សេដ្ឋកិច្ច

ចុង​សប្ដាហ៍​ទី​១​ខែសីហា ចំនួន​ភ្ញៀវទេសចរ​កើនឡើង​ជាង​១១​ភាគរយ​

ភ្នំពេញ​៖ ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រចាំ​សប្តាហ៍ ថ្ងៃទី​៦-៧ ខែសីហា ឆ្នាំ​២០២២ មានចំនួនសរុប​២៤៦,១៩៥​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២២៤,៩៩៣​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​២១,២០២​នាក់​។​តួលេខ​នេះ មានការ​កើនឡើង​ប្រមាណ​១១.៤៣% ធៀប​នឹង​សប្តាហ៍​កន្លងមក​។​

​ប្រភព​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​៖​សប្តាហ៍​កន្លងមក​គឺជា​សប្តាហ៍​ដ៏​មមាញឹក​មួយ​ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​ជោគជ័យ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន អាស៊ាន​បូក និង​ដៃគូ​អាស៊ាន​។ នាឱកាស​នោះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​មួយចំនួន និង​ភរិយា​រដ្ឋមន្ត្រីការបរទេស​អា​សាន អាស៊ាន​បូក និង​ដៃគូ​បាន​ឆ្លៀតឱកាស​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​មួយចំនួន ពិសេស​តំបន់​សៀមរាប​-​អង្គរ​។​

​ទន្ទឹមនឹងនេះ នា​សប្តាហ៍​កន្លងមក នៅ​ខេត្តសៀមរាប​មានការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​សំខាន់ៗ​មួយចំនួន ដែល​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ រួមមាន ទី​១. ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្ដរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៧ នៅមុខ​ប្រាសាទអង្គរវត្ត កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ ដែលមាន​អ្នកចូលរួម​ប្រមាណ​២,១០០​នាក់ ក្នុងនោះ​មាន​បរទេស​មកពី​ក្រៅ​ស្រុក​ជិត​១០០​នាក់ និង​បរទេស​ក្នុងស្រុក​ប្រមាណ​៣០០​នាក់​។ ទី​២. ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ទាត់​វ័យ​ចំណាស់​មេគង្គ (​កម្ពុជា ថៃ ឡាវ និង​វៀតណាម​) រយៈពេល​៤​ថ្ងៃ និង​ទី​៣. ការប្រកួត​វាយ​កូន​ហ្គោល Angkor Four Ball Championship រៀបចំឡើង​ដោយ Angkor Resort Golf Club​។​

​សម្រាប់​ចុង​សប្តាហ៍​នេះ គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖​ខេត្តសៀមរាប​ទទួលបាន​ទេសចរ ៣៩,៩៧៩​នាក់​,​ខេត្ត​ព្រះសីហនុ ៣៣,​៨​៣៧​នាក់​,​កំពត ៣៣,៤៦១​នាក់​,​កែប ២០,០៥៧​នាក់​,​បាត់ដំបង ១៩,៦៨៨​នាក់​,​រាជធានី​ភ្នំពេញ ១៨,៧៣៤​នាក់​,​កំពង់ស្ពឺ ១២,១៩៩​នាក់​,​ពោធិ៍សាត់ ១១,៩៩៩​នាក់​​និង ខេត្តកណ្តាល ១១,០៨៥​នាក់​៕ដោយ៖ផាវី