ព័ត៌មានជាតិ

ទឹកទន្លេមេគង្គហូរចូលព្រែកនៅខេត្តកំពង់ចាម ចំនួន១៥កន្លែង

កំពង់ចាម៖ នៅថ្ងៃទី១១សីហានេះ ទឹកទន្លេមេគង្គបានហក់ឡើង ១,២៩ ម៉ែត្រ បានធ្វើឱ្យកម្ពស់ទឹកនៅស្ថានីយឧតុនិយមខេត្តកំពង់ចាមមានកម្ពស់ ១១,១៦ ម៉ែត្រ គឺបានបណ្តាលឱ្យហូរចូលព្រែកដែលជាដៃទន្លេមួយនេះចំនួន ១៥ កន្លែង។ នេះបើតាមការឱ្យដឹងពីលោក អ៊ុម វិបុល ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តនេះ។

លោកប្រធានមន្ទីរធនធាន និងឧតុនិយម ខេត្តកំពង់ចាមបានឱ្យដឹងទៀតថា៖ ក្នុងនោះទឹកទន្លេបានហូរលូនចូលព្រែកនៅស្រុកកងមាសចំនួនប្រាំមួយកន្លែង, ព្រែកនៅស្រុកស្ទឹងត្រង់ចំនួនប្រាំកន្លែង,ព្រែកនៅស្រុកកំពង់សៀមចំនួនពីរកន្លែង , ព្រែកនៅស្រុកកោះសូទិនចំនួន មួយកន្លែង និងព្រែកនៅស្រុកស្រីសន្ធរចំនួនមួយ​កន្លែងទៀត។

លោកប្រធានមន្ទីររូបនេះបានបន្តថា៖ បើយើងធ្វើការប្រៀបធៀបកម្ពស់ទឹកទន្លេមេគង្​គរយៈពេលដូចគ្នាឆ្នាំ២០២២ មានកម្ពស់ ១១,១៦ ម៉ែត្រ និងឆ្នាំ២០២១ ទឹកមានកម្ពស់ ៨,០០ ម៉ែត្រ៕

ដោយ៖ គង់ហេង