ព័ត៌មានជាតិ

សត្វខ្សឹបនៅកម្ពុជាមានប្រមាណ៥៥០ក្បាល ឬស្មើ៧០ភាគរយនៃចំនួនសត្វខ្សឹបលើពិភពលោក

កំពង់ធំ៖នៅក្នុងវាលទំនាបលិចទឹកបឹងទន្លេសាប សត្វខ្សឹបត្រូវបានគេរកឃើញថាមាន ចំនួនប្រមាណ៥៥០ក្បាល ដែលតំណាងឱ្យ៧០ភាគរយនៃចំនួនសត្វខ្សឹបលើពិភពលោក ដែលត្រូវបានគេរកឃើញថាមានចំនួនប្រមាណ៨០០ក្បាល។ នេះបើតាមការថ្លែងបញ្ជាក់ ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

បញ្ជាក់ក្នុងពិធីដឹកនាំក្រុមការងារ និងអ្នកសារព័ត៌មាន ចុះទស្សនាគម្រោងអភិរក្សសត្វខ្សឹប ក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានឱ្យដឹងថា កម្ពុជាមានមោទកភាពនោះ គឺពេលនេះ ចំនួនសត្វខ្សឹបនៅកម្ពុជាតាមរយៈការអភិរក្សកន្លងមកត្រូវបានគេ វាយតម្លៃជាបឋមថា៖មានការកើនចំនួនឡើង បើទោះបីគេមិនទាន់ដឹងច្បាស់ថាចំនួន ប៉ុន្មានក៏ដោយ ប៉ុន្តែគេដឹងចំនួនសត្វខ្សឹបមានកម្រិតកើនឡើងនៅតំបន់២កន្លែង គឺនៅស្រុកបារាយណ៍ និងស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តម រដ្ឋលេខាធិការបានថ្លែងដែរថា “អ៊ីចឹងបានជាក្រសួងបរិស្ថានដែលទទួលបន្ទុក ក្នុងតំបន់នេះបានសហការជាមួយអង្គការជាដៃគូ ធ្វើការអនុវត្តគម្រោងមួយចំនួនដើម្បីផ្តល់ នូវជម្រើសថ្មី ដូចជាការផ្តល់នូវមុខរបរដែលជាផលចំណូលដល់ប្រជាពលរដ្ឋ ចៀសវាងពួកគាត់ទៅទន្រ្ទានដល់តំបន់អភិរក្ស ឬបរបាញ់សត្វ។

ដោយថ្លែងបញ្ជាក់យោងតាមរបាយការណ៍របស់សហគមន៍តំបន់ការពារធម្មជាតិប្រឡាយ ឯកឧត្តមបានឱ្យដឹងបន្ថែមថា កន្លងមកគេបានរកឃើញសំបុករបស់សត្វខ្សឹបចំនួន២២ ត្រូវបានកំណត់ ដោយក្នុងនោះមានពងខ្សឹបចំនួន២៤ពង ដែលត្រូវបានញាស់ដោយ ជោគជ័យ រស់នៅក្នុងជម្រកធម្មជាតិ ដែលបង្ហាញថាចំនួនសត្វខ្សឹបនៅក្នុងធម្មជាតិ មានការកើនឡើង។

ទាក់ទិនក្នុងរឿងនេះលោក មាស ថាន ប្រធានសហគមន៍តំបន់ការពារធម្មជាតិប្រឡាយ បានឱ្យដឹងដែរថា បន្ទាប់ពីការផ្សព្វផ្សាយ និងយល់ដឹងពីគុណសម្បត្តិរបស់សត្វខ្សឹប ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់លោកបានចូលរួមការពារសម្បុក និងអភិរក្សសត្វខ្សឹប នេះ ដោយមិនឱ្យមានការបរបាញ់ជាដើម។

ទាក់ទិនទៅនឹងវិស័យទេសចរណ៍វិញ លោកបានឱ្យដឹងថា សត្វខ្សឹបត្រូវបានអ្នកទេសចរ បរទេសចូលចិត្តមកកម្សាន្ត ហើយសត្វប្រភេទនេះក៏ជាទីចាប់អារម្មណ៍និងប្រភពរក ចំណូលរបស់សហគមន៍ក៏ដូចជាប្រជាសហគមន៍ទទួលផលប្រយោជន៍ពីប្រភេទសត្វនេះផងដែរ។

