ចំណេះដឹង

តើកុមារក្តៅខ្លួន តើអ្នកម្តាយត្រូវដោះស្រាយដូចម្តេច?

ស្រ្តីជាម្តាយជាច្រើនតែងជួបបញ្ហាលំបាកនៅពេលកូនតូចរបស់ខ្លួនកើតអាការក្តៅខ្លួន។ការកើតអាការក្តៅខ្លួន ដែលភាគច្រើនតែងផ្តើមចេញពីគ្រុនផ្តាសាយ រលាកបំពង់ក ឬកើតចេញពីអាការផ្សេងទៀត គឺតែងបង្កផលលំបាកខ្លាំង ពិសេសការក្តៅខ្លួនចាប់ពី​ជាង៣៩អង្សាសេឡើងទៅ។

ជាមួយគ្នា ការបំបាត់អាការឱ្យកូនតូចបាត់ក្តៅខ្លួនវាជារឿងមិនងាយស្រួលសោះឡើយ​សម្រាប់ស្រ្តីជាម្តាយ។

នៅទីនេះ យើងនឹងណែនាំចំពោះការជូតខ្លួនកុមារដើម្បីកាត់បន្ថយកម្តៅ ឬគ្រុន។

ត្រូវចងចាំថា ការជូតខ្លួនកូនតូចដោយទឹកក្តៅឧណ្ហៗអាចជួយកាត់បន្ថយកម្តៅក្នុងខ្លួន ក្រៅអំពីការឱ្យលេបថ្នាំបញ្ចុះកម្តៅ។ត្រូវចងចាំ​ ការជូតខ្លួនកូនតូចផ្តួបផ្សំ ក៏ជាវិធីដ៏ល្អ​មួយសម្រាប់បញ្ចុះកម្តៅ ចៀសវាងប្រើតែឱសថបញ្ចុះកម្តៅតែមួយមុខ។

 *តើត្រូវត្រៀមអ្វីខ្លះ៖

ទឹកក្តៅឧណ្ហៗ, កន្សែងពោះគោ ក្រមា ២-៣ផ្ទាំង,ចានដែកជាដើម។

*វិធីជូតខ្លួនកូនតូចដូចម្តេចឱ្យបានត្រឹមត្រូវ៖

-ត្រៀមទឹកក្តៅឧណ្ហៗនិងទីកន្លែងសមរម្យសម្រាប់ជូតខ្លួនឱ្យរួចរាល់

-ដោះសម្លៀកបំពាក់កូនតូចចេញ

-ប្រើកន្សែងពោះគោជ្រលក់ទឹកក្តៅឧណ្ហៗ រួចពូតឱ្យសល់សំណើមទឹកតិចល្មមៗប្រើជូតផ្ទៃមុខ,ជូតដៃនិងជើងទាំងសងខាង,ជូតថ្ងាសនិងក្បាល, ជូតតាមដងខ្លួន, ផ្ទៃមុខ,ជូតត្រង់ក្រលៀននិងក្លៀក ប្រែខ្លួនកូនតូច​ឱ្យដេកផ្អៀង​និងជូតខ្នង

ក្រោយការជូតដងខ្លួនឱ្យស្ងួត ហើយបើឃើញថាលែងសូវឡើងកម្តៅហើយ អាចរកសម្លៀកបំពាក់រលុងៗនិងមិនស្អុះស្អាប់មកស្លៀកពាក់ឱ្យកូនតូចវិញ។

*កត់ចំណាំ

-ត្រូវវាស់កម្ដៅកូនតូចក្នុងចន្លោះពី ១៥-៣០នាទីម្តង បើឃើញថាកម្តៅថយចុះហើយ មានន័យថាការជូតបានទទួលផលហើយ។

-កុមារដែលកើតអាការក្តៅខ្លួនគឺមានន័យថាចាប់ពីមានកម្តៅ ៣៧-៣៨អង្សាសេ

-ការជូតខ្លួនកូនតូចគួរអនុវត្តរយៈពេលចាប់ពី ១០-២០នាទី ឬតាមភាពសមរម្យ ហើយត្រូវធ្វើការផ្លាស់ប្តូរទឹកក្តៅឱ្យបានញឹកញាប់ដើម្បីធ្វើយ៉ាងណាឱ្យទឹកក្តៅឧណ្ហៗជាប់ជានិច្ច។ក្រោយការជូតរយៈពេល១៥នាទីហើយ ត្រូវវាស់កម្តៅកូនតូចមើលថា​ត្រជាក់ខ្លួនវិញហើយឬនៅ។

-ករណីឃើញថាកូចតូចអំឡុងពេលជូតខ្លួនរងាញ័រញាក់គួរបញ្ឈប់ជូតខ្លួនភ្លាម ហើយបើអាការមិនបាត់ទេ គួរប្រញាប់នាំទៅជួបគ្រូពេទ្យដើម្បីបំបាត់អាការវិញ៕

ប្រែសម្រួលចេញពីឯកសារបរទេស(sikarin)

ដោយ៖ឧត្តម