ប្រកាស​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ​នោះ​។​ក្រោយ​កម្មវិធី​ពិព័រណ៍​ទេសចរណ៍​នេះ លោក​រំពឹងថា​ចំនួន​ទេសចរ​កម្ពុជា​ទៅ​ម៉ាឡេស៊ី​នឹង​កើនឡើង​។​

​លោក​បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍​នេះ ក៏មាន​កញ្ចប់​ទេសចរ​ណ៍​ពិសេសៗ ដែល​ក្នុងនោះ​រួមមាន​ការបញ្ចុះ​តម្លៃ​សំបុត្រ​យន្តហោះ និង​បញ្ចុះតម្លៃ​កញ្ចប់​ទេសចរណ៍​ជាដើម​។​

​លោក​សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ថ្លែង​លើកទឹកចិត្ត​ដល់​ភាគី​ម៉ាឡេស៊ី​ក៏ដូចជា​ក្រុមហ៊ុន​ទេសចរណ៍​នៅ​កម្ពុជា​សហ​កា​រគ្នា​ចូលរួម​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ក្រោម​ទិស​ស្លោក «​ប្រទេស​ពីរ គោលដៅ​តែមួយ​» ដើម្បី​ទាក់ទាញ​ជំរុញ​ចលនា​ទេសចរ​ទៅវិញទៅមក​។​

​លោក​បាន​បន្តថា​៖​ម៉ាឡេស៊ី ជា​គោលដៅ​ដ៏​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ ហើយ​លោក​សង្ឃឹមថា ប្រជាជន​កម្ពុជា​ភាគច្រើន​នឹង​ទៅលេង​ម៉ាឡេស៊ី​ហើយ​នៅពេល​ខាងមុខ​កម្ពុជា​ក៏មាន​គម្រោង​ផ្សព្វផ្សាយ​ទេសចរណ៍​នៅ​ម៉ាឡេស៊ី​ដើម្បី​ទាក់ទាញ​ទេសចរ​ម៉ាឡេស៊ី​មក​ទស្សនកិច្ច​ក​ម្ពុ​ជា​ផងដែរ​។​

​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជាបានបង្ហាញ​ក្ដី​រំពឹងទុក​ថា តាមរយៈ​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​-​ម៉ាឡេស៊ី​​និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ល្អ​ជាមួយគ្នា​ឡើងវិញ​នេះ​ប្រទេស​ទាំងពីរ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​កាន់តែ​ច្រើនជាង​មុន​ពីព្រោះ​ប្រទេស​ទាំងពីរ​សុទ្ធ​តែមាន​ភាព​ទាក់ទាញ​ខ្លាំង​ដូចគ្នា​។​

លោកស្រី បាន​ថ្លែងថា​ ៖ ​ម៉ាឡេស៊ី ជា​គោលដៅ​ទេសចរណ៍​អាទិភាព​មួយ​របស់​ប្រជាជន​កម្ពុជា ទាំង​ការធ្វើដំណើរ​កម្សាន្តនិង​ជំនួញ ។ ទីភ្នាក់​ងារ​ទេសចរណ៍​ប្រទេស​ទាំងពីរនឹង​បង្កើន​ការរៀបចំ​កញ្ចប់​ទេសច​រណ៍​ពិសេសសម្រាប់​អ្នកធ្វើដំណើរ​កម្ពុជា​ទៅ​ម៉ាឡេស៊ីនិង​ទេសចរ​ម៉ាឡេ​ស៊ី​​​​មក​កម្ពុជា​៕ដោយៈផាវី