សេដ្ឋកិច្ច

អគ្គលេខាធិការ​CDC៖ច្បាប់​ស្តីពី​វិនិយោគ​ថ្មី បង្ហាញ​ពីការត្រៀមខ្លួនរបស់​រាជរដ្ឋាភិបាល​ក្នុងការ​ជំរុញ​និង​ទាក់ទាញ​វិនិយោគ​

​ភ្នំពេញ​៖​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងា​ជាមួយ​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​រៀបចំ​ដោយ​អង្គការ​ពាណិជ្ជកម្មក្រៅប្រទេស​ជប៉ុន (JETRO) ដោយមាន​ការចូលរួម​ពី​តំណាង​​វិនិយោគិន​ជប៉ុន​ក្នុង​វិស័យ​ចំណីអាហារ អេឡិចត្រូនិក សុខាភិបាល ឡូ​ជី​ស្ទិ​ក ធនាគារ សំណង់និង​អចលនទ្រព្យសរុប​ប្រមាណ​៣០​រូប​។​

​លោក សុខ ចិន្តា​សោភា បាន​ជម្រាបជូន​គណៈប្រតិភូ​ពី​ខ្លឹម​សារសំខាន់ៗ​នៃ​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​កាល ពីថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ ដូចជា កិច្ចសម្របសម្រួល ការធានា​និង​ការការពារ ការលើកទឹកចិត្ត និង ការថែទាំ​វិនិយោគ​។ បន្ថែម​លើ​នេះ​លោក​ក៏បាន​បញ្ជាក់ជូន​គណៈប្រតិភូ​ថា​៖ ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នេះ​បានបង្ហាញ​ឱ្យឃើញ​ច្បាស់​ពី​ការ​ត្រៀម​លក្ខណៈ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​និង​ទាក់ទាញ​វិនិយោគ​បន្ថែម​ប្រក​ដោយ​គុណភាព ដើម្បី​ចូលរួម​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកល តាមរយៈ​យុទ្ធសាស្ត្រ​បូក​មួយ​។

លោកស្រី Marisa Haruta តំណាង​អង្គការ JETRO ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បង្កើត​នូវ​​​បរិយា​កាស​​វិនិយោគ​ដ៏​ល្អប្រសើរ​លើ​គ្រប់​វិស័យ និង​ផ្តល់នូវ​ការឆ្លើយតប​ប្រកបដោយ​ភាពទន់ភ្លន់ ចំពោះ​ក្តីកង្វល់ និង​សំណូមពរ​របស់​វិនិយោគិន​ជប៉ុន​។​

​គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​អនុញ្ញាតឱ្យ​ក្រុមហ៊ុន ជប៉ុន​ធ្វើការ​វិនិយោគ​ចំនួន ១៤៨​ត​ម្រោ​ង ដែលមាន​ទុន​វិ​និ​យោត​សរុប​ប្រមាណ ២,៨៥ ប៊ី​លាន​ដុល្លារ អាមេរិក​។​

​គួរបញ្ជាក់​ផងដែរ​ថា កម្ពុជា​-​ជប៉ុន បានរៀបចំ​យន្តការ​ថែទាំ​វិនិយោគ​តាមរយៈ​កិច្ចប្រជុំ​ទ្វេភាគី ដែល​ត្រូវបាន​រៀបចំឡើង​ចាប់តាំងពី​ឆ្នាំ​២០០៩​មក ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​ជប៉ុន ស្តីពី​សេរីភាវូបនីយកម្ម ការជំរុញ​និង​ការការពារ​វិនិយោគ ដែល​ត្រូវបាន​ចុះ​ហត្ថ លេខា​ដោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ (Shinzo Abe) កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០០៧ ដែល​កិច្ចប្រជុំ​បន្ទាប់​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ ២០២២ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កិច្ចប្រជុំ​នេះ​ផ្តល់ឱកាស​ជូន​វិនិយោគិន​ជប៉ុន​លើក ឡើង​នូវ​បញ្ហា​ប្រឈម​នានា និង​សំណូមពរ​ជូន​តំណាង​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​រក​ដំណោះស្រាយ ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា​៕ដោយៈសិរីមតី