ចំណេះដឹង

ឈ្វេងយល់ពីពិធីសែនក្បាលទឹករបស់ជនជាតិចិន

ភ្នំពេញ៖ ពិធីសែនក្បាលទឹកឬហៅថាភ្ជុំចិន ដែលជាទំនៀមទម្លាប់របស់ជនជាតិចិននាឆ្នាំនេះគឺត្រូវប្រព្រឹត្តិឡើងននៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២២។តាមពិតហើយបុណ្យមួយនេះគឺមានលក្ខណៈស្រដៀងទៅនឹងពិធីបុណ្យភ្នុំបិណ្ឌរបស់ប្រពៃណីខ្មែរផងដែរ។

Chinese traditional religious practices, Zhongyuan Purdue, Chinese Ghost Festival, believers burn incense and pray

ថ្ងៃសែនក្បាលទឹក  ឬថ្ងៃសែនដួងវិញ្ញាណបុព្វបុរសជាទំនៀមទម្លាប់ដ៏យូរលង់របស់ជនជាតិចិន។ជាទូទៅពិធីបុណ្យនេះគេតែងប្រារព្ធធ្វើឡើងអំឡុងខែសីហាក្នុងប្រតិទិនសុរិយគតិ។រៀងរាល់ដល់ថ្ងៃខែនេះបងប្អូនសែស្រឡាយចិនតែងរៀបចំគ្រឿងសំណែនសែន ជូនដល់ម៉ាកុង ញាតិសន្តាន ដែលបានចែកឋានតាមផ្ទះរៀងៗខ្លួន ។

ការរៀបចំសែនក្បាលទឹក ជាពិធីបុណ្យធំមួយ បន្ទាប់ពីបុណ្យចូលឆ្នាំចិនឬមួយទៀតហៅថាបុណ្យនិទាឃរដូវ។ សម្រាប់បុណ្យមួយនេះគេក៏អាចរៀបចំសែន២ដងក៏បានផងដែរទៅតាមធនធានរបស់គេ ដោយអ្នកខ្លះអាច រៀបចំសែន ពេលព្រឹកដោយ សែនសម្រាប់ជូនដល់ជីដូនជីតាញាតិសន្តាន ដែលបានចែកឋានទៅ  និងសែនពេលល្ងាចឬសែនលើកទី២ គឺសម្រាប់សែនជូនដល់ខ្មោចអនាថា ដែលគ្មានញាតិផៅសន្តានឬក៏ គ្មានផ្ទះសម្បែងញាតិបងប្អូននឹងគេ។សែនលើកទី២នេះក៏គេមានជំនឿថាបានបុណ្យច្រើនដូចគ្នានឹងសែនពេលព្រឹកជូនដល់ជីដូនជីតាផងដែរ។

តាមក្បួនតម្រានៃពិធីបុណ្យសែនក្បាលទឹក គេតែងរៀបចំឡើងក្នុងអំឡុងខែ៧របស់ចិន ។តាមទំនៀមទម្លាប់នេះដែរគឺជនជាតិចិនដែលស្ថិតក្នុងអំបូរ កាតាំង ហុកគៀន ជាដើមគឺគេសែនមុនមួយថ្ងៃ ប៉ុន្តែចំពោះសម្រាប់អ្នកដែលមានអំបូរជា ចិនទៀជីវ វិញ គឺគេធ្វើនៅថ្ងៃ ១៥កើត។ប៉ុន្តែបើទោះជាយ៉ាងណាក្តី ដោយសារអំបូរខាងទៀជីវ មានច្រើន ទើបគេនាំគ្នាធ្វើទាំងព្រមគ្នាដោយកំណត់ក្នុងប្រតិទិនយកថ្ងៃ១៥កើតខែ៧ចិននេះដូចគ្នា។

បើតាមប្រវត្តិវិញបានឱ្យដឹងថា តាមធម្មតា យមបាល តែងមកធ្វើការត្រួតពិនិត្យ បញ្ជីឈ្មោះអ្នកស្លាប់ ដើម្បីបញ្ជូនវិញ្ញាណ ខ្មោចទាំងនេះថាត្រូវឡើងទៅកាន់ទីឋានសួគ៌ ឬបញ្ជូនឱ្យទៅចុះនរកទៅតាមផលបុណ្យនិងកម្មដែលខ្មោចម្នាក់ៗបានសាងក្នុងអំឡុងពេលដែលគេនៅរស់រានមានជីវិតនៅឋានកណ្តាលកន្លងមក។

ដោយសារផ្តើមចេញមកពីបញ្ហានេះជនជាតិចិនសម័យនោះដោយក្តីអាណិតអាសូរដល់វិញ្ញាណខ្មោចអាក្រក់(មានបាបកម្ម)ទើបធ្វើបុណ្យ ឧទិសកុសលដល់វិញ្ញាណទទួលបាបកម្មទាំងនេះដើម្បីឱ្យទទួលបុណ្យកុសល ហេតុនេះទើបរៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃខែនេះ មានការបើកទ្វារនរកឡើងដើម្បីដោះលែងវិញ្ញាណខ្មោចភាវៈអាក្រក់ បានមកទទួលសំណែន។

People burning incense and red candle for pray god at Wat Chong Lom in Samutsakorn, Thailand

