សេដ្ឋកិច្ច

រដ្ឋមន្ត្រីកសិកម្ម៖កម្ពុជា​មិនទាន់​អាច​នាំ​ត្រី​ទៅ​ប្រកួតប្រជែង​ទីផ្សារ​ក្រៅប្រទេស​បាន​

​ស្ទឹងត្រែង ​៖ ​ប្រទេស​កម្ពុជា​រហូតមក​ដល់ពេលនេះ​គឺ​នៅ​មិនទាន់​អាចមាន​លទ្ធភាព​ផលិត​នា​ត្រី​ចេញទៅ​ក្រៅប្រទេស​បាន​នៅឡើយ។​បញ្ហា​​ផលិត​ត្រី​នៅ​កម្ពុជា​សម្រាប់​ការនាំចេញ​គឺមាន​កម្រិត។

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានលើកឡើង​ដូច្នេះ​នៅក្នុង​កម្មវិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​ផលិត​ពូជ​វា​រី​សត្វ​មេគង្គ​លើ​ក្នុង​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​១០ ​ខែសីហា ​ឆ្នាំ​២០២២​។​

លោក​រដ្ឋមន្ត្រី​កសិកម្ម​បានលើកឡើង​ទៀតថា​«​យើង​មិនអាច​ដឹក​ត្រី​ស្រស់​ទៅកាន់​ប្រទេស​ណាមួយ​នៃ​អន្តរជាតិ​បានទេ​។​ប្រទេស​ដែលជា​អន្តរជាតិ​គេ​មិនអាច​ទទួលយកបាន លើកលែងតែ​ករណី​ពិសេស​បំផុត​ប៉ុណ្ណោះ​។​បច្ចុប្បន្ន​ការធ្វើ​ចរាចរ​ត្រី​សាច់​នៅលើ​ពិភពលោក​គឺ​ត្រូវ​ការ​សាច់​សុទ្ធ​ពន្លះ​បង្កក​វេច​ខ្ចប់​ឱ្យ​បានល្អ​ត្រឹមត្រូវ​ប្រកបដោយ​គុណភាព​ខ្ពស់​ហើយ​ធ្វើការ​ដឹកជញ្ជូន​តាម​ទូ​ត្រជាក់​ដូចជា​ទូ​កុង​តឺ​ណឺ​បំពាក់​ដោយ​ស្វ័យប្រវត្តិ​នូវ​ម៉ាស៊ីនត្រជាក់​ដើម្បី​រក្សា​សាច់​ត្រី​ឱ្យ​វា​កក​តាម​ស្តង់ដារ​នាំចេញ​»​។​

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បានបញ្ជាក់​ថា​នេះ​គឺជា​បញ្ហា​ប្រឈម​ដែល​យើង​មិនទាន់​អាចធ្វើ​បាន​។​លោក​បាន​និយាយទៀតថា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ជំនួប​រវាង​សម្ដេច​តេ​ជោ​បាន​ធ្វើជា​គណៈអធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​បាន​និយា​យ​​ពី​ចំណុច​ដឹកជញ្ជូន​នេះ​ផងដែរ​។​

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​និយាយថា​យើង​ត្រូវមាន​ការទទួលយក​ឲ្យ​បាន​ដើម្បី​ធ្វើ​កំពង់ផែ​ទឹក​ជ្រៅ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​ដោយសារ​សព្វថ្ងៃ​យើង​អនុញ្ញាត​ឱ្យតែ​កប៉ាល់​តូចៗ​មក​ទទួលយក​ទំនិញ​ពី​កម្ពុជា​តែប៉ុណ្ណោះ​។​មិន​អាចមាន​កប៉ាល់​ណា​ដែលមាន​ចំណុះ​១.២០០០​តោន​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ដើម្បី​ដឹកទំនិញ​បានទេ​។​យើង​មិនអាច​ដឹកជញ្ជូន​ឆ្លងកាត់​មហាសាគរ​ធំធេង​បានទេ​។​សព្វថ្ងៃ​យើង​ត្រូវ​ដឹកជញ្ជូន​តាម​កប៉ាល់​តូចៗ​ទៅ​ប្រទេស​សាំង​ហ្គា​ពួ​ឬ​វៀតណាម​និង​ប្រទេស​ថៃ​ដើម្បី​ផ្ទេរ​ដាក់​កប៉ាល់​ធំ​។​ចំណុច​មួយទៀត​គឺ​ខ្វះ​ថវិកា​ក្នុងការ​ប្រកួតប្រជែង​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​បញ្ហា​ប្រឈម​សំខាន់បំផុត​ផង​នោះ​គឺ​តម្លៃ​ភ្លើង​ក្នុងការ​បង្កក​សាច់​ត្រី​ការដឹកជញ្ជូន​។​ហេតុដូច្នេះ​ហើយ​បានជា​យើង​ពង្រីក​ឲ្យ​វា​លើសពី១០០% គឺ​មិនអាច​ទៅរួច​ទេ​៕ដោយ៖សុខុម