ព័ត៌មានជាតិ

ផ្លូវជើងភ្នំហាន់ជ័យតំបន់រមណីយដ្ឋាន នឹងស្ថាបនារួចរាល់ក្នុងរង្វង់បុណ្យភ្ជុំបិណ្ឌ

កំពង់ចាម៖ ផ្លូវបេតុងស្ថាបនារបៀបជាស្ពានលើដីដែលមានទទឹងទំហំប្រាំបីម៉ែត្រ ចម្ងាយប្រវែងប្រមាណ ១៤០ ម៉ែត្រ ឆ្លងកាត់ជើងភ្នំហាន់ជ័យ ក្នុងតំបន់រមណីយដ្ឋាន ស្ថិតនៅទឹកដីស្រុកកំពង់សៀម នឹងសាងសង់ហើយរួចរាល់ក្នុងរង្វង់បុណ្យភ្ជុំបិណ្ឌប្រមាណ​ជាងមួយខែទៀតខាងមុខនេះ។

លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួន ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១១ សីហានេះថា៖ ស្ពានបេតុងនៅជើងភ្នំហាន់ជ័យ បច្ចុប្បន្នស្ថាបនាបានប្រមាណ ៨៥ ភាគរយហើយ គឺនឹងបិទបញ្ចប់ការសាងសង់ ក្នុងកំឡុងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

លោកប្រធានមន្ទីររូបនេះឱ្យដឹងថាៈ ក្នុងនោះការងារនៅសល់ចំនួន ១៥ ភាគរយទៀតមានដូចជា ការចាក់សាបលើកម្រាលស្ពាន កម្រាស់ ០,១៦ ម៉ែត្រចំនួនមួយប្រឡោះ បង្កាន់ដៃ និងការងារចាក់សាបនៅក្បាលស្ពានម្ខាងទៀត គឺនឹងហើយរួចរាល់ជាស្ថាពរ។

គួរបញ្ជាក់ថា ផ្លូវបេតុងសាងសង់ជាស្ពានខាងលើ ដែលបាន និងកំពុងស្ថាបនា​ដោយខាងក្រុមជាងរបស់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិនេះបាន​ចាប់ផ្តើមស្ថាបនានៅក្នុងអំឡុងចុងខែតុលា ឆ្នាំ២០២១ គឺតាមផែនការនឹងប្រើប្រាស់ពេល​វេលានៃការសាងសង់ រយៈពេលមួយឆ្នាំកន្លះស្មើនឹង ១៨ ខែ។ ប៉ុន្តែជាក់ស្តែងអាចនឹងហើយ​មុនផែនការ ដោយប្រើប្រាស់ពេលវេលាប្រមាណចំនួន ១០ ខែប៉ុណ្ណោះ ៕