ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងបង្កឱ្យភូមិឋានមួយចំនួន នៅស្រុកកែវសីមាបានលិច

មណ្ឌលគិរី៖ ផ្ទះប្រជាពលរដ្ឋមួយចំនួននៅស្រុកកែវសីមាត្រូវបានលិច បន្ទាប់ពីជំនន់ ទឹកភ្លៀងហក់ឡើងខ្ពស់គិតត្រឹមរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅអូរពុងទូរ ម្តុំស្ពានយោល ភូមិពូហូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជំនន់ទឹកភ្លៀងបានហក់ឡើងខ្ពស់បណ្តាលឱ្យ លិចផ្លូវ តែមិនបណ្ដាលឱ្យគ្រោះថ្នាក់ ឬខូចខាតទ្រព្យសម្បត្តិពលរដ្ឋទេ។

មន្ត្រីដដែលបានបន្តថា ជាមួយនោះនៅក្បែរអូតេ ស្ថិតក្នុងភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ជំនន់ទឹកភ្លៀងបានធ្វើឱ្យផ្ទះចំនួន៨ខ្នងផ្ទះត្រូវបានជន់លិចដោយទឹកបានហូរពីអូតេ ចូលផ្ទះពលរដ្ឋជាបណ្ដើរៗហើយ។បន្ទាប់ពីមានគ្រោះធម្មជាតិគំរាមកំហែង អាជ្ញាធរមានសមត្ថកិច្ចបានត្រៀមចុះអន្តរាគមន៍ជួយពលរដ្ឋនៅក្នុងមូលដ្ឋានដើម្បីជួយសង្គ្រោះពលរដ្ឋករណីជំនន់ឡើងខ្លាំងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕

ដោយ៖វិចិត្រ