ព័ត៌មានជាតិ

ប្រព័ន្ធធារាសាស្រ្តគឺជាកត្តាសំខាន់ នៃកិច្ចការពារសម្បត្តិបេតិកណ្ឌតំបន់អង្គរឱ្យគង់វង្សមួយទៀត

សៀមរាប៖ ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លី ក្នុងតំបន់ រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កំពុងខិតខំប្រឹងប្រែងដោះស្រាយយ៉ាងខ្លាំង លើបញ្ហាបញ្ចប់រាល់សំណង់ខុសច្បាប់នានា ព្រមទាំងដោះស្រាយលើបញ្ហាកាន់កាប់ដីធ្លីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ ការពារបេតិកភណ្ឌ។

ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចុះវាស់វែងក្បាលដី កាលពីថ្ងៃទី១៧ ខែសីហាកន្លងទៅ រហូតមកដល់ពេលនេះ ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលមានស្ថាប័នចម្រុះ ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ  ក្រសួងបរិស្ថាន អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាផង បានរួមគ្នាដោះស្រាយ ដោយផ្ដល់ ជម្រើសឱ្យប្រជាពលរដ្ឋដែលធ្លាប់រស់នៅក្នុងតំបន់អង្គរ នាភូមិត្រពាំងសេះ និងប្រជាពលរដ្ឋភូមិទស្សិណខាងត្បូងនៃសង្កាត់គោកចកក្រុងសៀមរាប ចំនួនប្រមាណជាង៧០០គ្រួសារស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅ បានចាប់ឆ្នោតយកដីឡូតិ៍ ទំហំ២០គុណ៣០ម៉ែត្រ ដែលរដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ឌដ៏ល្អ នៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

ក៏ប៉ុន្តែអ្នកជំនាញខាងការពារបេតិកភណ្ឌ  បានមើលឃើញថា ការធ្វើឱ្យប្រព័ន្ធធារាសាស្រ្ត របស់សម័យអង្គរឱ្យមានសភាពដូចដើមឡើងវិញ គឺជាកត្តាសំខាន់មួយទៀតក្នុងកិច្ចការពារ ប្រាសាទបុរាណទាំងអស់និងទីក្រុងសៀមរាបទាំងមូល ឱ្យមាននិរន្តរភាពបានយូរអង្វែង ព្រមទាំងទីក្រុងមានសុវត្ថិភាព ការពារទឹកមិនឱ្យជន់លិចទីក្រុងផង។

អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ បានធ្វើបទបង្ហាញ នៅក្នុងកិច្ចប្រជុំ របស់ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី២ ខែកញ្ញាថា៖ចាប់តាំងពីសតវត្សទី៩ នៃគ្រិស្ដសករាជ ដែលអាណាចក្រខ្មែរបានប្ដូររាជធានី ចុះពីខ្នងភ្នំគូលែន មកតាំងនៅរាជធានីរលួសមក គឺព្រះមហាក្សត្រខ្មែរ បានកសាង ប្រព័ន្ធធារាសាស្រ្តជាច្រើនកន្លែងដើម្បីទាញយកទឹកពីខ្នងភ្នំគូលែន ចូលមកក្នុងទីក្រុង ដើម្បីជួយផ្សើមដី ឱ្យជួយការពារដល់គ្រឹះប្រាសាទបុរាណទាំងអស់ ឱ្យនៅគង់វង្ស ព្រមទាំងយកទឹកប្រើប្រាស់វិស័យកសិកម្មនិងទីក្រុងផង។

