សេដ្ឋកិច្ច

ភ្នំពេញ៖ ផ្លែស្វាយកែវរមៀត មកដល់ពេលនេះគឺមានតម្លៃហក់ឡើងខ្ពស់ ជាក់ស្តែងគឺគ្រាន់តែស្វាយសម្រាប់ទិញយកកែច្នៃនៅតាមរោងចក្រ ក្នុងមួយគីឡូក្រាមតម្លៃ១៥០០រៀល និងស្វាយសម្រាប់វេចខ្ចប់តម្លៃ៣៧០០រៀល។

ការឡើងថ្លៃខ្ពស់នេះគឺនៅចំពេលដែល កសិករមួយចំនួនបាននាំគ្នាកាប់ដើមស្វាយកែវរមៀតចោលនិងមួយចំនួនទៀតបានបោះបង់ការថែទាំដោយសារតែរយ:ពេល៣ឆ្នាំកន្លងមកនេះ បានជួបវិបត្តិជាសកលគឺកូវីដ-១៩, បញ្ហាអាកាសធាតុ និងវិបត្តិអ៊ុយក្រែន មិនអាចនាំចេញបានធ្វើឲ្យកសិករខាតបង់យ៉ាងធ្ងន់ធ្ងរមិនអាចនឹងអត់ធ្មត់បានតទៅទៀត។ ជាមួយនោះកន្លងមកគេក៏ឃើញក្រសួងកសិកម្មបានខិតខំជួយយ៉ាងសស្រាក់សស្រាំដែរដល់កសិករបើទោះជាជួបការលំបាក់ក្នុងការនាំចេញយ៉ាងណាក៏ដោយ។

លោកអូន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាហៅកាត់ថា៖ (សសក)បានជំរុញនិងលើកទឹកចិត្តដល់ប្រជាកសិករឲ្យខំអត់ធ្មត់ព្រោះខ្សែកោងសេដ្ឋកិច្ចគឺវាមានឡើងមានចុះ។ដូច្នេះ ត្រូវដាំនិងបន្តថែទាំស្វាយកែវរមៀតដែលមានស្រាប់ ព្រោះស្វាយកែវរមៀតមានទីផ្សារល្អឡើងវិញហើយនៅពេលបច្ចុប្បន្ននិងពេលខាងមុខ។ម្យ៉ាងវិញទៀតដោយសារចិនបើកប្រទេសនិងគោលនយោបាយកូវីដសូន្យរបស់ចិន។

លោកប្រធានសមាគមបានឲ្យដឹងថា៖ ក្រោមការសម្របសម្រួលពី(សសក) មានក្រុមហ៊ុនចិនពីរដែលមានរោងចក្រនៅខេត្តកំពង់ស្ពឺគឺ Zhongbao Food Science & Tecnologies Co., Ltd និងក្រុមហ៊ុនចិនដ៏ធំមួយទៀតបានមកសិក្សាលើការបើករោងចក្រនៅខេត្តកំពង់ធំគឺ Yanjinpuzi Co., Ltd ដើម្បីរៀបចំទិញស្វាយពីកសិករនារដូវកាលថ្មី។ដោយឡែក (សសក) បានសម្របសម្រួលដោយឥតគិតថ្លៃឱ្យក្រុមហ៊ុនកម្ពុជាមួយគឺ Misota Food Co., Ltd នៅខេត្តបាត់ដំបង និងក្រុមហ៊ុនពីរនាំចេញទៅវៀតណាមគឺ ក្រុមហ៊ុន ខេ ឌី គ្រួសារសុខសាន្ត និងថៃ ។

Mango in beautiful female hands on a green background. BANNER, long format

សំខាន់ជាងនេះ បើស្វាយកែវរមៀតលក់ឲ្យរោងចក្រមានតម្លៃដល់ទៅ១៥០០រៀលនាពេលបច្ចុប្បន្ន ហើយនោះគឺល្អជាងដំឡូងមីឆ្ងាយណាស់។ ដ្បិតស្វាយមួយហិកតាទិន្នផលអាចទទួលបានក្នុងចន្លោះពី ២០តោនទៅ៤០តោន។ ចំណែកដំឡូងមីទិន្នផលប្រហាក់ប្រហែលស្វាយដែរ ប៉ុន្តែតម្លៃត្រឹមតែ៥០០រៀលប៉ុណ្ណោះ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជាក៏បានឲ្យដឹងដែរថា៖ កន្លងមកសមាគមតែងបានជួយដល់ប្រជាកសិករជាពិសេសអ្នកដាំស្វាយកែវរមៀតដោយឥតគិតពីប្រាក់កម្រៃ ជាក់ស្តែងមកទល់ពេលនេះ សមាគម យើងបានប្រមូលផ្តុំចងក្រងកសិករស្វាយកែវរមៀតបានចំនួន២.៤៩២ហិកតា ដែលស្មើនឹង ៦០១.៥៥០ដើម។ដ្បិតអីឈ្មួញគេមិនចង់ដើរប្រមូលទិញពីអ្នកដាំម្នាក់ៗនោះទេគឺទាល់តែយើងមានការចងក្រងគ្នាងាយស្រួលក្នុងការលក់ផលិតផលរបស់យើង៕