សេដ្ឋកិច្ច

កម្ពុជា​កំពុង​សិក្សា​លទ្ធភាព​បង្កើត​ក្រុមហ៊ុន​ជាតិ​មួយ គ្រប់គ្រង​លើ​ការ​បូម​ប្រេង​នៅ​ប្លុក A

​ភ្នំពេញ​៖ កម្ពុជា​កំពុង​សិក្សា​លទ្ធភាព​បង្កើត​ក្រុមហ៊ុន​ជាតិ​មួយ ដើម្បី​គ្រប់គ្រង​លើ​ការ​បូម​ប្រេង​នៅប្លុក A ខណៈ​រដ្ឋាភិបាល​គ្រោង​បន្ត ដំណើរ​ការ​បូម​ប្រេង​ពី​ប្លុក A ឡើងវិញ ក្នុងពេល​ឆាប់ៗ​នេះ​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​សមិទ្ធផល​សម្រេចបាន​រយៈពេល​៥​ឆ្នាំ របស់​ក្រសួង​រ៉ែ និង​ថាមពល​» នាពេល​ថ្មីៗ​នេះ​លោក ម៉េង ស័​ក្ត​ធារ៉ា រដ្ឋលេខាធិការ ក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថា ការបង្កើត​ក្រុមហ៊ុន​ជាតិ​លើ​ការគ្រប់គ្រង​ការ​បូម​ប្រេង​នេះ​គឺ​រដ្ឋាភិបាល​មិន​ចង់​ពឹង​ផ្អែកលើ​ការវិនិយោគ​របស់​ក្រុមហ៊ុន​អន្តរជាតិ​ទាំងស្រុង​ទៀតឡើយដោយ​បច្ចុប្បន្ននេះក្រសួង​រ៉ែនិង​ថាមពលកំពុង​ពិភាក្សាជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​រៀបចំ​សមាសភាព​ទទួលខុសត្រូវ​កិច្ចការ​នេះ​។​

​គម្រោង​បង្កើត​ក្រុមហ៊ុន​ជាតិ​គ្រប់គ្រង លើ​ការ​បូម​ប្រេង​នេះ ធ្វើឡើង​បន្ទាប់ពី​វិស័យ​បូម​ប្រេងនៅ​កម្ពុជា​ជួប​បញ្ហា​ស្មុគស្មាញ ក្រោយ​ការវិនិ យោគ​របស់​ក្រុមហ៊ុន KrisEnergy បាន​ក្ស័យធន និង​បានបញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​នេះ​។​

លោក​បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួង​រ៉ែ និង​ថាមពល កំពុង​សិក្សា​ជាមួយក្រុមហ៊ុន EnerCam Resources Corp (Cambodia) របស់​ប្រទេស​កាណាដាដើម្បី​ចាប់ផ្តើម​ដំណើរការ​មូ​ប​ឡើងវិញ ដោយ​ប្រើ​ឧបករណ៍​ដែលមាន​ស្រាប់ ដែល​បាន​បង្កក​ពី​ក្រុមហ៊ុន KrisEnergy​។​

​លោកម៉េង ស័​ក្ត​ធារ៉ា បាន​គូសបញ្ជាក់​បន្ថែមថាប្លុក A មាន​សក្តានុពល​ធំ​ណាស់ដោយសារតែ​ធនធាន​ប្រេង​នៅ​តំបន់​នេះត្រូវបាន​បញ្ជាក់​​រួចហើយ​ថា មាន​លក្ខណៈ​ពាណិជ្ជកម្ម និង​បាន​ចំណាយ​ទុនវិនិយោគ​អស់​ប្រមាណ​២០០​លាន​ដុល្លារ និង​ពេលវេលា​សិក្សា​អស់​ជាច្រើន​ឆ្នាំ​។ ប្រសិនបើ​ក្រុមហ៊ុន​ថ្មី មក​វិនិយោគ​លើ​ការ​បូម​ប្រេង​បន្ត នឹងមិន​ចំណាយ​២០០​លាន​ដុល្លារ សម្រាប់​វិនិយោគ​ទៀត​នោះទេ ដោយ​ធ្វើ​ការ​ចាប់ផ្តើម​ផលិតកម្ម​តែម្តង​។​

​លោក​បានឱ្យដឹង​បន្ថែមថា បន្ទាប់ពី​ក្រុមហ៊ុន KrisEnergy របស់​សិង្ហ​បុរី បានប្រកាស​ក្ស័យធន កម្ពុជា​បាន​បង្កក​សម្ភារៈ​មួយចំនួន​របស់​ក្រុមហ៊ុន​នេះ មានដូចជា​កប៉ាល់​ផលិតកម្ម​ប្រេង ដែលមាន​តម្លៃ​១៤​លាន​ដុល្លារ រួម​នឹង​គ្រឿង​ម៉ាស៊ីន​ផ្សេងៗ​មួយចំនួនទៀត​។​​ប្រសិន​បើ​ចរចា​គ្នា​ត្រូវ​ជុំវិញ​ការ​លួច​ដឹក​ប្រេង​របស់​កប៉ាល់ MT Strovolos កម្ពុជា​នឹង​រឹបអូស​យក​សម្ភា​រៈទាំង​នោះមក​តែម្តង ដើម្បី បន្តដំណើរ​ការ​ផលិត​កម្ម​ប្លុក A​។​

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​បាន​ថ្លែងថា កម្ពុ​ជាមាន​តំបន់​សម្រាប់​រុករក​ស្រាវជ្រាវ​ធនធាន​ប្រេង នៅលើ​ដែន​គោក​ចំនួន ១៩​ប្លុក ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនទាន់​រកឃើញថា មាន​ធនធាន​ប្រេងកាត​លក្ខណៈ​ពាណិជ្ជកម្ម នៅ​តំបន់​ណាមួយ​នៅ​ឡើយ​ទេ​។ដោយឡែក​នៅ​ដែនសមុទ្រ​មាន​ចំនួន៦​ប្លុកសម្រាប់​សិក្សា​ស្រាវជ្រាវក្នុងចំណោម​ប្លុក​ទាំងនោះមានតែ​ប្លុកAមួយ​ប៉ុណ្ណោះ ​ដែល​​បញ្ជាក់ថា​មាន​ប្រេង​លក្ខណៈ​ពាណិជ្ជកម្ម និង​បាន​ផលិត​ដំបូង​នៅ​ចុងឆ្នាំ​២០២០ ក្រៅពីនោះ​មិនទាន់​មានការ​បញ្ជាក់ថា ជា​ប្លុក​មាន​ប្រេង​កាត​នោះទេ​។​

​លោក​បន្តថា ក្រៅពី​ប្លុក A មាន​ប្លុក D មួយទៀត ត្រូវបាន​រដ្ឋាភិបាល​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​សិក្សា​ស្រាវជ្រាវ​។ចំណែក​ប្លុក​ផ្សេងទៀត ដូច​ជា B C E និង F មិនទាន់មាន​ការសិក្សា​ស្រាវជ្រាវ​នៅឡើយ ខណៈ​ក្រសួង​កំពុងធ្វើការ​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​នានា ដើម្បី​សិក្សា​ស្រាវជ្រាវ​រក​ប្រេងកាត នៅក្នុង​ប្លុក​ទាំងនេះ​៕​ដោយៈសិរីមតី