សេដ្ឋកិច្ច

ក្រុមហ៊ុន​ធំ​ពីរ បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា និង​មន្ទីរពេទ្យ ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៤៦​លាន​ដុល្លារ​

​ភ្នំពេញ​៖​ក្រុមហ៊ុន KITATSU SOLAR (CAMBODIA) CO., LTD មាន​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ក្នុង​ទុនវិនិយោគ​ប្រមាណ ២៣,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៣៧​កន្លែង​។​រោងចក្រ​នេះ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥១ ភូមិ​ត្រពាំង​ព្រៃ​ភូមិ ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ចំណែក​ក្រុមហ៊ុន KHEMUNIK HOSPITAL CO., LTD មាន​គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរពេទ្យ​ចំនួន ១៥០​គ្រែ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ ២១ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ២៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៥៨​កន្លែង​។​

​ដោយឡែក តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៣​ទៀត​៖
១-SAMANEA CO., LTD គម្រោង​វិនិយោគ​អភិវឌ្ឍន៍​កោះ​ស្វាយ កោះ​ម្ទេស និង​កោះ​កុក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ក្នុង​ទុនវិនិយោគ​ប្រមាណ ១៨,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦០​កន្លែង​។​
២-LATE CHENG MINING DEVELOPMENT CO., LTD គម្រោង​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ក្នុង​ទុនវិនិយោគ​ប្រមាណ ១៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣០០​កន្លែង​។​
៣-HEN JIU GARMENT ACCESSORY CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​សម្លៀកបំពាក់ និង​ខារ​អំបោះ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៦៣​កន្លែង​។​

សរុប គម្រោងវិនិយោគទាំង៥ដែលអនុម័តដោយCDCនៅដើមខែកញ្ញា នេះ មានជាង៨០លានដុល្លារអាមេរិក៕ ដោយៈសិរីមតី