សេដ្ឋកិច្ច

ស្ពាន​អាកាស​ពីរទើបនឹងចាប់ផ្តើមសាងសង់តម្លៃ​ជាង ៤៦​លាន​ដុល្លារ​អាមេរិកនឹងបញ្ចប់នៅឆ្នាំ២០២៥

​ភ្នំពេញ​៖ស្ពាន​អាកាស​ចំនួន​ពីរគឺ​ស្ពាន​អាកាស​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយ​វិថី​កង​យោ​ធ​​ពល​ខេមរភូមិន្ទ(​ផ្លូវ​២៧១)​និង​ស្ពាន​អាកាស​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ីជាមួយ​មហាវិថី​សម្ដេចចៅហ្វា​វាំង​វរវៀង​ជ័យ​អធិ​ប​តី​​​​ស្រឹង្គារ គង់ សំអុល​បាន​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នា​ព្រឹក​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០២២​។​ស្ពាន​ទាំងពីរ​នេះ​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC ដោយ​គ្រោង​ចំណាយ​ថវិកា​ចំនួន ជាង​៤៦​ដុល្លា​អាមេរិក​។ស្ពាន​អាកាស​ទាំងពីរ​នេះ​នឹង​ចំណាយ​រយៈពេល​សាងសង់ចំនួន៣៦ខែដែលនឹង​បញ្ចប់​​​ឆ្នាំ​​២០២៥។​សម្តេច​​តេ​​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ស្ពាន​អាកាស​ចំនួន​ពីរ នេះ​។​

សូមបញ្ជាក់ថា​ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​កំណើន​យានយន្ត និង​ការធ្វើ​ចរាចរណ៍​កាន់តែ​ច្រើនឡើង​ពីមួ​យ​​​ឆ្នាំទៅ​មួយឆ្នាំ​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​សាងសង់​ស្ពាន​អាកាស​ចំនួន​ពីរ​បន្ថែមទៀត​។​ស្ពាន​អាកាស​ដែល​សាងសង់​បន្ថែម​នេះ​ទី​១​ស្ថិតនៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ​២៧១) ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ​។ ទី​២​ស្ថិតនៅ​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ជាមួយ​មហាវិថី​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល (​ផ្លូវ​លេខ​២០០៤) ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថាស្ពាន​អាកាស​ទាំងពីរ​នេះ នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិ​យោគទុន​អាណិក​ជន​​កម្ពុជា (OCIC) ដោយ​ចំណាយ​ថវិកា​សរុប ៤៦,៧៧៥.០០០​ដុល្លា​អាមេរិក​។ ក្នុងនោះ​ស្ពាន​អាកាស​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោហ៊ុន សែន មហាវិថី​ព្រះមុនីវង្សជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ(​ផ្លូវ​លេខ​២៧១)ចំណាយ​ថវិកា៣៦,៧៧៥,០០០​ដុល្លារនិង​ចំណាយ​ពេល​សាងសង់ ៣៦​ខែ​។​

​ដោយឡែក​ស្ពាន​អាកាស​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ជាមួយ​មហាវិថី​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល ចំណាយ​ថវិកា ១០​លាន​ដុល្លារ​អាមេរិក ចំណាយពេល​សាងសង់ ១៦​ខែ​។​

លោក សាំ ពិសិដ្ឋ ក៏បាន​ពន្យល់​លំអិត​ពី​លក្ខណៈ​បច្ចេកទេស​នៃ​ការសាងសង់​ស្ពាន​អាកាស​ទាំងពីរ​នេះ​ផងដែរ​។​សម្រាប់​ស្ពាន​អាកាស​នៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ​២៧១) មាន​សាង​សង់​ផ្លូវ​ផ្ទាល់​ដី ដែលមាន​រង្វង់​មូល​បែងចែក​ទិស និង​ផ្លូវ​ត​ភ្ជាប់​រវាង​មហាវិថី​ព្រះមុនីវង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) វិថី​កងយោធពល​ខេមរភូមិន្ទ ឆ្ពោះទៅ​ស្ពាន​ព្រះមុនីវង្ស និង​ផ្លូវជាតិ​លេខ​២​។​

​បន្ទាប់មក​សាងសង់​ស្ពាន​អាកាស​ចំនួន​ពីរ​ជាន់​។ ស្ពាន​អាកាស​ជាន់​ទី​១ ជា​ស្ពាន​រង្វង់​មូល នៅត្រង់ចំណុច​ប្រសព្វ ដែល​បំបែក​ខ្នែង​ជា​បួន​ទិស​ផ្សេងគ្នា ទៅកាន់​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ស្ពាន​ព្រះមុនីវង្សមហាវិថី​ព្រះមុនីវង្ស និង​វិថី​កងយោធពល​ខេមរភូមិន្ទ​។ ស្ពាន​​អាកាស​ជាន់​ទី​២ ជា​ផ្លូវ​ទ្វេ​ទិស មាន​ទិសដៅ​ទៅមក រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​)​។​

​រីឯ​ស្ពាន​អាកាស​នៅ​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ជាមួយ​មហាវិថី​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល (​ផ្លូវ​២០០៤) ជា​ស្ពាន​អាកាស​ទ្វេ​ទិស ដែលមាន​ពីរ​គន្លង​ទៅ និង​ពីរ​គន្លង​មក​។បណ្តោយ​ស្ពាន​សរុប​មាន​ប្រវែង ៥១៦​ម៉ែត្រ ទទឹង​តួ​ស្ពាន មាន​​ទំហំ១៥.៨០​ម៉ែត្រ​។ ក្នុងនោះ​បណ្តោយ​ស្ពាន មាន​ប្រវែង ២៣៥​ម៉ែត្រ​, ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន ខាងកើត មាន​ប្រវែង ១៤០​ម៉ែត្រ និង​ផ្លូវ​ត​ភ្ជាប់​​ក្បាលស្ពាន​លិច មាន​ប្រវែង ១៤១​ម៉ែត្រ​។​

​គួរ​ជម្រាប​ថា​បច្ចុប្បន្ន​នៅក្នុង​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន​៦ ដែល​បាន​សាងសង់​រួចរាល់ និង​កំពុង​ប្រើប្រាស់ រួមមាន​៖ ស្ពាន​អាកាស​ក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពាន​អាកាស​៧​មករា (៦ មករា ២០១២), ស្ពាន​អាកាស​ស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពាន​អាកាស​៥​មករា (៥ មករា ២០១៦), ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន សែន​សុខ ឬ​ហៅថា «​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ​» (២ កក្កដា ២០១៨) និង​ស្ពាន​អាកាស​រង្វង់​មូល​ចោមចៅ (៣១ មីនា ២០២២)​។ ក្រៅពីនេះ ស្ពាន​អាកាស​មួយទៀត គឺ​ស្ពាន​អាកាស​លើផ្លូវ​ជាតិ​លេខ​៥ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២​៕ដោយៈសិរីមតី