សេដ្ឋកិច្ច

ក្រសួងការបរទេស​ហូ​ឡង់​ផ្តល់​១៦០​លាន​អឺរ៉ូ ដល់​វិស័យ​ឯកជន​នៅ​កម្ពុជា​និង​ប្រទេស​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត ដែល​ធ្វើ​អាជីវកម្ម​ជួយ​ដល់​បរិស្ថាន​

​ភ្នំពេញ​៖​ការប្រែប្រួល​អាកាសធាតុ​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​មួយ​នាពេល​បច្ចុប្បន្ននេះ​។ ផលប៉ះពាល់​របស់​វា​កំពុង​ត្រូវ​បានទទួល​ដោយ​​មនុស្ស​និង​ធម្មជាតិ​នៅ​ទូទាំង​ពិភពលោក ដោយ​ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រូវបាន​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​។ មូលនិធិ​ហូ​ឡង់​សម្រាប់​​អាកាសធាតុ និង​ការអភិវឌ្ឍន៍ (DFCD) អនុញ្ញាតឱ្យ​មានការ​វិនិយោគ​ពី​វិស័យ ឯកជន​នៅក្នុង​គម្រោង​នានា​ក្នុង​គោលបំណង បន្ធូរបន្ថយ និង​បន្សំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​។

​ក្រសួងការបរទេស​ហូ​ឡង់ បាន​ផ្តល់ប្រាក់ ចំនួន១៦០​លាន​អឺរ៉ូ ដើម្បី​បង្កើន​ភាព​ធន់​នៃ​សហគមន៍ និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ងាយ​រង​គ្រោះ​​​បំផុត​ពី​ការប្រែប្រួល​អាកាសធាតុ​។ មូលនិធិ DFCO ត្រូវបាន​គ្រប់គ្រង​ដោយ សម្ព័ន្ធ​អ្នកត្រួសត្រាយ​នៃ​អ្នកគ្រប់គ្រង​មូលនិធិ​អាកាស​ធាតុ (CEM) មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ​ប្រចាំ​ប្រទេស​ហូ​ឡង់ (WWF-NL) និង​អង្គការ​អភិវឌ្ឍន៍​ហូ​ឡង់ (SNV) ដែល​មូលនិធិ​ដឹកនាំ​ដោយ​ធនាគារ​អភិវឌ្ឍន៍​សហគ្រិន​ហូ​ឡង់ (FMO) ។​

​សម្ព័ន្ធ​មូលនិធិ DFCD មាន​គោលបំណង​ធ្វើជា​គំរូ​ឈានមុខ​គេ​សម្រាប់​ភាពជា​ដៃគូ​ក្នុង​ស្ថាប័ន ដើម្បី​ទាក់ទាញ និង​ដាក់ពង្រាយ​មូលធន​សាធារណៈ​និង​ឯកជន​នៅក្នុង គម្រោង​ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អ និង​មាន​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​អាកាសធាតុ​។ សម្ព័ន្ធ​នេះ​ភ្ជាប់​អ្នក ជំនាញ​អភិវឌ្ឍន៍​គម្រោង​រយៈពេល​យូរអង្វែង​របស់​អង្ក​ការ SNV និង WWF-NL ទៅនឹង​ការបង្កើន​ដើមទុន និង​សមត្ថភាព​វិនិយោគ​របស់ FMO និង CFM ។ ការវិនិយោគ​នេះ​នឹង​អនុញ្ញាតឱ្យ​គម្រោង​បញ្ចប់​ការសិក្សា​ពី​គំនិត​ទៅ​ការអនុវត្ត ពេញលេញដោយ​ប្រើប្រាស់​ការ​ផ្តល់​ហិរញ្ញប្បទាន​ពេញលេញ​ក្នុង​វត្ត​អាជីវកម្ម​។ មូលនិធិ DFCD ផ្តល់​ហិរញ្ញប្បទាន​និង​ជំនួយ​បច្ចេកទេស​ដល់​គម្រោង​ដោយ​ផ្តោត​លើ​ការបន្សំាំនឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ប្រមូល​មូលនិធិ​ពី​វិស័យ​ឯកជន​ខាងក្រៅ​តាម​ទំហំ​នៃ​ការវិនិយោគ​អាជីវកម្ម​។

