សេដ្ឋកិច្ច

វិស័យ​ល្បែង​ពាណិជ្ជកម្ម ជួយ​ឱ្យ​កម្ពុជា​រកចំណូលបាន​ជិត​៤០​លាន​ដុល្លារ​ក្នុង​រយៈពេល​៦​ខែ​

​ភ្នំពេញ​៖​យោងតាម​របាយ​ការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៩​សីហាបានបង្ហាញ​ថា​នៅ ឆមាស​ទី​១​ឆ្នាំ​២០២២​នេះគណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជានៃ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុប្រមូល​ចំណូល​ពី​វិស័យល្បែង​ពាណិជ្ជកម្ម​​នៅ​កម្ពុជា បាន ប្រមាណ​ជិត​៤០​លាន​ដុល្លារ​អាមេរិក​។

​របាយការណ៍​ដដែល​នេះ បាន​បញ្ជាក់ថា គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២២​នេះ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា ទទួលបាន​ចំណូល​ពី​កម្រៃ​ផ្សេងៗ បាន​ចំនួន ១៤២,២០២.១១​លាន​រៀល ឬ​ប្រមាណ​ជាង​៣៤​លាន​ដុល្លារ​អាមេរិក​។​

​ចំណូល​ប្រមូលបាន​ពី​កាតព្វកិច្ច​ពី​ល្បែង​សរុប​មាន​ចំនួន១៤,៥៧៤.៤៥ លាន​រៀល ឬ​ប្រមាណ​ជាង​៣លាន​ដុល្លារ​អាមេរិកស្មើនឹង៩.៦៥​%​នៃ​ផែនការ ក្នុងនោះ​មាន ចំណូល​កាតព្វកិច្ច​ពី​ល្បែង​កាស៊ីណូ មាន​ចំនួន​ជាង ១២,៦៤១. ៣៨​លាន​រៀល ឬ​ប្រមាណ ៣.១ ដុល្លារ ស្មើនឹង ៨.៥% ធៀប​នឹង​ផែនការ និង​ចំណូល​កាតព្វកិច្ច​ពី​ល្បែង​ផ្សងសំណាង ឆ្នោត​-​ឡូតូ មាន​ចំនួន ១,៩៣៣.០៧​លាន​រៀល ប្រមាណ​ជាង​៤៦​ម៉ឺន​ដុល្លារ ស្មើនឹង ៨២.១៨%​ធៀប​នឹង​ផែនការ ។​

​ក្នុង​រយៈពេល​៦​ខែ​នេះ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចុះ​ត្រួតពិនិត្យនិង​វាយតម្លៃ​ដល់ទី​កន្លែង​លើ​ពាក្យស្នើសុំ​អាជ្ញា​​​​បណ្ណ របស់​ក្រុមហ៊ុន​កាស៊ីណូ ចំនួន​១២៥ និង​ក្រុមហ៊ុន​ល្បែង​ផ្សងសំណាង ចំនួន ២២ ព្រមទាំង​បាន​ពិនិត្យ​បែបបទ និង​វាយតម្លៃ​លើ​ការស្នើសុំ​បន្ត​សុពលភាព​អាជ្ញា​បណ្ណ​សម្រាប់​ឆ្នាំ​២០២២ របស់​ប្រតិបត្តិ​ករ និង​/ ឬ​កម្មសិទ្ធិករ​កាស៊ីណូ និង​ល្បែង​ផ្សងសំណាង ដោយ​ដំណាក់ កាល​ទី​១ បានសម្រេច​ផ្តល់​អាជ្ញា​បណ្ណ​ជូន​ក្រុមហ៊ុន​កាស៊ីណូ ១៣ ៕​ដោយៈសិរីមតី