សេដ្ឋកិច្ច

អគ្គនាយកដ្ឋាន​ពន្ធដា​រ ទទួលបាន​ការបន្ត​សុពលភាព​វិញ្ញាបនបត្រ​ស្តង់ដារ ISO លើ «​ប្រព័ន្ធគ្រប់គ្រង​សន្តិសុខ​ព័ត៌មានវិទ្យា​» ពី​ចក្រភព​អង់គ្លេស​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រនៅ​ថ្ងៃទី​៨ខែសីហាឆ្នាំ​២០២២បានទទួល​ការបន្ត​សុពលភាព​វិញ្ញាបនបត្រ​បញ្ជាក់​អំពី«​ការទទួល ស្គាល់ ​បន្តក​ម្រិ​ត ISO លើ​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​បច្ចេកវិទ្យា​ព័ត៌មាន​» ពី​ស្ថាប័ន​វាយតម្លៃ​ស្តង់ដារ​សហគ្រាស (BSI) ប្រចាំ​ចក្រភព​អង់គ្លេស​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​កាលពី​ថ្ងៃ​ទី​៩​ខែសីហា​។​

​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បាន​ពិនិត្យ និង​វាយតម្លៃ​លើ​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​បច្ចេកវិទ្យា​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ជាប់​ជាប្រចាំ ដោយមាន​វិសាលភាព​គ្របដណ្ដប់​ទាំង លើ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ Data Center និង​ហេដ្ឋារចនាសម្ព័ន្ធ​រួមផ្សំ​នានា ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​បាននិងកំពុង​អភិវឌ្ឍ ព្រមទាំង​ប្រើប្រាស់​ក្នុងការ​បំពេញការងារ​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ​នាពេល​បច្ចុប្បន្ន​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ ទទួលបាន​វិញ្ញាបនបត្រ​ជា​ផ្លូវការ​លើ​ស្តង់ដារ ISO/IEC 27001:2013 ស្តីពី​ប្រព័ន្ធគ្រប់គ្រង​សន្តិសុខ​ព័ត៌មានវិទ្យា លើកដំបូង នា​ឆ្នាំ​២០១៦ ដែលមាន​សុពលភាព​រយៈពេល​៣​ឆ្នាំ ដោយ​តម្រូវឱ្យមាន​ការធ្វើ​សវនកម្ម តាមដាន​លើ​ការអនុវត្ត​ការងារ​ស្តង់ដារ​ជាប្រចាំ​ឆ្នាំ​។​ជា​លទ្ធផល​បន្តបន្ទាប់ អគ្គនាយកដ្ឋាន​ពន្ធដា​រ បន្ត​អនុលោមភាព​ដោយ​ទទួលបាន​វិញ្ញាបនបត្រ​លើ​ស្តង់ដារ​ជា លើក​ទី​២ នា​ឆ្នាំ​២០១៩​។ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏​បន្ត​ទទួលបាន​វិញ្ញាបនបត្រ ស្តីពី​ប្រព័ន្ធគ្រប់គ្រង​សន្តិសុខ​ព័ត៌មានវិទ្យា​ជា លើក​ទី​៣ សម្រាប់​សុពលភាព​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៥ ពី​ស្ថាប័ន​វាយតម្លៃ​ស្តង់ដារ​សហគ្រាស (BSI) ប្រចាំ​ចក្រភព​អង់គ្លេស​៕ដោយៈសិរីមតី