សេដ្ឋកិច្ច

ការវាយតម្លៃ​ពាក់កណ្តាល​ឆ្នាំ​២០២២៖ សេដ្ឋកិច្ចកម្ពុជា​នឹង​កើន​៥,៤%

​ភ្នំពេញ​៖​ឯកឧត្តម មាស សុខ​សេន​សាន អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា​៖ ផ្អែក​តាម​ការវាយតម្លៃ​ពាក់កណ្តាល​ឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ប៉ាន់​ស្មានថា​នឹងមាន​កំណើន ៥,៤% គឺ​ខ្ពស់ជាង​ការ​ព្យាករ​ក្នុង​អត្រា ៤,៨%​នៅពេល​រៀបចំ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២ ក៏ប៉ុន្តែ ទាប​ជាង​ការ​ព្យាករ​កាលពីដើមឆ្នាំ​ដែល​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​កំណើន​ក្នុង​អត្រា ៥,៦%​។

​នៅក្នុង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី “​សមិទ្ធផល​សម្រេចបាន រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៧-​ឆ្នាំ​២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​” ឯកឧត្តម មាស សុខ​សេន​សាន បាន​មានប្រសាសន៍ថា ដោយសារ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ មិនទាន់​ប្រសើរឡើង​ទាំង​ស្រុង ហើយ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ក៏​កំពុង​បង្កើតឡើង​នូវ​ផលប៉ះពាល់​បន្តបន្ទាប់ ជាពិសេស​គឺ​បញ្ហា​អតិផរណា​លើ​ថ្លៃ​ប្រេង ស្បៀង និង​ម្ហូបអាហារ បានធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាស​ម្រា​ប់​ពាក់កណ្ដាល​ឆ្នាំ​២០២២​នេះ នៅតែ​ទាប​ជាង​ការ​ព្យាករ​កាលពីដើមឆ្នាំ​ដែល​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​កំណើន​ក្នុង​អត្រា ៥,៦%​។​

​ឯកឧត្តម​បន្តថា ទោះជា​យ៉ាងណា ផ្អែក​តាម​ការវាយតម្លៃ​ពាក់កណ្តាល​ឆ្នាំ២០២២សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ប៉ាន់​ស្មានថា​នឹងមាន​កំណើន ​៥,៤% គឺ​ខ្ពស់ជាង​ការ​ព្យាករ​ក្នុង​អត្រា ៤,៨ % នៅពេល​រៀបចំ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២​៕ដោយៈសិរីមតី