ព័ត៌មានជាតិ

អាជ្ញាធរស្រុកជម្លៀសប្រជាពលរដ្ឋមួយចំនួន ទៅកាន់ទីទួលមានសុវត្ថិភាព

រតនគិរី៖ អាជ្ញាធរស្រុកលំផាត់ នៅព្រឹកថ្ងៃទី១១ ខែសីហានេះ បានចុះពិនិត្យនិងជម្លៀស ប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុវត្ថិភាព។

គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហានេះ លោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានចុះពិនិត្យនិង វាយតម្លៃលើផលប៉ះពាល់បណ្តាលមកពីទឹកជំនន់ទន្លេស្រែពក ក្នុងស្រុកលំផាត់ ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មេឃនៅតែបន្តធ្លាក់ភ្លៀងជាបន្តបន្ទាប់ ធ្វើឱ្យទឹកទន្លេស្រែពក និងទន្លេសេសានបានហក់ឡើង។ត្រឹមព្រឹកថ្ងៃ១១សីហានេះទន្លេសេសានបានស្រកចុះ ទៅរកស្ថានភាពដើមវិញ។ប៉ុន្តែទន្លេស្រែពកកំពុងបន្តឡើងក្នុងល្បឿនយឺត។ទឹកទន្លេស្រែពកមានកម្ពស់១២,០៨២ម៉ែត្រ កម្រិតប្រកាសអាសន្ន១២,៥០ម៉ែត្រ។

ក្នុងនោះបានបណ្តាលឱ្យជន់លិចនៅតាមទីតាំងទំនាប បង្កផលប៉ះពាល់ដល់ពលរដ្ឋ​ប្រមាណ១០៨គ្រួសារ ដំណាំកសិកម្ម ៧៣៥ហិកតា និងផ្លូវគមនាគមន៍ ២.៣៩០ម៉ែត្រ។ស្ថានភាពនេះអាជ្ញាធរកំពុងកៀរគរ និងអន្តរាគមន៍ជម្លៀសពលរដ្ឋមួយចំនួនដែល​ប៉ះពាល់ខ្លាំង ព្រមទាំងទ្រព្យសម្បត្តិ សត្វពាហនៈឡើងមកទីទួលមានសុវត្ថិភាពដែលបាន​រៀបចំដោយអាជ្ញាធរ៕

ដោយ៖សុខុម