ព័ត៌មានជាតិ

មេដឹកនាំអាស៊ានប្តេជ្ញាចិត្តរួមគ្នា លើកកម្ពស់ការអភិរក្សជីវចម្រុះនៅក្នុងតំបន់

សៀមរាប៖ ប្រមុខការទូតអាស៊ាន បានឱ្យដឹងថា គេកំពុងទន្ទឹងរង់ចាំការអនុម័តក្របខ័ណ្ឌ     ជីវៈចម្រុះពិភពលោកក្រោយឆ្នាំ ២០២០ នៅក្នុងសន្និសីទលើកទី១៥ នៃភាគីអនុសញ្ញាស្តីពីភាពចម្រុះជីវសាស្រ្តនៅខែធ្នូ ឆ្នាំ២០២២ខាងមុខ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ប្រមុខការទូតអាស៊ាន ក៏បានទទួលស្គាល់ពីសារសំខាន់ នៃការលើកកម្ពស់ដំណោះស្រាយ ផ្អែកលើធម្មជាតិ ដើម្បីកាត់បន្ថយផលវិបាកដ៏អាក្រក់លើ ជីវៈចម្រុះ។ជាមួយគ្នានេះ អាស៊ាន បានសន្យាថានឹងខិតខំប្រឹងប្រែងស្តារឡើងវិញ ចំពោះការបាត់បង់ និងការរេចរឹលប្រព័ន្ធអេកូឡូស៊ី នៅក្រោយពេលដែលជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ ជាពិសេសបន្តគាំទ្រការងាររបស់មជ្ឈមណ្ឌលអាស៊ាន សម្រាប់ជីវៈចម្រុះ (ACB) ក្នុងការជួយដល់រដ្ឋសមាជិកអាស៊ាន ក្នុងការបញ្ជ្រាបការអភិរក្សជីវៈចម្រុះទៅក្នុង វិស័យអភិវឌ្ឍន៍ផ្សេងៗ ការលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិ ដើម្បីបង្កើន ភាពធន់ របស់តំបន់ប្រឆាំងនឹងជំងឺសត្វ ការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការសម្របសម្រួលរបស់អាស៊ាន ក្នុងការរួមចំណែកដល់ក្របខ័ណ្ឌជីវៈចម្រុះ ពិភពលោកក្រោយឆ្នាំ ២០២០។

មេដឹកនាំអាស៊ាន បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្ត នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី០៣សីហា ឆ្នាំ២០២២ ជុំវិញការ លើកកម្ពស់ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការចែករំលែក ដោយយុត្តិធម៌ សមធម៌នៃអត្ថប្រយោជន៍ ដែលកើតចេញពីការប្រើប្រាស់ធនធាន ហ្សេណេទិក។

ប្រទេសកម្ពុជា ជាសមាជិករបស់អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះដែរនោះ គឺរាជរដ្ឋាភិបាល ក៏បានប្ដេជ្ញាចិត្ត ក្នុងការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ចូលរួមចំណែកគ្រប់គ្រង និងអភិរក្សធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ជាពិសេស គឺកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក ដើម្បីអនុវត្តន៍ អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។

គោលដៅជីវៈចម្រុះ ជាតិរបស់កម្ពុជា បានបង្កើតឡើង ស្របតាមយុទ្ធសាស្រ្តចតុកោណ យុទ្ធសាស្រ្តនិងផែនការយុទ្ធសាស្រ្តបរិស្ថានជាតិឆ្នាំ២០១៦-២០២៣ និងផែនការយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិឆ្នាំ២០១៧-២០៣១។

កិច្ចការស្នូលរបស់ក្រសួងបរិស្ថាន គឺអភិរក្សជីវចម្រុះប្រកបដោយចីរភាព ដែលរហូតមក ទល់ពេលនេះ កម្ពុជាមានទីតាំងអភិរក្សជីវៈចម្រុះ ជាតំបន់ការពារធម្មជាតិ និងរបៀង អភិរក្សជីវៈចម្រុះចំនួន៧៦ទីតាំង ស្មើនឹង ៤១%នៃផ្ទៃដីប្រទេស ព្រមទាំងបានខិតខំ ចុះបញ្ជីដីធ្លី និងការបោះបង្គោលព្រំតំបន់ទាំងនោះ។ កន្លងមក គឺបង្កើតបានមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក៏ជាចំណែកមួយនៃការស្តារសេដ្ឋកិច្ច មូលដ្ឋានក៏ដូចជា ចូលរួមអភិរក្សជីវចម្រុះផងដែរ ដូចជាផ្កាអ័រគីដេ និងកេសរកូលព្រៃ ជាដើម៕