ឯកឧត្តមហង់ ពៅបញ្ជាក់ថា តាមការស្រាវជ្រាវគឺគេបានរកឃើញប្រព័ន្ធធារាសាស្ត្រ របស់អាណាចក្រសម័យអង្គររបស់ខ្មែរ មានខ្វាត់ខ្វែងប្រៀបបាននិងសរសៃឈាមរបស់ មនុស្សដូច្នេះដែរ។បច្ចុប្បន្ននេះប្រព័ន្ធធារាសាស្ត្រសម័យបុរាណទាំងនោះ ក្រៅតែពីឃើញ មាននៅគ្រប់ប្រាសាទបុរាណទាំងអស់ ក៏មានកន្លែងស្តុកទឹកធំៗបានបន្សល់ទុកនៅឡើយ ដូចជាបារាយណ៍ខាងកើត ដែលអាចស្តុកទឹកបានប្រមាណ៣០លានម៉ែត្រគុប បារាយណ៍ខាងលិច ដែលអាចស្ដុកទឹកបានប្រមាណ៥៦លានម៉ែត្រគុប បារាយណ៍ ខាងជើងអាចស្ដុកទឹកបាន៥លានម៉ែត្រគុប និងបារាយណ៍លលៃដែលអាចស្ដុកទឹក បានប្រមាណ៣លានម៉ែត្រគុប។

បារាយណ៍ទាំងនេះ មានតួនាទីសំខាន់ក្នុងការបញ្ជូនទឹកចូលមកទីក្រុងអង្គរនៅរដូវខ្វះទឹក ដើម្បីធ្វើឱ្យដីសើមហាប់ណែន ជួយការពារគ្រឹះប្រាសាទមិនឱ្យស្រុត និងទីក្រុងអាច យកទឹកទៅប្រើប្រាស់។ ចំណែកនៅរដូវវស្សាដែលមានទឹកច្រើន អាងស្ដុកទឹកទាំងនេះ  មានផ្លូវទឹកជាច្រើនអាចជួយបញ្ចៀសមិនឱ្យទឹកជន់លិចទីក្រុងបាន។

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានស្រាវជ្រាវជាច្រើនឆ្នាំមកហើយ ដោយរកឃើញផ្លូវទឹក និងប្រភពអាងស្តុកទឹកសំខាន់ៗទាំងនោះ ព្រមទាំងបានធ្វើទ្វារទឹក ចំនួនជាង១២០កន្លែង រួចហើយដែរ។

ចាប់តាំងពីឆ្នាំ២០១២មក ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា លើការរៀបចំផ្លូវទឹកបុរាណឱ្យវិលត្រឡប់ដូចសភាពដើមឡើងវិញនោះ គឺបានជួយទីក្រុង សៀមរាប មិនឱ្យជន់លិចជាច្រើនឆ្នាំមកហើយដែរ ។

ក៏ប៉ុន្តែទោះបីជាយ៉ាងណា ក៏នៅមានបញ្ហាធំៗជាច្រើននៅមិនទាន់ដោះស្រាយបាននៅ ឡើយ ដោយសារតែបច្ចុប្បន្ននេះ អតីតអាងស្ដុកទឹកធំៗ របស់សម័យអង្គរជាច្រើនកន្លែង បានក្លាយទៅជាដីលំនៅដ្ឋាននិងខ្លះជាដីស្រែ ចម្ការរបស់ប្រជាពលរដ្ឋអស់ទៅហើយ មិនទាន់អាចឱ្យក្រុមអ្នកជំនាញ បានធ្វើឱ្យវិលត្រឡប់ដូចដើមវិញបាននៅឡើយ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជា ប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាឯកឧត្តម ជា សុផារ៉ា បានបង្ហាញឆន្ទៈថាលោកចង់ដោះស្រាយ ឱ្យបារាយណ៍ខាងកើត ដែលកំពុងមាន ប្រជាពលរដ្ឋរស់នៅយ៉ាងច្រើននោះ ឱ្យបានប្រែក្លាយទៅដូច សភាពដើមពីសម័យ បុរាណកាលវិញ។ ឯកឧត្តមជា សុផារ៉ា បញ្ជាក់ទៀតថាលោកចង់ដោះស្រាយ ដើម្បីឱ្យទទួលបានផលប្រយោជន៍ ហើយការដោះស្រាយនោះ គឺមិនមែនធ្វើឡើងតាម រូបភាពដុតឱ្យខ្លោចរោចឱ្យឆៅនោះទេ៕