សេដ្ឋកិច្ច

ក្រុមហ៊ុន​ដឹកជញ្ជូន FedEx របស់​អាមេរិក បង្ហាញ​ចំណាប់អារម្មណ៍​ចង់​វិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ព និង​ដឹកជញ្ជូន​នៅ​កម្ពុជា​

ភ្នំពេញ​៖​ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏​ធំ​មួយ​របស់​អាមេរិក FedEx បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​វិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ព និង​ដឹកជញ្ជូន​នៅ​កម្ពុជា ជាពិសេសការហោះហើរដឹកជញ្ជូនត្រង់មកកម្ពុជា។

​នៅក្នុង​ជំនួប​ជាមួយ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ពាក់កណ្តាល លោក Masamichi Ujiie អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន FedEx បាន​ថ្លែងថា​៖​ជំនួប​នេះ​មាន​គោលបំណង​ស្វែងយល់​ពី​ភាព​រីកចម្រើន​និង​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងកា​អភិវឌ្ឍ​ប្រទេសជាតិ ឱកាស​វិនិយោគ​និង​ផែនកា​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹក​ជញ្ជូន​នៅ​កម្ពុជា ក៏ដូចជា​ពង្រីក​ទំនាក់ទំនង​រវាង​អាមេរិក​និង​កម្ពុជ​បន្ថែមទៀត​សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​ពង្រឹង​និង​ពង្រីក​អាជីវ​កម្រ​បស់​ខ្លួន​នៅ​កម្ពុជា​និង​ចាប់ផ្តើម​ដំណើការ​ផ្តល់​សេវាកម្ម​ដោយផ្ទាល់​ចាប់ពី​ខែតុលា ឆ្នាំ​២០២២​នេះ​តទៅ​។​


ជាការ​ឆ្លើយតប លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​គណ​:​ប្រតិភូ​ថា រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ វិស័យ​សាធារណការ និង​ដឹកជញ្ជូន​រួមមាន​៖ ការកសាង​ផ្លូវថ្នល់​បាន​ប្រមាណ​១៨ ០០០​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី រាជធានី​ភ្នំពេញ​ទៅកាន់​បណ្ដា​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស ដោយ​អ៊ុត​បេតុង​កៅស៊ូ ដែល​បច្ចុប្បន្ន​យើងអាចធ្វើ​ដំណើរ​ទៅកាន់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​បាន​យ៉ាង​ងាយ​ស្រួល និង​ឆាប់រហ័ស​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ថែម​​ថា​៖ បច្ចុប្បន្ន​កម្ពុជា​មានប​ណ្ដា​ញ​ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស​និង​ភស្តុភា​កម្ម​កាន់តែ​ល្អ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក្នុងនោះ​៖ ផ្លូវជាតិ​សំខាន់ៗ​មួយចំនួនមានការ​ពង្រីក​ពី​ពីរ​គន្លង​ទៅ​បួន​គន្លង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​​គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ក្នុង​ខែតុលា រួម​ជាមួយនឹង​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ត​ភ្ជាប់​ជាមួយ​ទីក្រុង​ហូជីមិញ គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅក្នុងពេល​ខាងមុខនេះ​ផងដែរ​។​

​ជាមួយគ្នានេះ កម្ពុជា​កំពុង​សាងសង់​ព្រលានយន្តហោះ​ថ្មី​ខ្នាត​អន្តរជាតិ​ចំនួន​៣​នៅ​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប និង​ព្រលានយន្តហោះ​ខេត្តកោះកុង​។​កម្ពុជា​បានធ្វើ​ការបញ្ចប់​ផែនការមេ​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភស្តុភា​រកម្ម ដែល​ត្រូវការ​ទុន​អនុ​វត្ត​ប្រមាណ​ជាង​៥០​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​នឹងដាក់​ឆ្លង​គណ​:​រដ្ឋមន្ត្រី​នាពេល​ឆាប់​ខាងមុខ​។ជាងនេះទៀតក្រសួង​សាធា​រណ​ការ និង​ដឹកជញ្ជូន បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន YCH សិង្ហ​បុរី និង​ក្រុមហ៊ុន Worldbridge ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ទីក្រុង​ភ្នំពេញ​ហើយ​ក្រសួង​ក៏​គ្រោង​ចាប់ផ្តើម​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ទីក្រុង​ព្រះសីហនុ​នៅពេល​ខាងមុខ និង​កំពុង​ស្វែងរក​ការវិនិយោគ​លើ​វិស័យ​សំខាន់​មួយចំនួនទៀត ជាពិសេស​ការវិនិយោគ​មជ្ឈមណ្ឌល​ដឹកទំនិញ​តាមផ្លូវ​អាកាស​តំបន់​ផងដែរ​។​
​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រីបានចង្អុលបង្ហាញ​ពី​សារសំខាន់​នៃ​ទីតាំង​ភូមិសាស្ត្រ​របស់​ប្រទេសកម្ពុជា​ស្ថិតនៅ​ចំណុច​កណ្តាល និង​ជា​បេះដូង​របស់​អាស៊ាន អាច​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម មួយ​សម្រាប់​បម្រើឱ្យ​អ្នកប្រើប្រាស់​ដែលជា​អតិថិជន​ប្រមាណ​៦៥៥​លាន​នាក់​ព្រមទាំង​ជា​ចំណុចកណ្តាល​នៃ​បណ្តា​ប្រទេស​មហា​អនុតំបន់​មេគង្គ ដែល​អាច​ប្រែក្លាយ​កម្ពុជា​ទៅជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន និង​ភស្តុភារ​កម្ម​សម្រាប់​បម្រើ​ឱ្យ​អតិថិជន​ប្រមាណ​៣៣៤​លាន​នាក់​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សំដែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន FedEx​ដែល​បានលើកឡើង​និង​ចង់​ឃើញ​​នូវ​ការហោះហើ​មក​ផ្ទាល់​នៃ​យន្តហោះ​ដឹកទំនិញ​របស់​ក្រុមហ៊ុន FedEx មក​កម្ពុជា និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​ជួបពិភាក្សា​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​និង​បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់​ក្រសួង​ជួយ​សម្របសម្រួល​ដើម្បីឱ្យ​ក្រុមហ៊ុន​អាច​ពង្រីក​ប្រតិ​បត្តិការ អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បានល្អ​ប្រសើរ​៕​ដោយៈសិរី