ចំណែករឿងព្រេងទី២វិញគឺកាលនោះ គឺមានបុរសម្នាក់មានឈ្មោះថា “មូលៀន” ជាអ្នកគោរពប្រតិបត្តិក្នុងព្រះពុទ្ធសាសនាយ៉ាងតឹងរឹងបំផុត ហើយដែលមានភាពផ្ទុយគ្នាស្រឡះពីម្តាយរបស់គាត់ដែលមានចិត្តបាបអប្រិយ មិនដែលជឿបុណ្យបាប ប្រេតនរក ឬទីឋានសួគ៌អ្វីឡើយ។នាឆ្នាំមួយក្នុងអំឡុងថ្ងៃបុណ្យម្ហូបបួស ដោយសារមានការស្អប់ខ្ពើមចំពោះអ្នកស្លៀកពាក់ស កាន់សីលបរិភោគម្ហូបបួស នាងក៏បានឱ្យ“មូលៀន”ជាកូនប្រុសទៅអញ្ជើញអ្នកកាន់សីលទាំងឡាយមកបរិភោគម្ហូបបួសនៅផ្ទះរបស់នាងមួយពេល។

ដោយសារមានចិត្តបាបស្រ្តីរូបនេះបានចម្អិនម្ហូបអាហារឱ្យដល់អ្នកបួសទាំងឡាយដោយប្រើប្រេងឆាពីខ្លាញ់ជ្រូកដែលកើតពីសត្វ ហើយជាត្រណមរបស់អ្នកបួសមិនបរិភោគនាថ្ងៃនេះ។ ទង្វើមួយនេះត្រូវបានកត់បញ្ចូលក្នុងបញ្ជីរបស់យមបាលថាបាបកម្មធ្ងន់ធ្ងរ។ហេតុនេះនៅពេលនាងបាត់បង់ជីវិតទៅក៏ត្រូវបានយមបាលទម្លាក់ចុះឋាននរកទី៨ ដែលជាឋានជ្រៅបំផុត។នាងបានទទួលរងទុក្ខទណ្ឌកម្មធ្ងន់ធ្ងរបំផុតស្ទើរមិនអាចទ្រាំទ្របានឡើយ។

Chinese Temple

នៅពេលកូនប្រុស“មូលៀន”បាននឹកឃើញទៅដល់មាតាក៏បានបើកភ្នែកទិព្វរបស់ខ្លួនទៅមើលម្តាយដែលនៅទីឋាននរក ក៏ស្រាប់តែឃើញទទួលរងទុកទណ្ឌកម្មនិងអត់អាហារ ។ហេតុនេះក៏បានរៀបចំអាហារទៅបញ្ចុកម្តាយ ប៉ុន្តែក៏ត្រូវបានបណ្តាខ្មោចដែលប្រព្រឹត្តិអំពើបាបកម្មធ្ងន់ធ្ងរដូចគ្នាអត់ឃ្លានអាហារយ៉ាងខ្លាំងក្លានោះ បាននាំគ្នាចូលមកចោមរោមដណ្តើមអាហារស៊ីដោយក្តីស្រេកឃ្លានដែរ។ក្រៅពីនេះចំពោះគ្រាប់បាយដែលបញ្ចុកនោះបានត្រឡប់ជាឆេះរលាកមាត់ទាំងម្តាយនិងខ្មោចដទៃទៀតយ៉ាងធ្ងន់ធ្ងរ។ឃើញដូចនេះ“មូលៀន”បានទៅសុំស្តេចយមរាជថាខ្លួនសុំទទួលរងទណ្ឌកម្មនេះជំនួសម្តាយវិញ។

ទោះបីយ៉ាងណាមុនពេលដែល“មូលៀន”ចុះទៅក្នុងឆ្នាំងខ្ទះទឹកក្តៅគេដាំពុះគ្រាក់ៗនោះ ព្រះពុទ្ធព្រះអង្គយាងមកឃើញទាន់ ព្រះអង្គមានព្រះរាជបន្ទូលថា”កម្មអ្នកណាសាង គឺអ្នកនោះទទួល”បន្ទាប់ពីនោះព្រះពុទ្ធ បានប្រគល់គម្ពីរមួយមានឈ្មោះ”គីអ៊ីវ ឡាន់ភីន”ទៅឱ្យ“មូលៀន”ទន្ទេញដើម្បីឱ្យអ្នកមានបុណ្យបារមីទាំងឡាយចុះមកជួយឱ្យរួចផុតពីទុក្ខទណ្ឌកម្មបាបកម្មទាំងឡាយដល់អ្នកមានគុណជាមាតាបិតារបស់ខ្លួន។

“មូលៀន”បានសូតទន្ទេញគម្ពីរនេះនិងព្រមប្រគេនអាហាររៀងរាល់ឆ្នាំក្នុងខែដែលគេបើកទ្វារនរកទើបអាចជួយសង្រ្គោះដល់ម្តាយឱ្យរួចផុតពីទុក្ខទោសបាបកម្មទាំងនេះបាន។ចាប់តាំងតែពីពេលនោះមកជនជាតិចិនបាននាំគ្នារៀបចំសែនព្រេនដែលមានអាហារបាយទឹក បង្អែម ផ្លែឈើ គ្រប់មុខ និងដុតក្រដាសមាស ក្រដាសប្រាក់ តៗគ្នារហូតមកដល់សព្វថ្ងៃ៕

ប្រែសម្រួលពីឯកសារបរទេសដោយ៖ឧត្តម