លោកប្រធានសហគមន៍តំបន់ការពារធម្មជាតិប្រឡាយបានបញ្ជាក់បន្ថែមថា កាលពីមុន ផ្ទុះជំងឺកូវីដ១៩ សហគមន៍របស់ខ្ញុំបានរកចំណូលជាងមួយម៉ឺនដុល្លារ ដោយក្នុងនោះ ចំណូលតាមរយៈការនាំភ្ញៀវទស្សនាសត្វខ្សឹប សម្រាប់ភ្ញៀវម្នាក់បានមើលឃើញសត្វខ្សឹប មួយក្បាល ពួកគាត់នឹងបង់ថវិកា១៥ដុល្លារ ដល់សហគមន៍។នេះហើយវាជាការនាំចូលមក ដល់ប្រជាសហគមន៍”។

គួរបញ្ជាក់ថា សត្វខ្សឹបជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា ប្រទេសកម្ពុជា និងក៏ធ្លាប់មាននៅវៀតណាមផងដែរ។ វាត្រូវបានចុះបញ្ជីជាប្រភេទបក្សី ជិតផុតពូជបំផុតនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវ បានប៉ាន់ប្រមាណថាមានចំនួនតិចជាង ៥០០ក្បាល នៅលើពិភពលោក។

សត្វប្រភេទនេះជាសត្វដ៏កម្រក្នុងលោក និងវាជាប្រភេទសត្វមានលក្ខណៈ ពិសេសមួយ កំពុងត្រូវបានប្រទេសកម្ពុជាយកចិត្តទុកដាក់ដើម្បី អភិរក្សទុកឱ្យមនុស្សជំនាន់ក្រោយបាន ឃើញ និង ពិសេសជាកេរមរតក សត្វស្លាបដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន។

អង្គការWCSបានឱ្យដឹងថា ប្រទេសកម្ពុជាបានក្លាយជាទីជម្រកសម្រាប់វត្តមាននៃអនុប្រភេទ Houbaropsis bengalensis blandini ដែលនៅសេសសល់នៅលើពិភពលោក។បច្ចុប្បន្នសត្វខ្សឹបមានវត្តមានភាគច្រើននៅក្នុងខេត្តកំពង់ធំ មានតិចតួចនៅក្នុងខេត្ត សៀមរាប និងមានតិចតួចបំផុតនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ សត្វខ្សឹបរស់នៅតាមតំបន់វាលស្មៅធម្មជាតិដែលមានលាយឡំជាមួយនឹងគុម្ពោតព្រៃដុះរាយប៉ាយ។

អង្គការមួយនេះបានឱ្យដឹងដែរថាចំពោះ កត្តាគំរាមកំហែងធំៗដល់ការរស់នៅរបស់សត្វខ្សឹប រួមមាន ការបាត់បង់ទីជម្រកពាក់ព័ន្ធទៅនឹងការបំប្លែងតំបន់វាលស្មៅនិងតំបន់ដាំដុះស្រូវ បែបយថាផលទៅជាតំបន់ដាំដុះស្រូវបែបប្រពលវប្បកម្ម (ពីរទៅបីដងក្នុងមួយឆ្នាំ) ការប្រមាញ់ខុសច្បាប់ និងការហើរបុកទង្គិចជាមួយខ្សែបណ្តាញអគ្គិសនី។ នៅក្នុងឆ្នាំ ២០០៩ អង្គការ WCS និងដៃគូ បានបោះពុម្ពផ្សាយលទ្ធផលនៃការស្រាវជ្រាវរយៈពេលជាង ១០ឆ្នាំ។ លទ្ធផលនៃការស្រាវជ្រាវនោះបានបង្ហាញថា ចំនួនសត្វខ្សឹបឈ្មោលដែលលោត បង្អួតខ្លួននៅរដូវបន្តពូជ តាមរយៈទិន្នន័យជំរឿនឆ្នាំ ២០១៨ មានតែ ១០៤ក្បាលប៉ុណ្ណោះ នៅកម្ពុជា។

 

គួរបញ្ជាក់ថា ដើម្បីការពារនិងអភិរក្សប្រភេទសត្វដ៏កម្រនេះ  រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប ដែលបច្ចុប្បន្ននេះត្រូវបាន កំណត់ឈ្មោះថា «តំបន់ការពារទេសភាពទ្រនាប់ខាងជើងទន្លេសាប» គ្របដណ្តប់លើផ្ទៃដី ទំហំ ៣១.១៥៩ហិកតា ក្រោមអនុក្រឹត្យលេខ ៨៨. អនក្រ.បក លាតសន្ធឹងឆ្លងកាត់ខេត្ត កំពង់ធំនិងសៀមរាប៕

ដោយ៖ឧត្តម