​ទាក់ទង​នឹង​គម្រោង​នេះ រដ្ឋ និង​វិស័យ​ឯកជន ជំ​រុញឱ្យ​អ្នកវិនិយោគ​នៅ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​កសិកម្ម ងាក​មក​ធ្វើ​អាជីវក​ម្មណា ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការពារបរិស្ថាន និង​ការ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ទទួលបាន​មូលនិធិ​ពី​ប្រទេស​ហូ​ឡង់ សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន ខណៈ​ប្រទេស​នេះ​គ្រោង​ផ្តល់​ថវិកា​ប្រមាណ១៦០​លាន​អឺរ៉ូ(​ប្រហែល​១៦៣​លាន​ដុល្លារ​)ទៅដល់​ក្រុមហ៊ុន​ឯក​ជន ដែល​ធ្វើ​អាជីវកម្ម​ជួយ​ដល់​បរិស្ថាន​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ព្រឹត្តិ​កាណ៍​ផ្គូផ្គង​របស់​គម្រោង DFCD នា​ថ្ងៃទី​១០ ខែសីហា​នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​នេះ លោក ទិន ពន្លក រដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែងថា ​៖ «គម្រោង​វិនិយោគ​លើ​វិស័យ​ថាមពល​កកើត​ឡើងវិញ គម្រោង​អភិរក្ស​ព្រៃឈើ គម្រោង​កសិ​ឧស្សា​​ហកម្ម​ដែលមាន​និរន្ត​ភាព គឺ​សុទ្ធតែជា​គម្រោង​ដែលមាន​សក្តានុពល​ខ្ពស់ ដែល​អាច​ដាក់សំណើ និង​ចូលរួម​អនុវត្ត​ក្នុង​គម្រោង​នេះ ដើម្បី​ចូល​ចំណែក​ជួយ​ដល់​សេដ្ឋកិច្ចសង្គមបង្កើត​ការងារ ការផ្ទេរ​បច្ចេកវិទ្យានិង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ដែលជា​មូល​ហេតុ​​នៃ​ការប្រែប្រួល​អាកាសធាតុ​។​

​លោក​បាន​បញ្ជាក់ថា «​ហូ​ឡង់​បានផ្តល់​ថវិកា ១៦០​លាន​អឺរ៉ូ​នេះ គឺ​កម្រិត​ពិភពលោក​ទេ ប៉ុន្តែ​អត់​កំណត់ថា ប្រទេស​ណា​បាន​ប៉ុន្មាន​ទេ បានន័យថា បើ​យើង​ធ្វើ​មុនគេយើង​បាន​មុនគេ​។អ៊ីចឹង​គម្រោង​នេះគឺជា​ការចូលរួម​រប​ស់​វិស័យ​ឯកជននៅក្នុង​ការដោះស្រាយ​ការ​ប្រែ​ប្រួល​​​អាការ​ធាតុ​។ ដោយឡែក​តួនាទី​របស់​ស្ថាប័នរដ្ឋ​ក៏ដូចជា​ក្រសួងបរិស្ថាន គាំទ្រ​ការអនុវត្ត​គម្រោង​នេះដើម្បី​ធ្វើ​មិច​ឱ្យ​គម្រោង​ដែល​ស្នើ​ឡើង អនុលោម​ទៅនឹង​អាទិភាព​របស់​រាជរដ្ឋាភិបាលពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​ផ្សេងៗ​។យើង​ត្រូវតែ​យល់ច្បាស់​ពី​លក្ខខណ្ឌ​របស់គេថា​តើ​​លក្ខ​ខណ្ឌ​ក្នុងការ​ទទួលបាន​ថវិកា​យ៉ាងម៉េច​ខ្លះត្រូវតែ​យល់​ឱ្យ​ច្បាស់និង​ធ្វើ​ទៅតាម​គោលការណ៍​ណែនាំ​របស់គេតែ​សំខាន់​​គម្រោង​​ត្រូវ​តែ​រួម​ចំណែក​អនុវត្ត​សកម្មភាព ដែល​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា និង​រួមចំណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ចសង្គម បង្កើត​ការងារ លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាជននិង​ការពារ​បរិស្ថាន គឺ​សុទ្ធតែជា​លក្ខណៈវិនិច្ឆ័យ​រួម​»​។​

​លោក តាន់ មុនី​វណ្ណ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថាប្រសិនបើ​វិស័យ​ឯកជន​អាច​ទទួលបាន​មូល​និធិ​នេះ​នឹង​ទទួលបាន​ផល​ទាំងអស់គ្នា ក៏ដូចជា​ពង្រឹង​នូវ​អាជីវកម្ម​របស់ខ្លួន និង​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​ថែមទៀត​ផង​ដែរ​​។​ទោះជា​យ៉ាងនេះ​ក្តី​លោក​ឡើង​ឡើង​ថា​លទ្ធភាព​របស់​វិស័យ​ឯកជន​នៅ​កម្ពុជា នៅក្នុង​ការទទួល​ថវិកា​ពី​បាន​គម្រោង​នេះ​អាច​នឹង​ពិបាក​។ ហេតុនេះ លោក​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន ដែល​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​វិស័យ​ផ្សេងទៀត​គួរ​រួមគ្នា និង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​រួមមាន ក្រសួងកសិកម្ម ក្រសួងបរិស្ថាននិង​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​ដើម្បី​ធ្វើ​គម្រោង​មួយ​ក្នុងការ​ទទួលបាន​មូល​និធិ​នេះ ព្រោះ​បើ​ក្រុមហ៊ុន​តែមួយ ដាក់​ស្នើ​គម្រោង​នេះ អាច​នឹង​ពិបាក​ទទួលបាន​។​

