សេដ្ឋកិច្ច

ចិន វ៉ា​ដាច់ អឺរ៉ុប ក្នុងនាម​ជា​អ្នកទិញ​អង្ករ​ពី​ក​ម្ពូ​ជា ច្រើនជាងគេ​

​ភ្នំពេញ​៖ ប្រទេស​ចិន នៅតែ​រក្សា​តំណែង​លំដាប់​ទី​១​នា​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ ក្នុងនាម​ជា​អ្នកបញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ ដោយ​វ៉ា​ដាច់​សហគមន៍​អឺរ៉ុប​ដែល​ធ្លាប់តែ​ឈរ​នៅ​លេខ​១ នាពេល​កន្លងមក​។​ចិន​បាន​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់ សម្រាប់​ការនាំចេញ​អង្ករ​របស់​កម្ពុជា ។​

​បើ​យោងតាម​ការព្យាករណ៍រ​បស់ លោក ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រយៈពេល​៥​ឆ្នាំ​ទៅមុខទៀត ចិន​នៅតែ​ជា ទី​ផ្សារ​នាំមុខគេ​ដដែល ហើយ​ការនាំចេញ​អង្ករ​នឹង​ឈានទៅដល់​១​លាន​តោន​ក្នុង​មួយឆ្នាំ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​។​

យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ​២០១៩​មក ប្រទេស​ចិន​បាន​ឈរ​នៅ​លំដាប់​ទី​១​ដែល​នាំចូល​អង្ករ​កម្ពុ​ជាច្រើន​ជាងបន្ទាប់ពី​សហគមន៍​អឺរ៉ុប​បានកំណត់​យកពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​រយៈពេល​៣​ឆ្នាំពោលគឺ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។ក្នុង​ឆ្នាំ​២០១៩ប្រទេស​ចិនបាន​នាំចូល​អង្ករ​កម្ពុជា​ប្រមាណ​ជាង​២៤​ម៉ឺន​តោនស្មើនឹង​៤០%​នៃ​បរិមាណ​នាំចេញ​សរុប​ជាង ​៦២​ម៉ឺន​តោន​។​នៅ​ឆ្នាំ​២០២០មាន​បរិមាណ​ជាង​២៨​ម៉ឺន​តោនស្មើ​៥០.២%នៃ​បរិមាណ​នាំចេញ​សរុប​ជាង​៦៩​ម៉ឺន​តោន ។ចំណែក​ឆ្នាំ​២០២១ អង្ករ​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​ប្រទេស​នេះ បាន​ចំនួន​ជាង​៣០​ម៉ឺន​តោនស្មើនឹង​៥០.២%​នៃ​បរិមាណ​នាំចេញ​សរុប​របស់​កម្ពុជា ដែល មាន​ជាង​៦១​ម៉ឺន​តោន​។រីឯ​ក្នុង​ឆ្នាំ​២០២២​នេះគិតតែ​ត្រឹម​ឆមាស​ទី​១​នេះកម្ពុជា​បានចេញ​អង្ករ​ទៅ​ប្រទេស​ចិន​មាន​ចំនួន​ជាង​១៦​ម៉ឺន​តោន ដែល ​ស្មើនឹង​៥១.៤% នៃ​បរិមាណ​នាំចេញ​សរុប​។​

​លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា​ ៖ ​ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន​បាន​កើនឡើង​បន្តបន្ទាប់ ក្រោយពី​កម្ពុជា និង ចិន​បាន​ប្តេជ្ញា​ជាមួយគ្នា​ក្នុងការ​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម និង​ការឈាន​ទៅដល់​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា លើ ការផ្តល់​កិច្ចសហប្រតិបត្តិការ​ជួយ​ទិញ​អង្ករ​ពី​កម្ពុជា ទៅ​ចិន ដែលមាន​៦​លើក​មកហើយ​។​

​លោក​បាន​អះអាងថា សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត មិន​អាចមាន​ទីផ្សារ​ណា​ដែល ស្រូបយក​នាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​បរិមាណ​ច្រើន ក្រៅពី​ចិន​នោះទេ​។ ៥​ឆ្នាំ​ទៅមុខទៀត​ចិន​នៅតែ បន្ត​នាំមុខ​ក្នុង​ការទិញ​អង្ករ​ពី​កម្ពុជា​ដដែល បើទោះបីជា​អឺរ៉ុប បញ្ឈប់​ការយកពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា ចាប់ពី​ឆ្នាំ​២០២២​នេះ ក៏ដោយ​។​

​យោងតាម​របាយការណ៍​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានឱ្យដឹងថាក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​៣៥០, ៩០២​តោន ទទួលបាន​ទឹកប្រាក់​ចំនួន​២១៨.១៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុងនោះ​នាំចេញ​ទៅកាន់​ប្រទេស​ចិន ម៉ា​កាវ និង​ហុងកុង បាន​ចំនួន​១៦៩,៧៦៦​តោន ទទួលបាន​ទឹកប្រាក់​ចំនួន​៨៩.០៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក​,​សហគមន៍​អឺរ៉ុប​ចំនួន​២៥​ប្រទេស មាន​បរិមាណ​ចំនួន​១២២,៨៤២​តោន ទទួលបាន​ទឹកប្រាក់ ចំនួន​៨៦.០៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​, ប្រទេស​អាស៊ាន​ចំនួន​៤​ប្រទេស បាន​ចំនួន​២៩,៩៥៧​តោន ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​២០.០៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​បណ្តាល​គោលដៅ​ផ្សេងៗ​ទៀត ចំនួន​២៤​ប្រទេស បាន​ចំនួន​២៨,៣៣៧​តោន ស្មើនឹង​១០.៦២% គិត​ជា​ទឹកប្រាក់​២២.៩២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ៕​ដោយៈសិរីមតី