​ទោះជា​យ៉ាងនេះ​ក្តី​លោក​ឡើង​ឡើង​ថា លទ្ធភាព​របស់​វិស័យ​ឯកជន​នៅ​កម្ពុជា នៅក្នុង​ការទទួល​ថវិកា​ពី​បាន​គម្រោង​នេះ​អាច​នឹង​ពិបាក​។ ហេតុនេះ​លោក​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន ដែល​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​វិស័យ​ផ្សេងទៀត​គួរ​រួមគ្នា និង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​រួមមាន ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​គម្រោង​មួយ​ក្នុងការ​ទទួលបាន​មូលនិធិ​នេះ ព្រោះ​បើ​ក្រុមហ៊ុន​តែមួយ ដាក់​ស្នើ​គម្រោង​នេះ អាច​នឹង​ពិបាក​ទទួលបាន​។​

​ចំណែក​លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​ Tropicam Fruit and Vegetable បាន​ប្រាប់​Cambodia Flash News(CFN)​ថា​៖​គោលបំណង​ធំ​សំខាន់​ជាងគេ​នៃ​គម្រោង​នេះ​សំដៅ​ទៅលើ​ការវិនិយោគ​បៃតង​ដែល​គម្រោង​នេះ​ផ្ដោតទៅលើ​ធ្វើយ៉ាងណា​ឲ្យ​មាន​តម្លាភាព និង​និរន្តរភាព ធ្វើយ៉ាងណា​ដើម្បី​ជួយ​ទៅដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជួយ​ទៅដល់​បរិស្ថាន​និង​ធ្វើយ៉ាងណា​ឱ្យ​ឲ្យ​ការអភិវឌ្ឍន៍​ដំណើរ​ទៅមុខ​ដោយ​និរន្តរភាព​។​គម្រោង​នេះ​ទាមទារ​ការចូលរួម​ពី​វិស័យ​ឯកជន សាធារណៈ​និង​ដៃគូ​អភិ​ឌ្ឍ​។​

​លោក ស៊ុយ កុក​ធាន អនុប្រធាន​សមាគម​ស្វាយចន្ទី បាន​មានប្រសាសន៍ថា​៖​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក​កំពុង​យកចិត្ត​ទុក​ដាក់​​យ៉ាងខ្លាំង​។ សមាគមន៍​ស្វាយចន្ទី​បានធ្វើការ​ជាមួយ​ដែ​គូ ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទាំង​ឯកជន ទាំង​សហគមន៍​ជួយ​សម្របសម្រួល​ឱ្យ​វិស័យ​ឯកជន​អាច​ទទួលបាន​នូវ​មូលនិធិ​ពី​SNV​ដើម្បី​ធ្វើ​ការងារ​ទាំងឡាយ​ក្នុង​គោលបំណង​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​និង​ជួយ​​សម្រួល​ឱ្យ​វិស័យ​ឯកជន​ឲ្យ​ទទួលបាន​នូវ​មូលនិធិ​ទាក់ទង​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​និង​ជំរុញ​វិស័យ​កសិកម្ម​។​គម្រោង​នេះ​អាចជួយ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​យ៉ាងច្រើន​សំខាន់បំផុត​ទាក់ទង​នឹង​បម្រែបម្រួល​អាកាសធាតុ​។

​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ចូលក្នុង​សិក្ខាសាលា​នេះ បានឱ្យដឹងថា​គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្ពុជា ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ បង្កើន​ជីវភាព និង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ ដោយសារតែ គម្រោង​នេះ​មាន​គោលដៅ​ជួយ​ដល់​វិស័យ​កសិកម្ម​ដែល​ធន​ជាមួយនឹង​ការប្រែប្រួល​អាកាសធាតុ ដែល​ធ្វើឱ្យ​ពួកគេ​មានលទ្ធភាព​ទទួលបាន​ទុន ពង្រីក​ផលិតកម្ម​របស់ខ្លួន ដើម្បី​នាំចេញ​។

​លោក​បន្តថា ក្រសួងពាណិជ្ជកម្ម​ចូលរួម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការធ្វើ​ពាណិជ្ជករ ដែល​គាំទ្រ​ដល់​បរិស្ថាន និង​ការពារ​ការប្រែប្រួល​អាកាសធាតុ​ខណៈ​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម ដែល​គិតពី​បញ្ហា​បរិស្ថាន​នៅមាន​តិច​នៅឡើយ ៕​ដោយៈ​សិរីមតី​